ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

​រដ្ឋា​ភិបាល​ប្រារព្ធ​ទិវា​ការងារ​អន្តរ​ជាតិ​១​ឧសភា ខណៈ​សហ​ជីព​កំពុង​តាន​តឹង​សុំ​ហែរ​ក្បួន​

media  
រដ្ឋាភិបាលប្រារព្ធទិវាការងារអន្តរជាតិ១ឧសភា ខណៈសហជីពកំពុងតានតឹងសុំហែរក្បួន @RFI

រដ្ឋា​ភិបាល ដែល​មាន​ក្រសួង​ការងារ​ជា​តំណាង រួម​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ នៅ​ថ្ងៃ​ពុធទី​២៤ ខែ​មេសា​នេះ បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​១ឧសភា ខួប​លើក​ទី​១៣៣ ក្រោម​ប្រធាន​បទ«កិច្ច​គាំ​ពារ​សង្គម ដើម្បី​ផលិត​ភាព​»។ ការ​ប្រារព្ធ​ពីធី​បុណ្យ​ការងារ​អន្តរ​ជាតិ​មុន​ថ្ងៃ​កំណត់​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សហជីព​មួយ​ចំនួន កំពុង​តស៊ូ​មតិ ដើម្បី​ប្រារព្ធ​ពិធី​នេះ​ដោយ​ហែរ​ក្បួន​ចំ​ថ្ងៃ​១ឧសភា​តែ​ម្តង​។ 

ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ អង្គការ សមាគម ជាតិ​និង​អន្តរជាតិ​នា​នា លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បាន​លើក​ឡើង​ថា តាមរយៈ​កំណើន​ជា​មធ្យម​៧% ក្នុង​រយៈ​ពេល​២​ទសវត្សរ៍ រដ្ឋា​ភិបាល​បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជា​ពលរដ្ឋ​បាន​ជា​ច្រើន ក្នុង​អត្រា​៩៩,៣% នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​ជា​១០​លាន​នាក់​។

ក្នុង​នោះ​ដែរ រដ្ឋា​ភិបាល ក៏​បាន​បង្កើត​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី និង​ពហុ​ភាគី ក្នុង​កិច្ច​ការពារ​សិទ្ធិ​ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា ដែល​មាន​ចំនួន​ជាង​១,២​លាន​នាក់ ហើយ​ដែល​បាន​បញ្ជូន​ប្រាក់​បញ្ញើ​មក​ក្នុង​ប្រទេស​ចំនួន​ជាង​២ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ រួម​ចំណែក​ក្នុង​ចំណូល​ថវិកា​ជាតិ​។

ក្រៅ​ពី​នេះ រដ្ឋា​ភិបាល បាន​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​សុវត្ថិភាព និង​សន្តិ​សុខ​ការងារ​របស់​កម្មករ និយោជិត ដោយ​មក​ទល់​ពេល​នេះ​រោង​ចក្រ សហ​គ្រាស​ប្រមាណ​៨៨% មាន​គិលាន​ដ្ឋាន​ប្រចាំ​រោង​ចក្រ កន្លែង​ហូប​បាយ បន្ទប់​បំបៅ​កូន និង​ទារក​ដ្ឋាន​។ នេះ​បើ​តាម​លោក​រដ្ឋ​មន្ត្រី​ អ៊ិត សំហេង​។ ក្រៅ​ពី​លើក​ឡើង​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៨២​ដុល្លារ ក្នុង​១ខែ និង​ការ​ប្តេជ្ញា​ចិត្ត​លុប​បំបាត់​ទម្រង់​ធ្ងន់​ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ឆ្ពោះ​ទៅ​បញ្ចប់​ពលកម្ម​កុមារ​នៅ​ឆ្នាំ​២០២៥ រដ្ឋា​ភិបាល​ក៏​បាន​ដាក់​ឲ្យ​ដំណើរ​ការ នៅ​ឆ្នាំ​២០១៩​នេះ នូវ​របប​សោធន​និវត្តន៍​សម្រាប់​កម្មករ និយោជិត និង​របប​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ ព្រម​ទាំង​រៀប​ចំ​កិច្ច​សហ​ប្រតិបត្តិ​ការ​ភ្ជាប់​របប​សន្តិសុខ​សង្គម​ជា​មួយ​ប្រទេស​ដែល​ទទួល​ពលករ​កម្ពុជា​។

ជាមួយ​គ្នា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មើល​ឃើញ​ថា ការ​ជម្រុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែក​របប​សន្តិ​សុខ​សង្គម​របស់​រដ្ឋា​ភិបាល នៅ​មាន​កំរិត​នៅ​ឡើយ​ទេ ដោយ​សារ​កិច្ច​គាំពារ​សង្គម​នេះ មិន​បាន​គ្រប​ទាំង​ស្រុង​ដល់​ពលករ មន្ត្រី​រាជការ និង​ប្រជា​ពលរដ្ឋ​។ ទោះ​យ៉ាង​ណា បញ្ហា​ទាំង​នេះ ក៏​នឹង​ត្រូវ​លើក​ឡើង​ផង​ដែរ ដោយ​ក្រុម​សហជីព កម្មករ នៅ​ថ្ងៃ​ទី១​ឧសភា ខាង​មុខ​នេះ ខណៈ​ថ្ងៃ​នេះ ក្រុម​សហជីព​របស់​លោក កំពុង​តស៊ូ​មតិ​ជា​មួយ​អាជ្ញាធរ​ក្រុង ដើម្បី​សុំ​ដង្ហែ​ក្បួន​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី១៣៣​នេះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ