ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/05 12h00 GMT
general

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន៖ ជា​ឱកាស​បង្ហាញ​ខ្លួន​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ

media  
វេទិកា​​សេដ្ឋកិច្ច​​ពិភព​​លោក​​ស្តី​ពី​​អាស៊ាន៖ ជា​​ឱកាស​​បង្ហាញ​​ខ្លួន​​របស់​​កម្ពុជា លើ​​ឆាក​​អន្តរជាតិ @uyfc.cambodia

ចាប់​ពី​ថ្ងៃ​ទី​ ១០ ដល់​ថ្ងៃ​ទី ១២ ឧសភា កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ។ នេះ​គឺ​ជា​លើក​ទី ១​ហើយ សម្រាប់​កម្ពុជា ដែល​បាន​រៀប​ចំ​វេទិកា​នេះ។ ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន​បាន​លើក​ឡើង​ថា​វេទិកា​នេះ ជា​ឱកាស​មាស​ដ៏​មាន​តម្លៃ​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។​

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន ឆ្នាំ ២០១៧ ក្រោម​ប្រធាន​បទ៖ “យុវជន បច្ចេកវិទ្យា និង​កំណើន ” នឹង​មាន​ការ​ចូល​រួម​ពី​មនុស្ស​ច្រើន​ជាង​ ៧០០​នាក់ មក​ពី ៤០​ប្រទេស​លើ​ពិភព​លោក។ បុគ្គល​សំខាន់ៗ ដែល​នឹង​ចូល​រួម​ក្នុង​វេទិកា​នេះ រួម​មាន​លោក​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក​ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) នាយក​រដ្ឋមន្ត្រី​ឡាវ លោក រ៉ូឌ្រីហ្គោ ឌូទែតេ (Rodrigo Duterte) ប្រធានាធិបតី​ហ្វីលីពីន និងលោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្ត្រី​វៀតណាម។ ក្រៅ​ពី​នេះ​ក៏​មាន​ម្ចាស់​ក្រុមហ៊ុន​ធំ​មក​ពី ១៥​វិស័យ​ចូល​រួម​ដែរ។

វេទិកា​ដែល​ធ្វើ​ឡើង​រយៈ​ពេល ៣​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ឆ្នាំ ២០១៧​នេះ ក៏​ចំ​ពេល​ដែល​សមាគម​អាស៊ាន​ប្រារព្ធ​ខួប​ទី​ ៥០​ឆ្នាំ ហើយ​ក៏​ជា​ពេល​ល្អ​បំផុត ដែល​អាស៊ាន​ត្រូវ​ក្រឡេក​មើល​ពី​ស្នាដៃ​របស់​ខ្លួន​កន្លង​មក និង​បង្កើត​គំនិត​ថ្មី ដើម្បី​នាំ​យក​អាស៊ាន​ឆ្ពោះ​ទៅ​កាន់​អនាគត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Justin Wood  ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក។
 
កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ស៊ុន ចាន់ថុល ក្នុង​តួ​នាទី​ជា​ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន​លើក​ឡើង​ថា នេះ​ជា​ឱកាស​មាស​ដ៏​មាន​តម្លៃ​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ក៏​ជា​វេទិកា​មួយ​អាច​ទាក់​ទាញ​វិនិយោគិន​បរទេស​ជា​ច្រើន​បន្ថែម​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។
 
លោក​ស៊ុន ចាន់ថុល​កាល​ពី​ថ្ងៃ​ទី ៨ ឧសភា បាន​លើក​ឡើង​ថា កម្ពុជា​មាន​កិត្ដិយស និង​កិត្យានុភាព​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក និង​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​រីក​ចម្រើន​របស់​កម្ពុជា​ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​សកល​មួយ​នេះ។
 
បើ​តាម​សេចក្តី​សង្ខេប​ព័ត៌មាន​ឲ្យ​ដឹង​ថា​កម្មវិធី​សំខាន់ៗ ក្នុង​វេទិកា​រួម​មាន​ការ​ជជែក​គ្នា​លើស​សរស្តម្ភ​ចំនួន ៣ ដែល​មាន​ដូច​ជា អាស៊ាន​នៅ​ក្នុង​បរិបទ​ថ្មី​នៃ​ពិភព​លោក អាស៊ាន និង​ការ​ភ្ជាប់​ទំនាក់​ទំនង និង​អាស៊ាន និង​យុវជន។
 
នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន ក៏​មាន​វេទិកា​មួយ​ទៀត​ដែល​នឹង​ជជែក​ពី​បញ្ហា​សន្តិសុខ​ស្បៀង ដែល​មេ​ដឹក​នាំ​សំខាន់ៗ​ប្រមាណ ១២០​នាក់ ពី​សមាគម​អាស៊ាន ពិភព​លោក វិស័យ​ឯកជន សង្គម​ស៊ីវិល និង​តំណាង​កសិករ ស្វែង​រក​ដំណោះ​ស្រាយ និង​ចាត់​វិធានការ​ជួយ​ពង្រឹង រួម​ទាំង​រក្សា​ស្ថិរភាព​នៃ​ប្រព័ន្ធ​ស្បៀង​អាហារ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ