អានតួអត្ថបទ
កម្ពុជា

ឆ្នាំ​២០១៧៖ ស្ត្រី​ខ្មែរ​ជិត​២​ម៉ឺន​នាក់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ខណៈ​របាយការណ៍​ថា​ ស្រ្តី​ទទួល​បាន​ចំណូល​តិច​ជាង​បុរស

ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ មាន​ស្រ្តី​ខ្មែរ​សរុប​ជិត​២​ម៉ឺន​នាក់ បាន​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​ក្នុង​ចំណោម​ពលករ​សរុប​ជាង​៥​ម៉ឺន​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី។ ទន្ទឹម​គ្នា​នេះ ស្ត្រី​ខ្មែរ​នៅ​តែ​ប្រឈម​នឹង​ការ​រើស​អើង អំពើ​ហិង្សា និង​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន។

លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី
លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧ ដែល​លើក​ឡើង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​កម្ពុជា លោក​ស្រី អ៊ឹង គន្ថាផាវី បាន​កត់​សំគាល់​ថា មាន​ស្រ្តី​ខ្មែរ​សរុប​ជិត​២​ម៉ឺន​នាក់ បាន​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស ក្នុង​ចំណោម​ពលករ​សរុប​ជាង​៥​ម៉ឺន​នាក់។ ដោយ​ក្នុង​នោះ ១៨,០៩៧​នាក់ បាន​ទៅ​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ ជប៉ុន និង​សិង្ហបុរី និង​១,៦៣១​នាក់ ក្នុង​ចំណោម​ពលករ-ពលការិនី​សរុប​៥,៩៦៧​នាក់​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី​រដ្ឋមន្រ្តី នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨ របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដោយ​មាន​ការ​ចូល​រួម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង នៅ​ព្រឹក ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០១៨​នេះ។

ក្រៅ​ពី​នេះ លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​ឲ្យ​ដឹង​ដែរ​ថា ចំនួន​ស្ត្រី ជា​មន្ត្រី​រាជការ​ស៊ីវិល​មាន​រហូត​ដល់​ទៅ​៤១​ភាគ​រយ នៃ​ចំនួន​មន្ត្រី​រាជការ​សរុប​ជាង​២១​ម៉ឺន​នាក់ (២១៤,០១០​នាក់)។ ចំនួន​នេះ បាន​កើន​ឡើង​ប្រមាណ​១​​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​ស្រី​រដ្ឋមន្រ្តី បាន​លើក​ឡើង​ថា ស្រ្តី​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ការ​រើស​អើង រង​នូវ​អំពើ​ហិង្សា និង​​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន ដែល​បញ្ហា​នេះ បាន​បង្ក​ហានិភ័យ​ក្នុង​ភាព​ងាយ​រង​គ្រោះ​របស់​ស្ត្រី និង​អាច​រារាំង​ដល់​ការ​រីក​ចម្រើន នៃ​ស្ថានភាព​ស្ត្រី​ក្នុង​សង្គម​ដែល​កំពុង​វិវត្ត​យ៉ាង​លឿន ដើម្បី​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ។ ហើយ​ក្នុង​នោះ​បើ​តាម​លោក​ស្រី នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ មាន​ពលការិនី​កម្ពុជា សរុប​៥៦២​នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ និង​បញ្ជូន​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

សូម​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​កម្ពុជា គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា និង​ពិភព​លោក​ត្រៀម​ប្រារព្ធ​ទិវា​សិទ្ធ​នារី​អន្តរជាតិ ៨ មីនា​ខាង​មុខ​នេះ។ នៅ​ក្នុង​របាយការណ៍​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​សិទ្ធិ​ស្រ្តី នៅ​ថ្ងៃ​ទី ១២ កុម្ភៈ បាន​លើក​ឡើង​ថា ស្រ្តី​នៅ​លើ​ពិភព​លោក​នៅ​តែ​ទទួល​ចំណូល​មិន​ស្មើ​បុរស​នោះ​ទេ បើ​ទោះ​បី​ជា​ការងារ​ដូច​គ្នា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ