អានតួអត្ថបទ
កម្ពុជា

ទិវា​សេរីភាព​សារព័ត៌មាន៖ អ្នក​កាសែត​បារម្ភ​ពី​ព័ត៌មាន​ក្លែង​ក្លាយនិង​ចង់​ឲ្យ​រួម​គ្នា​លើក​កម្ពស់​សន្តិភាព

ថ្ងៃ​ទី ៣​ឧសភា​នេះ​ គឺ​ជា​ទិវា​សេរីភាព​សារព័ត៌មាន។ អង្គការ​យូណេស្កូ ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ក្រសួង​ព័ត៌មាន ក្លិប​អ្នក​កាសែត​កម្ពុជា និង​ស្ថាប័ន​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​សារព័ត៌មាន​មួយ​ចំនួន​ទៀត បាន​ប្រារព្ធ​ពិធី​អបអរ​ទិវា ៣​ឧសភា​នេះ​ ក្រោម​ប្រធាន​បទ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែប​ថ្មី ឱកាស​ថ្មី និង​ការ​ប្រឈម​ថ្មី។ ការ​ប្រឈម​ថ្មី​គឺ ព័ត៌មាន​ក្លែង​ក្លាយ ដែល​អ្នក​សារព័ត៌មាន​យល់​ឃើញ​ស្រប​គ្នា​ថា ជា​បញ្ហា​ដែល​ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង។ ក្រៅ​ពី​បញ្ហា​នេះ ក៏​មាន​ការ​ជជែក​គ្នា​ផង​ដែរ​អំពី​តួនាទី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព។

ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ២០១៧។
ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ២០១៧។
ផ្សាយពាណិជ្ជកម្ម

វិស័យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា​កំពុង​តែ​ឈានចូល​ដល់​សករាជ​ថ្មី នៅ​ពេល​ដែល​សារព័ត៌មាន​បែប​ថ្មី ដោយ​ចំពោះ​បណ្ដាញ​សង្គម​តែ​ម្ដង កំពុង​តែ​រីក​លូតលាស់​យ៉ាង​ខ្លាំង។ នេះ​គឺ​ជា​ការ​កត់​សម្គាល់​របស់​លោក ប៉ែន បូណា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា និង​ជា​និពន្ធ​នាយក​ទូរទស្សន៍ PNN។ បើ​តាម​លោក ប៉ែន បូណា ការ​មក​ដល់​នៃ​បណ្ដាញ​សង្គម បាន​នាំ​មក​នូវ​ឱកាស​នៃ​ការ​ប្រមូល និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បាន​លឿន​រហ័ស ប៉ុន្តែ​វា​ក៏​បាន​នាំ​មក​នូវ​ការ​ប្រឈម​ថ្មី​ផង​ដែរ។ នោះគឺ ព័ត៌មាន​ក្លែង​ក្លាយ។

ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា រូប​នេះ សង្កេត​ឃើញ​ថា ការ​លូត​លាស់​នៃ​បណ្ដាញ​សង្គម បាន​ក្លាយ​ទៅ​ជា​វេទិកា​មួយ​ដ៏​សម្បូរ​បែប សម្រាប់​ដំណឹង​គ្រប់​ប្រភេទ ទាំង​ដំណឹង​ពិត​និង​មិន​ពិត។ ចង់​ឬ​មិន​ចង់ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ ពិបាក​បែង​ចែក​ថា មួយ​ណា​ជា​ការ​ពិត និង​មួយ​ណា​ជា​ដំណឹង​ក្លែង​ក្លាយ។ ក្នុង​ន័យ​នេះ លោក​បាន​លើក​ឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់ អ្នក​សារព័ត៌មាន​អាជីព ដែល​ត្រូវ​ប្រើ​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំង នឹង​ព័ត៌មាន​ក្លែង​ក្លាយ។

រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន លោក​ ខៀវ​ កាញារីទ្ធ បាន​លើក​ឡើង​ថា វិធី​តែ​មួយ​គត់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន ក្លែង​ក្លាយ ​គឺ​អ្នក​សារព័ត៌មាន​ត្រូវ​ផ្សាយ​ព័ត៌មាន​ពិត កែ​តម្រូវ​លើ​ព័ត៌មាន​មិន​ពិត។ ប៉ុន្តែ​ធ្វើ​ដូច​ម្ដេច​ទើប អ្នក​សារព័ត៌មាន​ដឹង​ថា ព័ត៌មាន​ណា​ពិត ហើយ​មួយ​ណា​មិន​ពិត?

លោក​ស្រី Jodie De Jonge និពន្ធ​នាយក​កាសែត​កម្ពុជា​ដេលី បាន​ចែក​រំលែក​បទ​ពិសោធ​ផ្ទាល់​ថា នៅ​ស្ថាប័ន​លោក​ស្រី ដំណឹង​ខ្លះ​ត្រូវ​បាន​តាម​ដាន ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​រាប់​សប្ដាហ៍ ដើម្បី​បញ្ជាក់​ពី​ការ​ពិត ជា​មុន​សិន ទើប​ចេញ​ផ្សាយ​ជា​ក្រោយ។

ជា​ការ​ពិត​ហើយ​ថា តួនាទី​របស់​អ្នក​សារព័ត៌មាន គឺ​ត្រូវ​បង្ហាញ​ពី​ការ​ពិត ប៉ុន្តែ​មិន​មែន​ការ​ពិត​ទាំង​អស់​គួរ តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ទេ។ លោក ឆាយ សុផល មន្ដ្រី​គម្រោង​ថ្នាក់​ជាតិ​នៃ​អង្គការ​យូណេស្កូ បាន​សង្កត់​ធ្ងន់​ថា ការ​ពិត​មួយ​ចំនួន​មិន​អាច​ផ្សាយ​បាន​ព្រោះ​វា​ត្រូវ​ចង​នៅ​ក្នុង​ច្បាប់ ហើយ​ការ​ពិត​មួយ​ចំនួន​ទៀត អាច​បង្ក​ជា​ជម្លោះ។ ដូច្នេះ បើ​តាម​លោក ឆាយ សុផល អ្នក​កាសែត​គួរ​តែ​ចៀស​វាង​សរសេរ​ការ​ពិត​ណា​ដែល​បង្ក​ជម្លោះ ហើយ​ផ្សព្វ​ផ្សាយ​តែ​ការ​ពិត​ដែល​លើក​កម្ពស់​សន្តិភាព​ទើប​ប្រសើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ