ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

កម្មករ​រោងចក្រ​ចំនួន​៤ បន្ត​ដួល​សន្លប់​តគ្នា​ៗ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ

media  
កម្មករ​ជាង​មួយ​រយនាក់ ​នៅ​ក្នុង​រោងចក្រ​ចំនួន​៤ ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​ខេត្ត​កណ្តាល​ និង​ខេត្ត​តាកែវ​បា​ន​ដួល​សន្លប់ និងកំពុងតែសម្រាក់ព្យាបាយនៅមន្ទីរពេទ្យ។ បសស

កម្មករ​ជាង​មួយ​រយនាក់ នៅ​ក្នុង​រោងចក្រ​ចំនួន​៤ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ​បាន​បន្ត​ដួល​សន្លប់​ចាប់​តាំង​ពី​ថ្ងៃ​ទី២៩ មិថុនា រហូត​មក​ដល់​ថ្ងៃ​ទី​ ០២ កក្កដា​នេះ។ ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ បាន​ឲ្យ​ដឹង​ថា​ការ​ដួល​សន្លប់​នេះ​បណ្តាល​មក​ពី​បញ្ហា​សុខភាព ការ​បរិភោគ​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់ ​និង​បញ្ហា​បច្ចេក​ទេស​មួយ​ចំនួន​នៅ​ក្នុង​រោងចក្រ​ផ្ទាល់។

កម្មករ​ជាង​១០០​នាក់​ នៅ​ក្នុង​រោងចក្រ​៤​ផ្សេងគ្នា​ ដែល​មាន​ដូចជា​រោងចក្រ Gristal Martin ( Cambodia) co.,ltd ស្ថិត​ក្នុង​ខេត្ត​កណ្តាល ​មាន​កម្មករ​១៤​នាក់​បាន​ដួល​សន្លប់​ដោយសារ​តែ​ផ្ទុះ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​រោងចក្រ។ រោងចក្រ​វ៉ូណាមមី ​ខេមបូឌា ហ្គាមេន នៅ​ក្នុង​ខេត្ត​តាកែវ​ មាន​កម្មករ​ជិត​ ១០០​នាក់​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់។ មូលហេតុ​កើត​ចេញ​មក​ពី​មាន​កម្មករ​ជិត​១០​នាក់​ដំបូង​បាន​ពុល​ចំណី ​ហើយ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ត​ៗគ្នា។ ហើយ​រោងចក្រ​ពីរ​ផ្សេង​ទៀត​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​បង្ក​ឡើង​ដោយ​បញ្ហា​សុខភាព​ផង​ដែរ។

លោក​ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​នៃ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ ហៅ​កាត់​ថា​ បសស បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​ បសស​បាន​ចុះ​ទៅ​ជួយ​បញ្ជូន​កម្មករ​ទាំងអស់​នោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ដែល​នៅ​ក្បែរ​តំបន់​នោះ​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​បាន​ដំណឹង។ បន្ទាប់​ពី​ធ្វើ​ការ​ស្រាវជ្រាវ​ លោក​ជាវ ប៊ុនរិទ្ធ​បាន​ពន្យល់​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កម្មករ​ដួល​សន្លប់​ច្រើន​គ្នា​បែប​នេះ​ គឺ​ភាគច្រើន​ភ័យ​តៗ​គ្នា ខណៈ​ដែល​ដំបូង​ឡើយ​មាន​កម្មករ​តិចតួច​ប៉ុណ្ណោះ​បាន​ដួល​សន្លប់​ដោយសារ​តែ​បញ្ហា​សុខភាព និង​ការ​ពុល​ចំណី។

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ ខាង​បសស​ក៏​បាន​សំណូមពរ​ឲ្យ​ម្ចាស់​រោងចក្រ​ទាំងអស់​គោរព​បរិស្ថាន​ការងារ​ ដោយ​ត្រូវ​ធ្វើ​បែប​ណា បង្ក​ឲ្យ​មាន​បរិយាកាស​ល្អ​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​ ហើយ​ត្រូវ​បំពាក់​បរិក្ខា​មាន​សុវត្ថិភាព​នានា។ ចំពោះ​កម្មករ​វិញ​ត្រូវ​តែ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ បរិភោគ​អាហារ​ណា​ដែល​មាន​ជីវជាតិ​ ដើម្បី​ទ្រទ្រង់​សុខភាព​នៅ​ពេល​ដែល​បំពេញ​ការងារ។ សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​កម្មករ​មាន​បញ្ហា​សុខ​ភាព​បែប​នេះ ខាង​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ ជា​អ្នក​ទទួល​បន្ទុក​ចេញ​រាល់​ថ្លៃ​ដឹក​ជញ្ជូន​ និ​ងព្យាបាល​រហូត​ទាល់​តែ​កម្មករ​ទាំង​អស់​ជា​សះស្បើយ​ ហើយ​អាច​ត្រឡប់​ចូល​ទៅ​ធ្វើ​ការ​វិញ​បាន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ