អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការងារ នឹង​ជួប​ចរចា​ជាមួយ​តំណាង​រោងចក្រ នៅ​រសៀល​នេះ

នៅ​រសៀល ម៉ោង ២ ថ្ងៃទី ២១ កក្កដា​នេះ ក្រសួង​ការងារ​ នឹង​ជួប​ចរចា​ជាមួយ​តំណាង​រោងចក្រ ដើម្បី​ស្វែង​រក​ដំណោះស្រាយ ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​ការងារ របស់​កម្មករ​និយោជិក​ នៃ​រោងចក្រ កាត់ដេរ អេឃិនធិច ១ និង អេឃិនធិច ២។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ​សហជីព​ចលនា​កម្មករ នៅ​ថ្ងៃ​ទី ២១ កក្កដា​នេះ ។​

ការ​ហែញត្តិ​របស់​សហជីព​ និង​​កម្មករ​នា​ពេល​កន្លង​មក​
ការ​ហែញត្តិ​របស់​សហជីព​ និង​​កម្មករ​នា​ពេល​កន្លង​មក​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តំណាង​រោងចក្រ​កាត់ដេរ អេឃិនថិច ១ និង អេឃិនថិច ២ នឹង​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​នឹង​ មន្រ្តី​ក្រសួង​ការងារ នៅ​ម៉ោង ២ រសៀល ថ្ងៃទី ២១ កក្កដា នេះ ដើម្បី​រក​ដំណោះ​ស្រាយ​សមស្រប ឆ្លើយ​តប​នឹង​ការ​ទាមទារ​ពី​សំណាក់​កម្មករ និយោជិក​នៃ​រោងចក្រ​ទាំង​ពីរ។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​បញ្ជាក់ បន្ទាប់​ពី​ជំនួប​ជាមួយ​ក្រសួង​ការងារ​ថា ការ​ពិភាក្សា​គ្នា​ រវាង​តំណាង​កម្មករ និយោជិក និង ខាង​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី ២១ កក្កដា គឺ​បាន​លើក​ឡើង​តែ​ចំណុច​សំខាន់​មួយ​ប៉ុណ្ណោះ គឺ ការ​ទាមទារ​សុំ​ប្រាក់​ផ្តាច់​កិច្ច​សន្យា ចំនួន ៧០ ដុល្លារ ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ខាង​រោងចក្រ​យល់ព្រម​ឲ្យ​តែ ៤០ដុល្លារ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ទើប​ខាង​ក្រសួង​ការងារ ត្រូវ​ធ្វើ​ការ​ពិភាក្សា​បន្ត​ជាមួយ​នឹង​ខាង​រោងចក្រ​ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​សមស្រប​មួយ។​

មេដឹកនាំ​សហជីព រូប​នេះ បន្ត​ថា ចំណែក​ចំនុច​ប្រាំបី​ផ្សេង​ទៀត​នៃ​លក្ខខណ្ឌ​ដែល​កម្មករ​និយោជិក ស្នើសុំ នឹង​ត្រូវ​ពិភាក្សា​គ្នា​ជាមួយ​នឹង​ខាង​រោងចក្រ​បន្ត​ទៀត នៅ​ពេល​ក្រោយ​ នៅ​ពេល​បញ្ហា​ដែល​បាន​លើក​ឡើង​ខាង​លើ ត្រូវ​បាន​ដោះស្រាយ។

ជា​ការ​កត់​សម្គាល់​នៅ​ព្រឹក​ថ្ងៃអង្គារនេះ កម្មករ​និយោជិក យ៉ាង​ហោច​ណាស់ ១០០ នាក់ ដែល​មាន ចង្រ្កាន្តហ្គាស មុងភួយ និង ចំណី​អាហារ​មួយ​ចំនួន មក​ជាមួយ​ផង បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ។ ទន្ទឹម​នឹង​នេះ ក៏​មាន កម្មការិនី ស្រែក​តាម​ឧឃោសនស័ព្ទ ស្នើ​សុំ​ឲ្យ​មាន​កិច្ចអន្តរាគមន៍​ពី​ក្រសួង​ការងារ ។

គួរ​ជម្រាប​ជូន​ថា កម្មករ និយោជិក នៃ​រោងចក្រ​ទាំង​ពីរ បាន​ជួបជុំ​គ្នា  ដើម្បី​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ នូវ​លក្ខខណ្ឌ​ការងារ៩ចំណុច ពី​ថៅកែ​រោងចក្រ ចាប់​តាំង​ពី​ថ្ងៃទី ១០ កក្កដា​មក​ម្ល៉េះ។ លក្ខខណ្ឌ​ការងារ​ទាំង​នោះ ​មាន​ដូចជា សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តាច់​កិច្ច​សន្យា​ទូទាត់​សំណង​តាម​ផ្លូវ​ច្បាប់​៥​ភាគរយ មិន​ត្រូវ​កាត់លុយ​ពេល​កម្មករ​ធ្វើ​កូដកម្ម​កន្លងមក មិន​ត្រូវ​បង្ខំ​កម្មករ​ឲ្យធ្វើ​ការថែម​ម៉ោង សុំ​បន្ថែមប្រាក់​ថ្លៃ​បាយ​ក្នុង​១​ថ្ងៃ​ចំនួន​២០០០​រៀល សុំ​ដំឡើង​ប្រាក់​ធ្វើដំណើរ​៧​ដុល្លារ​បន្ថែម និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត៕ 

អត្តបទដោយ៖ សួន សុគន្ធពិដោរ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ