អានតួអត្ថបទ
កម្ពុជា

GMAC៖ កម្មករ​រោង​ចក្រ​អាច​សុំ​ច្បាប់​ឈប់​សម្រាក​ទៅ​បោះ​ឆ្នោត​ ដោយ​គ្មាន​ការ​កាត់​ប្រាក់​ខែ​

សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា (GMAC) បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា កម្មក​រោង​ចក្រ​អាច​សុំ​ច្បាប់​ឈប់​សម្រាក​ទៅ​បោះ​ឆ្នោត​បាន ដោយ​មិន​មាន​ការ​កាត់​ប្រាក់​ខែ​នោះ​ទេ។ ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហព័ន្ធ​សហជីព​កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​សរសេរ​លិខិត​ទៅ​រដ្ឋ​មន្ត្រី​ ក្រសួង​ការងារ ដើម្បី​ឲ្យ​មាន​ការ​ឈប់សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​។

កម្មករកម្មការិនីកម្ពុជា
កម្មករកម្មការិនីកម្ពុជា RFI
ផ្សាយពាណិជ្ជកម្ម

លោក​កាំង មូនីកា អគ្គ​លេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​៣ ខែមិថុនា​នេះ​ថា កម្មករ និយោជិត មាន​សិទ្ធិ​ដាក់​ច្បាប់​សម្រាក ព្រោះ​ពួក​គាត់​មាន​សិទ្ធិ​ឈប់​សម្រាក​១៨​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​។ ដូច្នេះ​ពួក​គាត់​អាច​ប្រើ​ថ្ងៃ​ឈប់​សម្រាក់​ប្រចាំ​ឆ្នាំ​នេះ ដើម្បី​ឈប់ ប៉ុន្តែ​គាត់​ត្រូវ​ដាក់​ពាក្យ​សុំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​រោង​ចក្រ​នីមួយៗ។ លោក​បញ្ជាក់​ថា​គ្មាន​ហេតុ​ផល​ណា​មួយ ដែល​ម្ចាស់រោង​ចក្រ​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ឈប់​សម្រាក​នោះ​ទេ​។

 
អគ្គ​លេខាធិការ​រង​សមាគម​រោង​ចក្រ​កាត់​ដេរ​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​កម្មករ និយោជិត​បាន​សុំ​ច្បាប់​ត្រឹមត្រូវ​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​រោងចក្រ​ហើយ នោះ​គ្មាន​ការ​កាត់​ប្រាក់​ឈ្នួល​របស់​ពួក​គាត់​ឡើយ​។ ប៉ុន្តែ​ប្រសិន​បើកម្មករ និយោជិត មិន​បាន​អនុវត្ត​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​រោងចក្រ​ទេ នោះ​រោង​ចក្រ​អាច​ដាក់​ពិន័យ​ពួក​គាត់​ទៅតាម​ច្បាប់​ស្តីពី​ការងារ។ លោក​កាំង មូនីកា បញ្ជាក់​ថា​ការ​ពិន័យ​ជា​ប្រាក់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ​។

លោក​អាត ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ បាន​ថ្លែង​ថា កន្លង​មក​សហជីព​បានស្នើ​ឲ្យ​ក្រសួង​ការងារ​សម្រប​សម្រួល​ឲ្យ​កម្មករ​រោង​ចក្រ​អាច​ឈប់​សម្រាក​២ថ្ងៃ ​គឺ​ថ្ងៃសៅរ៍ ទី៣ និង​ថ្ងៃ​ចន្ទទី៥ ​ខែ​មិថុនា ដោយ​គ្មាន​ការ​កាត់​ប្រាក់​ឈ្នួល ដើម្បី​ឲ្យ​កម្មករ​អាច​ចូល​រួម​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​នៅ​ថ្ងៃ​អាទិត្យ ​ទី៤ មិថុនា​។ ប៉ុន្តែ​ក្រសួង​ការងារ​មិន​បាន​ចេញ​សេច​ក្តី​សម្រេច​ណា​មួយ ដែល​មាន​ឥទ្ធិពល​លើ​និយោជក​ទេ​។  

បើ​តាម​លោក​អាត ធន់ និយោជក​ខ្លះ​អាច​អនុញ្ញាត​ឲ្យ​ឈប់​ដោយ​ប្រើ​វិធី​កាត់​ប្រាក់​ឈ្នួល ហើយ​និយោជក​ខ្លះទៀត​អនុញ្ញាត​ឲ្យ​ឈប់ ដោយ​កាត់​ថ្ងៃ​សម្រាក​ប្រចាំ​ឆ្នាំ ប៉ុន្តែ​ប្រាក់​បន្ថែម​នៅ​ក្នុង​ថ្ងៃ​សម្រាក​ប្រចាំ​ឆ្នាំ​នោះ ​ក៏​ត្រូវកាត់​ដែរ​។  លោក​បញ្ជាក់​ថា ការ​កាត់​ប្រាក់​ឈ្នួល​នេះ អាច​មាន​ចន្លោះ​ពី​៥​ដុល្លារ ទៅ​១៥​ដុល្លារ ​ទៅ​តាម​រយៈពេល​នៃ​ការ​ឈប់​សម្រាក​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហព័ន្ធ​សហជីព កាល​ពី​ថ្ងៃទី​២ មិថុនា បាន​សរសេរ​លិខិត​មួយ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ស្នើ​ឲ្យ​ក្រសួង​ចេញ​សេច​ក្តី​ណែនាំ​ដល់​រោងចក្រ អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក និង​បើកប្រាក់​ឈ្នួល​មួយ​ចំណែក ដើម្បី​ជា​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​សំដែង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ដែរ ប្រសិន​បើ​កម្មករ​និយោជិត មិន​បាន​ទទួល​នូវ​ការ​ឈប់​សម្រាក ដោយមាន​ប្រាក់​ឈ្នួល ដែល​ករណី​នេះ​អាច​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចូល​រួម​បោះ​ឆ្នោត​នឹង​មាន​ការ​ថយ​ចុះ​៕  

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ