អានតួអត្ថបទ
កម្ពុជា-ច្បាប់

ធនាគារ​ពិភពលោក ៖ ការ​បោះឆ្នោត​ខាងមុខ អាច​នាំ​ហា​និ​ភ័យ​ដល់​សេដ្ឋកិច្ច​កម្ពុជា

ធនាគារ​ពិភពលោក នៅ​ថ្ងៃ​ពុធ​នេះ បាន​ប៉ាន់​ស្មាន​ថា នៅ​ពីរ​ឆ្នាំ​ខាង​មុខ សេដ្ឋកិច្ច​កម្ពុជា នឹង​មានកំណើន​ត្រឹម​ ៦.៩% ដែល​ជម្រុញ​ដោយសារ​ការ​នាំ​ចេញ​ សំណង់ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​។ តួលេខ​នេះ ថយ​ចុះ​បន្តិច​ពី​ឆ្នាំ២០១៦ ដែល​មាន​កំណើន ៧.០%។ ថយ​ចុះ ០.១% ដោយ​សារ​ ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ ឥទ្ធិពល​អវិជ្ជមាន​ពី​កំណើន​អត្រា​ការ​ប្រាក់​សហរដ្ឋអាមេរិក និង​ការ​ថយ​ចុះ​នៃ​កំណើន​របស់​សេដ្ឋកិច្ច​ពិភព​លោក។

ធនាគារពិភពលោក ធ្វើសន្និសីទវិដេអូ នៅការិយាល័យប្រចាំកម្ពុជា កាលពីថ្ងៃទី០៥ តុលា ២០១៦
ធនាគារពិភពលោក ធ្វើសន្និសីទវិដេអូ នៅការិយាល័យប្រចាំកម្ពុជា កាលពីថ្ងៃទី០៥ តុលា ២០១៦ @RFI/Sopheak
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃទី​០៥ ខែ​តុលា នេះ ធនាគារ​ពិភពលោក បាន​ប៉ាន​ស្មាន​ថា សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៦នេះ កើន​ដល់ ៧% ដោយ​សារ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ខ្លាំងក្លា និង​សកម្មភាព​សាងសង់​នៅ​តែមាន​។ បើ​តាម​របាយការណ៍ របស់ ធនាគារ​ពិភពលោក ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​កម្ពុជា កើនឡើង ១០.៥% បើ​គិត​ជា​ទឹក​ប្រាក់ ធៀប​នឹង​ឆ្នាំ​មុន រយះ​ពេល​ដូច​គ្នា មាន​ត្រឹម ៧.៨%​។ បន្ថែម​ពីនេះ​ទៀត ចំណូល​ចិត្ត​វិនិយោគិន ក្នុង​វិស័យ​សំណង់​ មាន​ទឹកប្រាក់​កើន​ឡើង ដល់ ៦.៨​ពាន់​លានដុល្លារ​អាមេរិក ធៀប​នឹង​ឆ្នាំ​មុន។ ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រមូល​ចំណូល​របស់​រដ្ឋាភិបាល​កម្ពុជា បាន​កើន​ដល់ ១៨.៥% នៃ ផលិត​ផល​ក្នុង​ស្រុក​សរុប ឆ្នាំ​២០១៥ ធៀប​នឹង​ ១៨.១% នៅ​ឆ្នាំ២០១៤​។ 

ធនាគារ​ពិភពលោក ក៏​បាន​បន្ត​ព្យាករណ៍​ទុក​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ពីរ​ឆ្នាំ​ខាង​មុខ​នឹងមាន​កំណើន​ត្រឹម ៦.៩% ដែល​ជម្រុញ​ដោយ​សារ​ការ​នាំ​ចេញ​ សំណង់ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​។ ទោះបី​ជា​យ៉ាងនេះ​ក្តី ភាព​មិន​ប្រាកដ​ប្រជា​ទាក់ទង​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង២០១៨ ការ​ថយ​ចុះ​នៃ​កំណើន​អត្រា​ការ​ប្រាក់​សហរដ្ឋ​អាមេរិក សម្ពាធ​នានា​ក្នុង​តំបន់ និង​កំណើនទាប​នៅ​លើ​ពិភព​លោក អាច​ជា​ហានិភ័យ​ ដល់​សេដ្ឋកិច្ច​កម្ពុជា​។

សេដ្ឋវិទូ ជាន់​ខ្ពស់ នៃ ធនាគារ​ពិភពលោក លោក លី សូដេត បាន​បញ្ជាក់​ថា ទោះបី​ជា​ ការបោះឆ្នោត​មិន​អាច​ទាយ​ទុក​ជា​មុន តែ​កាល​ពី​ឆ្នាំ​២០០៨ អ្នកវិនិយោគ មាន​អារម្មណ៍ មិន​ច្បាស់​លាស់ ស្ទាក់​ស្ទើរ ក្នុង​ការ​វិនិយោគ ទើប​លំហូរ​វិនិយោទុន​នៅ​កម្ពុជា មាន​ការ​អាក់ខាន ឬ​នៅ​ទ្រឹង​បន្តិច​ ដោយ​សារ​វិនិយោគិន រងចាំ​មើល​ស្ថានភាព​ក្រោយ​ការ​បោះឆ្នោត​។

គួរ​ជម្រាប​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាល​ពីថ្ងៃទី ២៧ ខែ​កញ្ញា បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន អាត្រា ៧ % នៅឆ្នាំ ២០១៦ និង បន្តកើន​ឡើង ៧.១% នៅ​ក្នុង​ឆ្នាំ ២០១៧។ សេដ្ឋកិច្ច​រឹងមាំ ដោយសារ ការ​នាំ​ចេញ​ពីឧស្សាហកម្ម​សម្លៀក​បំពាក់ ការ​ចំណាយ​របស់​រដ្ឋាភិបាល កំណើន​នៃ​បៀរវត្សរ៍​សេវា​សាធារណៈ និង ប្រាក់​ចំណូល​កើន​ឡើង បន្ទាប់ពី​ការ​កែលម្អ​ប្រព័ន្ធ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ភាព​ខុស​គ្នា​នៃ​ការ​ព្យាករណ៍ពី​សេដ្ឋកិច្ច​កម្ពុជា រវាង ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នេះ ត្រូវ​បាន សេដ្ឋ​វិទូ ជាន់​ខ្ពស់ នៃ​ធនាគារ​ពិភព​លោក បញ្ជាក់​ថា បើ​ទោះបី​ជា អាច​មាន​សំអាង​លក្ខខណ្ឌ​ព្យាករណ៍សេដ្ឋកិច្ច​ផ្សេង​គ្នា​នាំ​ឲ្យ​តួលេខ​ល្អៀង​គ្នា តែ​និន្នាការ​សេដ្ឋកិច្ច​កម្ពុជា​ នា​ពេល​អនាគត គឺ​ល្អ​ជាង​មុនដូច​គ្នា​។

សូម​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ ២០១៥ ធនាគារ​ពិភពលោក កំណត់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក៏​មាន​អត្រា​ចំនួន ៧% ដែរ តែ​ទាប​ជាង ឆ្នាំ​២០១៤ មាន ៧.១ % និង​ឆ្នាំ​២០១៣ មាន ៧.៤%៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ