ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT
កម្ពុជា

ធនាគារ​ពិភពលោក៖ គ្រួសារ​ចំនួន​៧១,៥​ភាគរយ​នៅ​កម្ពុជា អាច​ទទួល​បាន​​អគ្គិសនី​ពី​បណ្ដាញ​រដ្ឋ

media  
រូបភាព​តំណាង៖ បង្គោល​ភ្លើង​អគ្គីសនី @សហការី

នៅ​កម្ពុជា គ្រួសារ​ចំនួន​៧១,៥​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប មាន​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ពី​បណ្ដាញ​ចែក​ចាយ​របស់រដ្ឋ​។ នេះ​បើ​តាម​របាយការណ៍ក្រោម​ចំណង​ជើង​ថា «កម្ពុជា​លើស​ពី​ការ​ត​ភ្ជាប់​បណ្ដាញ៖ ការ​វិនិច្ឆ័យ​តាម​អភិក្រម​ក្រប​ខណ្ឌ​ពហុ​លំដាប់​លើ​លទ្ធភាព​ទទួល​បាន​ថាមពល​» ​​​ចេញ​ផ្សាយ​ដោយ​ធនាគារ​ពិភពលោក នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២២​មីនា​នេះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ដដែល​បញ្ជាក់​ថា ជិត​២​ភាគ​៣​នៃ​គ្រួសារ​ទាំង​នោះ ត្រូវ​ប្រឈម​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​ញឹក​ញាប់​នៅ​ឡើយ​។

នៅ​ក្នុង​របាយការណ៍ថ្មី​មួយ ធនាគារ​ពិភពលោក​បាន​ទទួល​ស្គាល់​ពី​សមិទ្ធផល​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ពង្រីក​បណ្ដាញ​ចែក​ចាយ​អគ្គិសនី​បាន​យ៉ាង​លឿន ក្នុង​រយៈ​ពេល​កន្លង​មក​នេះ​។ បើ​តាម​របាយការណ៍ដដែល អត្រា​មាន​អគ្គិសនី​តាម​ប្រព័ន្ធបណ្ដាញ​មេ​នៅកម្ពុជា​មាន​សន្ទុះ​កើន​ឡើងយ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​។ នៅ​ឆ្នាំ​២០១៧ គ្រួសារ​យ៉ាង​ហោច​ណាស់​៧១,៥​ភាគ​រយ មាន​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ពី បណ្ដាញ​រដ្ឋ​ កើន​ឡើង​ពី ​៥៨,២​ភាគ​រយ​នៅ​ឆ្នាំ​២០១៤​។

ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក្ដី របាយការណ៍​កត់​ស្គាល់​ដែរ​ថា ជាង​ពាក់​កណ្ដាល​នៃ​​គ្រួសារ​ទាំង​នេះ ត្រូវ​ប្រឈម​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនីជា​ញឹក​ញាប់ ពោល​គឺ​រហូត​ដល់​ទៅ​ជាង​១៤​លើក​ក្នុង​មួយ​សប្ដាហ៍​​។ តង់ស្យុង​អគ្គិសនីឧស្សាហ៍​​ឡើង​ចុះ ក៏​​ជា​បញ្ហា​ដែល​អ្នក​ប្រើ​ប្រាស់​អគ្គិសនី​ជាង​៣៣​ភាគរយ ជួប​ប្រទះ​ជា​ប្រចាំ​ផង​ដែរ​។ ធនាគារ​ពិភពលោក ផ្ដល់​អនុសាសន៍​ឲ្យ​មាន​ការ​កែ​លម្អ​បញ្ហា​ទាំង​ពីរ​នេះ ដើម្បីឲ្យ​អ្នក​ប្រើ​ប្រាស់​អគ្គិសនី អាច​ឈាន​ឡើង​ទៅ​លំដាប់​ខ្ពស់​ជាង​នេះ​បន្តិច​ ហើយ​អាច​ទាញ​យក​អត្ថ​ប្រយោជន៍​អតិបរមា​ពី​អគ្គិសនី​បាន​។

គួរ​ជម្រាប​ជូន​ថា កម្ពុជា​គឺជា​ប្រទេស​ទី​១​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ដែល​បាន​ធ្វើ​ការ​អង្កេត​អភិក្រម​ក្របខណ្ឌ​ពហុ​លំដាប់​នេះ​។ ការ​អង្កេត​នេះ ផ្ដល់​ទិន្នន័យ​ពិស្ដារ​ស្ដី​ពី​លទ្ធភាព​ទទួល​បាន​ថាមពល​តាម​គ្រួសារ សម្រាប់​យក​ទៅ​ពង្រឹង​ការ​រៀបចំ​គោល​នយោបាយ​ក្នុង​វិស័យ​ថាម​ពល​។

លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​លើក​ឡើង​ថា ដ្បិត​តែ​កម្ពុជា​សម្រេច​បាន​ភាពរីក​ចម្រើន​យ៉ាង​លឿន​នៅ​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ទៅ​ដល់​ភូមិ​និង​អ្នក​ប្រើ​ប្រាស់​ក្ដី ក៏​ប៉ុន្តែ​វឌ្ឍនភាព​នេះ ទទួល​បាន​នៅ​ក្នុង​តម្លៃ​ខាត​បង់​មួយ​។ ដូច្នេះ បើ​តាម​លោក ទី នរិន្ទ វា​ដល់​ពេល​ហើយ​ដែល​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ត្រូវ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​ពង្រឹង​ភាព​ទុក​ចិត្ត​បាន និង​គុណភាព​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី ដើម្បី​ជួយ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​និង​ធុរកិច្ច​លូតលាស់​បាន​ល្អ​។

ដោយ​ឡែក លោក​ស្រី ជូលៀ ហ្វ្រេស៊័រ នាយិកា​គ្រប់​គ្រង​ធនាគារ​ពិភពលោក​ទទួល​បន្ទុក​ផ្នែក​ថាមពល​និង​ប្រតិបត្តិ​ឧស្សាហកម្ម​និស្សារណកម្ម​សកល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​ជួយ​រដ្ឋាភិបាល​។ ជួយ​ឲ្យ​ឈាន​ទៅ​មាន​ថាមពល​ដែល​មានភាព​ទុក​ចិត្ត​បាន មាន​តម្លៃ​សមរម្យ​អាច​ជាវបាន ហើយ​មាន​លក្ខណៈ​ទំនើប នៅ​ត្រឹម​ឆ្នាំ​២០៣០​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ