អានតួអត្ថបទ

គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​កម្មករ​ឆ្នាំ​២០១៧​មាន​ការ​ថយ​ចុះ តែ​នៅ​តែ​ប្រឈម​សម្រាប់​ឆ្នាំ​ថ្មី

កម្មករ​កាត់ដេរ​ប្រមាណ​ជាង​១០​នាក់ បាន​រង​របួស​ធ្ងន់​ស្រាល បន្ទាប់​ពី​រថយន្ត​ដែល​ពួក​គេ​ជិះ​ទៅ​មក​ដើម្បី​បំរើ​ការងារ​នៅ​រោងចក្រ​បាន​ក្រឡាប់​កាល​ពី​ថ្ងៃ​អង្គារ​មិ្សល​មិញ នៅ​ស្រុក​ឧត្តុង្គ​ខេត្ត​កំពង់ស្ពឺ។ គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​មក​ពី​ការ​វ៉ា​ជែង​ហើយ​ជះ​មនុស្ស​ទៅ​លើ​ផ្លូវ​ថ្នល់​នោះ គឺ​ជា​ករណី​ដំបូង​ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ខណៈ​ដែល​ហេតុ​ការណ៍​ដូច​គ្នា​នេះ បាន​កើត​ឡើង​ជាង​១០​ករណី​កាល​ពី​ឆ្នាំ​ចាស់។

រូបភាព​តំណាង៖ កម្មករកម្មការិនីកម្ពុជា
រូបភាព​តំណាង៖ កម្មករកម្មការិនីកម្ពុជា ញឹម សុផល
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​ជា​ពុំ​មាន​កម្មករ​ណា​ម្នាក់​បាត់​បង់​ជីវិត​ក្នុង​ចំណោម​កម្មករ​ប្រមាណ​៥០​នាក់ ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ម្សិល​មិញ ដោយ​សារ​តែ​រថយន្ត​ដឹក​កម្មករ​ដែល​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​បាន​ក្រឡាប់​ធ្វើ​ឲ្យ​រង​របួស​ក៏​ដោយ ក៏​ប៉ុន្តែ​ករណី​រថយន្ត​ដឹក​កម្មករ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​នៅ​ឆ្នាំ​ថ្មី​នេះ​ដដែល។

កាល​ពី​ឆ្នាំ​ចាស់​២០១៧ គ្រោះ​ថ្នាក់​ចរាចណ៍​ដែល​បាន​កើត​ឡើង​ចំពោះ​កម្មករ នៃ​វិស័យ​កាត់​ដេរ តាម​រយៈ​រថយន្ត​ដឹក​ជញ្ជូន​កម្មករ បុក ប៉ះ​ពារ និង​ក្រឡាប់ មាន​ចំនួន​១១​ករណី ដែល​បាន​កើត​មាន​ពេញ​មួយ​ឆ្នាំ​ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​ធ្នូ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​បាន​ចុះ​ផ្សាយ​ដោយ​ក្រសួង​ការងារ។ តាម​តួ​លេខ​មិន​ទាន់​ផ្លូវ​ការ យ៉ាង​ហោច​មាន​កម្មកររប្រមាណ​ជា​៣០០​នាក់ បាន​រង​របួស​ធ្ងន់ ស្រាល និង​ស្លាប់​២​នាក់។ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍ ចំនួន​កម្មករ​ស្លាប់​និង​របួស មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៦ ដែល​មាន​គ្រោះ​ថ្នាក់​ជិត​២០​លើក កម្មករ​ស្លាប់​ជាង​១០​នាក់ និង​របួស​ជា​ច្រើន​រយ​នាក់។

កាល​ពី​ឆ្នាំ​កន្លង​ទៅ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​កម្មករ​នេះ ត្រូវ​បាន​ក្រសួង​ការងារ រួម​នឹង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត ដូច​ជា​ក្រសួង​មហា​ផ្ទៃ ភាគី​និយោជក​និង​សហជីព​និយោជិក ក៏​បាន​ជជែក​គ្នា​ស្វែង​រក​យន្តការ​សម​ស្រប​ណា​មួយ​ដែល​អាច​បញ្ចៀស​កម្មករ​ពី​គ្រោះ​ថ្នាក់​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​និង​ត្រលប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ។ ក៏​ប៉ុន្តែ​ផែន​ការ​នានា​នៅ​មិន​ទាន់​អនុវត្ត​បាន​នៅ​ឡើយ។

អ្វី​ដែល​ជា​ដំណោះ​ស្រាយ​ទាំង​នោះ​រួម​មាន ការ​កាត់​បន្ថយ​ការ​ផ្ទុក​កម្មករ​លើសចំណុះ ជាមួយ​នឹង​រថយន្ត​កែ​ច្នៃ។ ការ​ផ្លាស់​ប្តូរ​​ពី​រថយន្ត​ដឹក​ទំនិញ​កូរ៉េ ទៅ​ជា​រថយន្ត​ក្រុង ឬ​រថយន្ត​ដែល​មាន​ឃ្លុប។ ការ​ឧបត្ថម្ភ​ធន់​ដល់​អ្នក​ប្រកប​របរ​ដឹក​ជញ្ជូន​កម្មករ នៅ​ពេល​ដែល​មាន​ការ​កែ​សម្រួល​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​តាម​លក្ខណៈ​បច្ចេកទេស​និង​ការ​បង្កើន​សមត្ថភាព​ដល់​អ្នក​បើក​បរ​ជា​ដើម។

សូម​បញ្ជាក់​ថា កម្មករ​ប្រមាណ​៧០​ម៉ឺន​នាក់ នៅ​ក្នុង​វិស័យ​កាត់ដេរ មួយ​ផ្នែក​បាន​ស្នាក់​នៅ​ផ្ទះ​ជួល​ក្បែរ​រោងចក្រ​របស់​ពួក​គេ​ធ្វើ​ការ​និង​មួយ​ចំនួន​ទៀត​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​ប្រមាណ​ជា​ជាង​៥​ពាន់​គ្រឿង ដែល​ជា​រថយន្ត​ដឹក​ទំនិញ មិន​ត្រឹម​ត្រូវ​តាម​ស្តង់ដា​ដឹក​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ