អានតួអត្ថបទ
កម្ពុជា

ទិវា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ផ្តោត​លើ​ការ​លំបាក​ប្រមូល​ព័ត៌មាន​សាធារណៈ​ដោយ​អ្នក​កាសែត

ថ្ងៃ​ទី​០៣ ​ខែ​ឧសភា ​ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ តាំង​ពី​ឆ្នាំ​១៩៩៣​មក។ ​សម្រាប់​ឆ្នាំ​២០១៥​កម្ពុជា​ប្រារព្ធ​ទិវា​ដ៏​សំខាន់​នេះ​នៅ​ព្រឹក​ថ្ងៃ​​ចន្ទ​ ទី​០៤​ ខែ​ឧសភា​ស្អែក​ ក្រោម​ប្រធាន​បទ​សារព័ត៌មាន​និង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ​ការ​ពិភាក្សា​គ្នា​របស់​អ្នក​តំណាង​ស្ថាប័ន​នានា ​និង​អ្នក​អនុវត្ត​ផ្ទាល់​ ដែល​គ្រោង​ធ្វើ​នៅ​ឯ​សណ្ឋាគារ​កាំបូឌីយ៉ា​ណា​នោះ​ នឹង​ផ្តោត​ជា​សំខាន់​លើ​ឧបសគ្គ​ទាំង​ឡាយ​ចំពោះ​អ្នក​កាសែត​កម្ពុជា​ ក្នុង​ការ​ប្រមូល​ព័ត៌មាន​សាធារណៈ​យក​មក​ផ្សព្វផ្សាយ។

ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ដែល​នឹង​ប្រព្រឹ​ត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៤ ​ខែ​​ឧសភា ​​ឆ្នាំ​​២០១៥​នេះ​។​
ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ដែល​នឹង​ប្រព្រឹ​ត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៤ ​ខែ​​ឧសភា ​​ឆ្នាំ​​២០១៥​នេះ​។​ DMC/FB
ផ្សាយពាណិជ្ជកម្ម

តើ​អនាគត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​កម្ពុជា​នឹង​ចែង​អំពី​អ្វីខ្លះ​សម្រាប់​ជួយ​អ្នក​កាសែត​ឱ្យ​បំពេញ​ការងារ​បាន​ស្រួល​ ដោយ​ឯករាជ្យ​ និង​ទាន់​ពេល​វេលា? ​តើ​អ្វីខ្លះ​ជា​ឧបសគ្គ​ជាក់​ស្តែង​បច្ចុប្បន្ន​ដែល​រារាំង​ការ​អនុវត្ត​ការងារ​របស់​អ្នក​រាយការណ៍​ដំណឹង?

ទាំងនេះ​ជា​សំណួរ​ខ្លះៗ​សម្រាប់​វេទិកា​ពិភាក្សា​គ្នា​របស់​អ្នក​អនុវត្ត​ការងារ​ទាក់ទង​នឹង​សារព័ត៌មាន​ និង​អ្នក​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា​ ក្លឹប​អ្នកកាសែត​កម្ពុជា​ សមាគមន៍​កម្ពុជា​ការពារ​អ្នក​កាសែត​ និង​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ជំនួប​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ចន្ទ​ ទី​០៤ ​ខែ​ឧសភា ​ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា ​ដើម្បី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​កម្ពុជា​នោះ​ ​ក៏​ឆ្លៀត​ពិចារណា​អំពី​សេរីភាព​នៃ​ការ​សម្ដែង​​មតិ​ជា​ទូទៅ ​និង​អំពី​ព្រឹត្តិការណ៍​ដ៏​សោកសៅ​របស់​ទស្សនា​វដ្ដី​ Charlie Hebdo នៅ​ប្រទេស​បារាំង​ផង​ដែរ។

នៅ​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ទិវា​ដ៏​សំខាន់​នេះ​ក្រោម​ប្រធាន​បទ​ «សារព័ត៌មាន​ និង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន» ​លោក​ បាន​គីមូន​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ អ្នកស្រី ​អ៊ីរីណា ​បូកូវ៉ា​ (Irina Bokova) ​អគ្គនាយក​អង្គការ​យូណេស្កូ ​និង​លោក​ ហ្ស៊េដ រ៉ាអាដ​ អាល់ហ៊ូសេន​ (Zeid Ra-ad Al Hussein) ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​សារ​រួមគ្នា​ថា​៖ «ដើម្បី​ឱ្យ​សន្តិភាព​ស្ថិត​ស្ថេរ​យូរ​អង្វែង​ ហើយ​ការ​អភិវឌ្ឍ​មាន​និរន្តរភាព​ គេ​ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស។ ​គ្រប់គ្នា​ត្រូវ​តែ​មាន​សេរីភាព​ស្វែង​រក​ ទទួល​ និង​ផ្សាយ​ចំណេះ​ដឹង​ និង​ព័ត៌មាន​ តាម​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ​ ទាំង​លើ​ប្រព័ន្ធ​អ៊ិនធើណិត​ ទាំង​ក្រៅ​ប្រព័ន្ធ​អ៊ិនធើណិត។ ​សារព័ត៌មាន​ដែល​មាន​គុណភាព​នាំ​ឱ្យ​ប្រជាជន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​មាន​ព័ត៌មាន​ពេញ​លេញ​ ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សង្គម​របស់​ខ្លួន»។

ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ចន្ទ​ ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា ​នឹង​ត្រូវ​ចូលរួម​ដោយ​លោក ខៀវ កាញ្ញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​ អ្នក​ស្រី​អាន​ ឡឺម៉េស្ត្រ ​តំណាង​អង្គការ​យូណេស្កូ​នៅ​កម្ពុជា​ និង​ភ្ញៀវ​កិត្តិយស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ