អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សិក្ខាសាលា​និង​វគ្គ​សិក្សា​ខ្លី គឺ​ជា​ជំនួញ​បែប​ថ្មី!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា​សិក្ខាសាលា និង​វគ្គ​សិក្សា​ខ្លី កើត​មាន​ច្រើន​ ស្ទើរ​តែ​ជា​រៀង​រាល់ថ្ងៃ ពិសេស​ថ្ងៃ​ចុង​សប្តាហ៍​ ឬ​ថ្ងៃ​ឈប់​សម្រាក​នានា។ សិក្ខាសាលា និង​វគ្គ​បណ្តុះ​បណ្តាល​ខ្លះ តម្រូវ​ឲ្យ​សិក្ខាកាម​បង់​ប្រាក់​ ឬ​ត្រូវ​ទិញ​សំបុត្រ​សម្រាប់​ការ​ចូលរួម​។​ សព្វថ្ងៃ​ ការ​ចូល​រៀន​វគ្គ​ខ្លីៗ​ទាំង​នោះ គឺមាន​ភាព​ពេញ​និយម​ណាស់ ​ស្រប​ពេល​ដែល​មនុស្ស​ខ្មែរ​កំពុង​តែ​ចង់​ចេះ​ចង់​ដឹង​ស្រាប់​ផង។ ទន្ទឹម​នឹង​នេះ​ គេ​ក៏​អាច​ចាត់​ទុក​ថា​ សិក្ខាសាលា​និង​វគ្គ​ខ្លី​ដែល​បង់​ប្រាក់ គឺ​ជា​អាជីវកម្ម​ឬ​ជា​ជំនួញ​បែប​ថ្មី​មួយ​ផង​ដែរ។

រូបភាពតំណាង៖ សិក្ខាសាលា​ដែល​តែង​តែ​ធ្វើ​ឡើង ​សម្រាប់​បណ្តុះ​បណ្តាល​ដល់​យុវជន​ខ្មែរ ​នា​ពេល​ថ្មី​ៗ​នេះ។​
រូបភាពតំណាង៖ សិក្ខាសាលា​ដែល​តែង​តែ​ធ្វើ​ឡើង ​សម្រាប់​បណ្តុះ​បណ្តាល​ដល់​យុវជន​ខ្មែរ ​នា​ពេល​ថ្មី​ៗ​នេះ។​ @HENG Oudom
ផ្សាយពាណិជ្ជកម្ម

នៅ​ភ្នំពេញ​និង​នៅ​បណ្តា​ទី​ប្រជុំជន គេ​មើល​ឃើញ វគ្គ​បណ្តុះ​បណ្តាល​ខ្លី​ៗ​ និង​សិក្ខាសាលា​ ផ្តោត​លើ​ប្រធាន​បទ​ផ្សេង​ៗ​គ្នា​ កើត​មាន​ច្រើន​ព្រោង​ព្រាត មាន​ជាប់​គ្នា​រដឹក​ មិន​ចេះ​ស្វាង​។ កម្មវិធី​មួយ​ចំនួន​ គឺ​តម្រូវ​ឲ្យ​អ្នក​ចូលរួម​បង់​ប្រាក់​ យ៉ាង​តិច​ ចាប់ពី​១​ឬ​២​ដុល្លារ​ ឬ​ច្រើន​ជាង​នេះ ហើយ​វគ្គ​ខ្លះ​ទៀត​ អាច​មាន​ដល់​រាប់​រយ​ដុល្លារ​ផង​ក៏​មាន សម្រាប់​ការ​រៀន​មួយ​ឬ​ពីរ​ថ្ងៃ ឬក៏​បី​ទៅ​បួន​ថ្ងៃ​។

ការ​តម្រូវ​ឲ្យ​បង់​ប្រាក់​ចូលរួម​វគ្គ​ខ្លីៗ​ទាំង​នោះ គឺ​មាន​មូលហេតុ​សំខាន់​មួយ​ចំនួន​ដែល​គេ​អាច​ពន្យល់​បាន​។ ​មូលហេតុ​ដំបូង​គឺ​ប្រាកដ​ណាស់​ថា ទុក​ឬ​យក​លុយ​កាក់នោះ ​​សម្រាប់​ចាត់​ចែងរៀបចំ​កម្មវិធី។

ទី​២ មក​ពី​ការ​ចូលរួម​កម្មវិធី​ដោយ​ Free អត់​គិត​ថ្លៃ គឺ​អត់​សូវមាន​តម្លៃ ហើយ​បើ​អត់​គិតថ្លៃ អ្នក​ចូលរួម​ក៏​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ដែរ។ បើ​មិន​យក​លុយ​ទេ គឺ​ជាទូទៅ គេ​ច្រើន​មើលឃើញថា សិក្ខាសាលា​ឬ​វគ្គ​សិក្សា​នោះ ច្រើន​តែ​មាន​ភាព​រញ៉េរញ៉ៃ។​ មនុស្ស​ដើរ​ចេញ​ចូល​ស្រេច​តែ​នឹង​ចិត្ត។ ហើយ​ពេល​ខ្លះទៀត​ ក៏​មិន​សូវ​ទាំង​មាន​អ្នក​ចូលរួម​ផង។​​

មូលហេតុ​ទី៣ គឺ​ទុក​យក​លុយ​ដែល​បាន​ពីការ​បង់​វិភាគទាន​ ឬ​ទិញ​សំបុត្រ​ចូលរួម​នោះ សម្រាប់​ជូន​វាគ្មិន​ផ្ទាល់​តែ​ម្តង។ បើ​គិត​ទៅ ក៏​ជា​ការ​សមគួរ​ដែរ ដែល​វាគ្មិន​បាន​ខំ​លះបង់​ចំណាយ​ពេល​វេលា ប្រិត​ប្រៀង​សំលៀង​ចំណេះ​ដឹង​សម្រាប់​ចែក​រំលែក ក្នុង​បទ​បង្ហាញ​របស់​គាត់ ហើយ​បើ​ឲ្យ​គាត់​ចំណេញ​លុយ​កាក់​ខ្លះ​ ក៏​ជា​ការ​គួរ​ដែរ។

មូលហេតុ​ចម្បង​មួយ​ទៀត ដែល​តម្រូវ​បង់​លុយ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​ខ្លី ឬ​សិក្ខា​សាលា​​នោះ គឺ​មក​ពី​មនុស្ស​ខ្មែរ​សព្វ​ថ្ងៃ ​ស្រេកឃ្លាន​ចំណេះ ចង់​ចេះ​ចង់​ដឹង​។ ការ​ចូល​រៀន​​វគ្គ​ខ្លីៗ​ គឺ​អាច​ជួយ​ដុះ​ខាត់​ចំណេះ​ដឹង ពង្រឹង​ជំនាញ​ទន់​ ជំនាញ​រឹង ឲ្យ​គេ​ទទួល​ព័ត៌មាន​ថ្មីៗ​ និង​បង្កើត​បណ្តាញ​ទាក់ទង​បន្ថែម​ទៀត​ ហើយ​ថែម​ទាំង​អាច​ជា​ការ​ពញ្ញាក់​ស្មារតី​ឲ្យ​កាន់​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ចរិយាបថ​ការងារ​ថែម​ទៀត​។ លើស​ពី​នេះ តាម​រយៈ​វគ្គ​សិក្សា​ខ្លី​ៗ​ស្តីពី​ការ​អប់រំ​ផ្នត់​គំនិត​ ក៏អាច​កាន់​តែ​ធ្វើ​ឲ្យ​គេ​ប្រឹង​ប្រែង​ព្យាយាម​ជាង​មុន​ មាន​គោល​ដៅ និង​សម្រួច​ទិសដៅ​ច្បាស់​លាស់​ជាង​មុន ជា​ហេតុ​នាំឲ្យ​មាន​ប្រសិទ្ធិភាព​ការងារ​ផងដែរ​។

ហេតុ​នេះ ទើប​នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ ស្ថាប័ន​រដ្ឋ​ឬ​ក្រុមហ៊ុន​មួយ​ចំនួន មាន​ទម្លាប់​តែង​តែ​ផ្តល់​ពេល​វេលា និង​បញ្ចូន​បុគ្គលិក​ឲ្យ​ទៅ​រៀន​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​បន្ថែម​ទៀត ដើម្បី​ដុះខាត់​ពុទ្ធិ​ចំណេះ​ដឹង និង​រៀន​ជំនាញ​ថ្មី​បន្ថែម​។

ក៏​ប៉ុន្តែ ជា​រឿង​ដោយ​ឡែក​នៅ​កម្ពុជា វគ្គ​សិក្សា​ខ្លី​ភាគ​ច្រើន​ គេ​មើល​ឃើញ​ថា​ គឺ​ភាគ​ច្រើន​ផ្តោត តែ​ទៅ​លើ​ការ​ធ្វើ​យ៉ាង​ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ ក្លាយ​ជា​អ្នកមាន ឬ​អ្នក​ជំនួយ​ឆ្នើម​ជាដើម​ ដែល​រៀន​យូរៗទៅ គឺ​គ្រូ​និង​អ្នក​បណ្តុះបណ្តាល​ក្លាយ​ជា​អ្នក​មាន​ឡើង​ៗ ​ច្រើន​ជាង​សិក្ខាកាម​ទៅ​វិញ​។ គ្រូ​បង្រៀន​វគ្គ​នោះ​ខ្លះ ទិញ​ផ្ទះ​ថ្មី​ដូរ​ឡាន​ថ្មី​យ៉ាង​លឿន​រហ័ស​ និង​មាន​យស​មាន​សក្តិ​ពាក់​ទៀត​ផង​។ ចំណែក​វាគ្មិន​មួយ​ចំនួន​ក្នុង​វគ្គ​សិក្ខាសាលា​ខ្លះ​វិញ​ ហាក់​ចង់​ខំប្រឹង​សម្ញែង​ថា​ខ្លួន​ចេះ ហើយ​ព្យាយាម​តោង​យក​មុខ​មាត់​និង​ប្រជាប្រិយភាព​ពី​វគ្គ​នីមួយៗ​នោះ។​

ហើយ​វគ្គ​ដែល​ត្រូវ​គេ​បង្រៀន​នោះ​ទៀត​សោត ហាក់​ពុំ​មែន​ជាវគ្គ​វិសេសវិសាល​អស្ចារ្យ​​ណាស់​ណា​នោះ​ក៏​ទេ​ដែរ។ វគ្គ​មួយ​ចំនួន​រៀន​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ជា​អ្នក​ជោគជ័យ គឺ​គេ​អាច​រក​ឈ្វេង​យល់​បាន​តាម​សៀវភៅ​ជំនួយ សៀវភៅ​អភិវឌ្ឍ​ផ្នត់​គំនិត​ និង​មាន​បង្រៀន​នៅ​តាមសាលា​ឬ​នៅ​​មហាវិទ្យាល័យ​ស្រាប់​ទៅ​ហើយ។ ហើយ​ក្នុង​សម័យ​បច្ចេកវិជ្ជា​ដូច​សព្វ​ថ្ងៃ​នេះ​ទៀត​នោះ​ គេអាច​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ស្រាវជ្រាវ​រក​ឯកសារ​ទាំង​នោះ​ណាស់​ ​ជា​សៀវភៅ រូបភាព សំឡេង និង​វីដេអូ​​ថែមទៀត​ផង។

ម្យ៉ាងវិញទៀត គេ​ច្រើន​សង្កេត​ឃើញ​ដែរថា​ ទ្រឹស្តី​ដែល​គេ​យក​ទៅ​ប្រើប្រាស់​ក្នុងវគ្គ​សិក្ខា​សាលា ឬ​វគ្គខ្លី​មួយ​ចំនួននោះ​ គឺថាទ្រឹស្តីមួយ​ចំនួន​ខ្លះ​​ពុំ​ទាន់ត្រូវ​​បាន​​ឆ្លង​កាត់​ការអនុវត្ត​ ឬ​​ការ​ពិសោធគ្រប់​ជ្រុង​ជ្រោយនៅឡើយ​​ដែរ។ ដូច្នោះ វគ្គ​ខ្លីខ្លះ​​ គឺ​អាច​ជា​បណ្តុំ​កម្រង​​ទ្រឹស្តី និង​ពាក្យ​ពេចន៍​ល្អៗ ប៉ុន្តែ​ពុំ​ទាន់​បាន​ស្ល​ចម្អិន ​តាមរយៈ​ការ​ពិសោធ នៅ​​លើទីលានសាច់ការ​​ជាក់ស្ដែង​នៅ​ឡើយ​ទេ​។​​

បើ​គេ​ពិនិត្យ​ទៅ​លើបុគ្គលិកលក្ខណៈ​របស់​​គ្រូបណ្តុះបណ្តាល ឬ​អ្នក​​បង្រៀន​​វគ្គ​ខ្លីៗ​មួយ​ចំនួន​នោះ​ទៀត ក៏អ្នក​​មួយ​ចំនួន​ខ្លះ ហាក់​ចេះតែ​សូត្រ ​ចាំមាត់ ហើយ​រួម​ផ្សំ​នឹង​ការ​សម្តែង​សម​ខ្លះ​ផង ក៏​អាច​ធ្វើ​អាជីវកម្ម​បាន ទាំង​ដែល​ខ្លួនមិន​បាន​​ពិសោធ​ទ្រឹស្តី​នោះ​ផង​ ក៏​ចេះតែមាន​​ទៅរួច​ដែរ​។​ គេ​នៅ​ចាំ​មិន​ភ្លេចទេ ពាក្យស្លោកខ្មែរ​​ដែល​គេសូត្ររត់​មាត់​ថា ទ្រឹស្តី​ហៀរ​ដល់​កែង អនុវត្ត​ជាក់​ស្ដែង Zéro។

ត្រង់​ចំណុច​នេះ គឺ​ខុសពីនៅ​ប្រទេស​ជឿនលឿន​ទៅវិញ។ ព្រោះថា បើសិនជា​គេ​បង់​លុយ​ចូល​រួម​ស្តាប់សន្នីសីទ​ឬ​​​សិក្ខាសាលា​​ណាមួយ គឺទាល់តែ​វាគ្មិន ឬ​អ្នក​ឧទេសនាម​នោះ គឺ​សាស្ត្រាចារ្យ​​គ្រូធំៗ ជាអ្នក​ប្រាជ្ញ ឬអ្នក​មាន​កំពូល ឬក៏​អ្ន​កនយោបាយ​ល្បីផុត​លេខ​ ដែល​ពួក​គេ​នោះ​រកឃើញ​អ្វី​ថ្មីឬគំនិត​ពិសេសមិន​ធ្លាប់មាន ដោយ​ឆ្លង​កាត់​ការពិសោធត្រឹម​ត្រូវ​​​ ហើយ​និង​ថា​ជា​ឱកាស​កម្រនឹង​បាន​ជួប​ពួក​គេ​ណាស់​ ទើប​អ្នក​ចូលរួម​គេ​សម្រុក​ទៅ​ទិញ​សំបុត្រ​ចូលរួម​ម្តង​ៗ​​។

ដូច្នេះ គេអាច​សង្ខេប​មកវិញថា សិក្ខាសាលា​ឬ​​វគ្គ​សិក្សាខ្លីមួយ​ចំនួន នៅស្រុក​ខ្មែរ​ គឺ​ជា​ឱកាស​​ជំនួញ និង​ជា​របៀប​រក​ស៊ីថ្មីមួយ​បែប ប្រកែក​មិន​បាន។ ដល់​ចំណុច​នេះ ប្រហែល​ជាគេ​ត្រូវ​ចោទ​សួរ​ឡើងវិញ​ហើយថា តើ​ការ​បង្រៀន​វគ្គ​ខ្លីៗ មួយ​ថ្ងៃពីរ​ហើយ​យក​លុយ តើ​ ខុស​សីលធម៌ដែរទេ? ហើយ​ថា​តើ​ទ្រឹស្តីដែល​ត្រូវ​សាបព្រោះ​ក្នុង​វគ្គខ្លី​​ទាំង​​នោះ អាច​យកទៅ​អនុវត្ត​បាន​ឬទេ​​? ហើយ​អាច​មាន​ប្រសិទ្ធភាព​បាន​កម្រិត​ណា?

ជាមួយ​គ្នា​នេះ ​អ្នក​ចូលរួម​វិញទៀត​សោត​ គួរ​ឆ្លុះ​បញ្ចាំង​មើល​ដែរថា តើ​វគ្គ​សិក្សា​ឬ​សិក្ខា​សាលា​នោះ ត្រូវចំ​និង​ពាក់ព័ន្ធ​នឹង​​ជំនាញ​បច្ចប្បន្ន​របស់​ខ្លួន​ ឬក៏​​ជា​គោល​ដៅ​អនាគត​របស់​ខ្លួន​ដែរឬទេ?​ សិក្ខាកាម​គួរ​ណាស់ថ្លឹង​ថ្លែងឲ្យ​មែនទែនមុនចូលរួម​វគ្គ​ណាមួយ​! ប្រយ័ត្ន​ខាត​ពេលវេលា​ ខាត​លុយ​កាក់ ខូច​​ប្រយោជន៍ អស់​កម្លាំងឥត​អំពើ​ ហើយ​ថែមទាំង​ត្រូវ​បាន​គេ​ចាក់​បញ្ចូល​ទិន្នន័យ​មិន​ល្អ​ទៅ​ក្នុង​ខួរក្បាល​ផង​ ក៏អាច​ថា​បាន។ ក៏​ប៉ុន្តែបើ​ពិចារណា​ទៅ ឃើញ​​ថា វគ្គ​ទាំង​នោះ ផ្តល់​ឱកាស​ថ្មី សម្រាប់​ដុះ​ខាត់សម្រួច​​ចំណេះជំនាញ គេគួរ​កុំ​មើល​រំលង​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ