ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/09 12h00 GMT
កម្ពុជា

​របាយការណ៍​៖ ​ក្រុម​ស្ត្រី LBT ​ភាគ​ច្រើន​ទទួល​រង​អំពើ​ហិង្សា​ពី​គ្រួសារ​តាំង​ពី​នៅ​វ័យ​ក្មេង​

media  
ទង់តំណាងអ្នកស្រលាញ់ភេទដូចគ្នា (រូបភាពតំណាង) @Internet

សហគមន៍​ឥន្ទធនូ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បាន​បង្ហាញ​របាយការណ៍​មួយ ដែល​ស្ដី​ពី​ស្ថាន​ភាព​របស់​ក្រុម​ស្ត្រី LBT ដែល​មាន​ដូច​ជា​ស្ត្រី​ស្រលាញ់​ស្ត្រី ស្ត្រី​ស្រលាញ់​ភេទ​ទាំង​ពីរ និង​ស្ត្រី​ប្ដូរ​យេន​ឌ័រ​ជា​បុរស​។ របាយ​ការណ៍​ដែល​ជា​ការ​ស្រាវ​ជ្រាវ​ពី​ខែកុម្ភះ រហូត​ដល់​ខែមេសា ឆ្នាំ២០១៩ បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ស្ត្រី​ទាំង​នោះ​ភាគ​ច្រើន​ទទួល​រង​អំពើ​ហិង្សា​ពី​គ្រួសារ​។ 

តាម​រយៈ​របាយការណ៍​នៃ​ការ​ស្រាវ​ជ្រាវ​របស់​សហគមន៍​ឥន្ទធនូ​កម្ពុជា ដែល​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​ក្រុម​ស្ត្រី LBT ចំនួន​៦១​នាក់ មក​ពី​ខេត្ត​ចំនួន​៨នៃ​ប្រទេស​កម្ពុជា បង្ហាញ​ថា មាន​ក្នុង​ក្រុម​ស្ត្រី LBT នេះ ចំនួន​៣១​នាក់ ដែល​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ បាន​ទទួល​រង​អំពើ​ហិង្សា​ពី​គ្រួសារ​តាំង​ពី​នៅ​វ័យ​ក្មេង​ម្ល៉េះ​។

អំពើ​ហិង្សា​ទាំង​នោះ​ត្រូវ​បាន​របាយ​ការណ៍​សម្គាល់​ថា​ មាន​ច្រើន​បែប​ច្រើន​ទម្រង់​។

ក្នុង​ការ​ស្រាវ​ជ្រាវ សហគមន៍​បាន​លើក​ឡើង​ថា ក្រុម​ស្ត្រី LBT អាយុ​ក្រោម​៣៥ឆ្នាំ​នោះ មាន​ចំនួន​៨១% ជួប​ប្រទះ​អំពើ​ហិង្សា​តាម​រយៈ​ផ្លូវ​ចិត្ត ហើយ​មាន​១០% ទទួល​រង​នូវ​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ចំនួន​៣៥%​ទៀត គឺ​ជា​ក្រុម​ដែល​ធ្លាប់​គិត​ចង់​សម្លាប់​ខ្លួន ឬ​ក៏​ធ្លាប់​សម្លាប់​ខ្លួន​ហើយ​តែ​មិន​បាន​សម្រេច​។

របាយការណ៍​ដដែល​បាន​រៀប​រាប់​ពី​ស្ថាន​ភាព​ហិង្សា​នីមួយៗ​បន្ថែម​ទៀត​ថា ក្រុម​ស្ត្រី​ដែល​ទទួល​រង​អំពើ​ហិង្សា​លើ​ផ្លូវ​ចិត្ត​នោះ​ក៏​ព្រោះ​តែ នៅ​ក្នុង​ស្ថាន​ភាព​គ្រួសារ ស្ត្រី​ទាំង​នោះ​រមែង​ទទួល​បាន​ការ​រើស​អើង និង​មិន​ទទួល​បាន​ការ​រាប់​រក​ពី​សមាជិក​គ្រួសារ​ទេ នេះ​គឺ​កើត​ឡើង​នៅ​ពេល​ដែល​ពួក​គាត់​បង្ហាញ​ពី​អត្ត​សញ្ញាណ​យេនឌ័រ​របស់​ខ្លួន​។ ឯ​អំពើ​ហិង្សា​លើ​ផ្លូវ​ភេទ​វិញ គឺ​កើត​ឡើង​នៅ​ពេល​ក្រុម​ស្ត្រី LBT ត្រូវ​បាន​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គាត់​បង្ខិត​បង្ខំ​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​បុរស​ដែល​ពួក​គាត់​មិន​ស្រលាញ់​។ ការ​ធ្វើ​បែប​នេះ​គឺ ដើម្បី​បំពេញ​បំណង​របស់​គ្រួសារ​។

ក្រៅ​ពី​អំពើ​ហិង្សា​លើ​ផ្លូវ​ចិត្ត និង​ផ្លូវ​ភេទ​នោះ ក៏មាន​អំពើ​ហិង្សា​លើ​ផ្លូវ​កាយ ដែល​ក្រុម​ស្ត្រី​ទាំង​នោះ​ទទួល​រង​ការ​វាយ​ដំ​ពី​សមាជិក​គ្រួសារ ក៏​ដូចជា​អំពើ​ហិង្សា​លើ​សេដ្ឋកិច្ច ដែល​ក្រុម​ស្ត្រី​ទាំង​នោះ ត្រូវ​បាន​ឪពុក​ម្ដាយ ដក​ហូត​ទ្រព្យ​សម្បត្តិ​មិន​ឲ្យ​ប្រើ​ប្រាស់ ឬ​ចាយ​វាយ​ជា​ដើម​។ នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​។

ក្រោម​រូបភាព​នៃ​ការ​រើស​អើង មើល​ងាយ ស្អប់​ខ្ពើម​ដែល​ចេញ​មក​ពី​គ្រួសារ​ទាំង​នេះ ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ជា​ទូទៅ​ក្រុម​ស្ត្រី LBT រមែង​តែ​ទទួល​បាន​ការ​បាក់​ទឹក​ចិត្ត​ចំពោះ​ខ្លួន​ឯង​។

របាយការណ៍​បាន​កត់​សម្គាល់​ថា ក្នុង​សង្គម​កម្ពុជា មាន​រាជ​រដ្ឋា​ភិបាល ក៏​ដូច​ជា​ប្រជាជន​ទូទៅ​អះ​អាង​ថា ពួក​គេ​ទទួល​ស្គាល់​ដោយ​មើល​ឃើញ​ពី​ស្ថាន​ភាព​នៃ​ការ​រើស​អើង​ក្រុម​ស្ត្រី LBT មាន​ការ​ថយ​ចុះ និង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន ប៉ុន្តែ​ធាតុ​ពិត​ទៅ ក្រុម​ស្ត្រី LBT ផ្ទាល់​គឺ​មិន​បាន​មើល​ឃើញ​យ៉ាង​ដូច្នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​មើល​ឃើញ​ថា សង្គម​គឺ​នៅ​តែ​បន្ត​រើស​អើង មើល​ងាយ និង​ស្អប់​ខ្ពើម​ពួក​គាត់​ដដែល​៕

អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ