អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​បង្ហាញ​ពី​បំណង​ស្នើ​ទៅ​អង្គការ​យូណេស្កូ​បញ្ចូល​ក្រុង​បី​ជា​ក្រុង​បេតិកភណ្ឌ​ពិភព​លោក

តាម​គម្រោង​ចាប់​ពី​ថ្ងៃ​ទី ១០-១៥ ខែ​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ និង​សន្និសីទ​អន្តរជាតិ ស្ដីពី​កិច្ច​សន្ទនា​ក្នុង​ក្របខណ្ឌ​អាស៊ី (ACD) និង​សន្និសីទ​អន្តរជាតិ ស្តីពី​ទេសចរណ៍ និង​ទីក្រុង​បេតិកភណ្ឌ នៅ​ខេត្ត​សៀមរាប។ ហើយ​ឆ្លៀត​ពេល​នោះ កម្ពុជា​នឹង​ផ្សព្វ​ផ្សាយ​ពី​លក្ខណៈ​ពិសេស នៃ​ក្រុង​ចំនួន​បី​របស់​កម្ពុជា​រួម​មាន៖ ក្រុង​ក្រចេះ បាត់ដំបង និង​កំពត ដើម្បី​ទទួល​បាន​ភ្លើង​ខៀវ ពី​អង្គការ​យូណេស្កូ​បញ្ចូល​ក្រុង​ទាំង​បី​នេះ ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។ ក្រុង​ទាំង​បី​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុង​បេតិកភណ្ឌ​ពិភព​លោក​ទី ២ បន្ទាប់​ពី​ក្រុង​សៀមរាប ដែល​បាន​ដាក់​បញ្ចូល​ជា​ក្រុង​បេតិកភណ្ឌ​ពិភព​លោក​រួច​ហើយ។

ក្រុង​​បាត់​​ដំបង់ ដែល​ត្រៀម​នឹង​ដាក់​ជា​​ក្រុង​​បេតិកភណ្ឌ​​ពិភព​លោក​​
ក្រុង​​បាត់​​ដំបង់ ដែល​ត្រៀម​នឹង​ដាក់​ជា​​ក្រុង​​បេតិកភណ្ឌ​​ពិភព​លោក​​ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ក្រុង​បាត់ដំបង់ ខេត្ត​បាត់ដំបង់ គឺ​សំបូរ​ទៅ​ដោយ​សំណង់​អគារ​សល់​ពី​ជំនាន់​សម័យ​អាណានិគម​បារាំង និង​ផ្ទះ​បុរាណ​ច្រើន​កន្លែង។ ដូច្នេះ​បញ្ចូល​ក្រុង​បាត់​ដំបង់​ជា​ក្រុង​បេតិកភណ្ឌ​ពិភព​លោក​នេះ គឺ​ទទួល​បាន​គាំទ្រ​ពី​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​រួច​ទៅ​ហើយ តែ​កម្ពុជា​ត្រូវ​ប្រមែ​ប្រមូល​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​ភាគី​ពាក់​ព័ន្ធ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ពី​អង្គការ​យូណេស្កូ សម្រាប់​ការ​ត្រៀម​ដាក់​បញ្ចូល​ក្រុង​បាត់​ដំបង ជា​ក្រុង​បេតិកភណ្ឌ​ពិភព​លោក​នេះ​ហើយ ទើប​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌​សម្លឹង​ឃើញ​ក្រុង​កំពត និង​ក្រុង​ក្រចេះ​ក្នុង​ការ​ស្នើ​បញ្ចូល​ជា​ក្រុង​បេតិកភណ្ឌ​ដែរ ព្រោះ​ក្រុង​ទាំង​ពីរ​សំបូរ​ទៅ​អគារ​ចាស់ៗ និង​ផ្ទះ​បុរាណ​ដែល​បន្សល់​ទុក​កាល​ពី​ជំនាន់​បារាំង។

លោក ថោង ខុន បាន​គូស​បញ្ជាក់​ថា ត្បិត​តែ​គិត​មួយ​ភ្លេត​ថា គ្មាន​អ្វី​សំខាន់​រហូត​ត្រៀម​ដាក់​បញ្ចូល​ជា​ក្រុង​បេតិកភណ្ឌ​មែន​ពិត ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​គិត​ទៅ​ដល់​គោល​ដៅ​ទេសចរណ៍​ចម្បងៗ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា បន្ថែម​ពី​លើ​គោលដៅ​ដែល​មាន​ស្រាប់​ដូចជា៖ ប្រាសាទ​អង្គរវត្ត តំបន់​ឆ្នេរ ទីក្រុង​ភ្នំពេញ ជា​ដើម។

បន្ថែម​ពី​លើ​នេះ​ទៀត លោក ថោង ខុន មាន​ភាព​ជឿ​ជាក់​ថា អង្គការ​យូណេស្កូ​នឹង​មិន​ជំទាស់​គម្រោង​ត្រៀម​បញ្ចូល​ក្រុង​ទាំង​បី​នេះ​ជា​ក្រុង​បេតិកភណ្ឌ​ទេ ព្រោះ​ស្ថាប័ន​នេះ​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​កម្ពុជា​ក្នុង​ការ​រៀប​ចំ​ឯកសារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

គួរ​រម្លឹក​ថា សម្បត្តិ​វប្បធម៌​របស់​កម្ពុជា ដែល​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​រួម​មាន៖ ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះ​វិហារ ជា​ដើម។ ផ្នែក​វប្បធម៌​វិញ​រួម​មាន៖ របាំ​ព្រះរាជ្យ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ និង​ចាប៉ី​ដង​វែង ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ ​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ