អានតួអត្ថបទ
កម្ពុជា

ទិវា​វិទ្យុ​ពិភពលោកៈ អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បង្ហាញ​ថា​វិទ្យុ​នៅ​កម្ពុជា​ដើរ​តួ​នាទី​កាន់​តែ​សំខាន់

នៅ​ថ្ងៃ​ចន្ទ​ទី ១៣ កុម្ភៈ​នេះ គឺ​ជា​ទិវា​ពិភព​លោក​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ។ អង្គការ UNESCO បាន​ចាត់​ចែង​ និង​ដឹក​នាំ​ប្រារព្ធ​ពិធី​នេះ​ឡើង ដោយ​អំពាវនាវ​ឲ្យ​ស្ថានីយ៍​ផ្សាយ​វិទ្យុ​នានា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ឡាយ​ចូល​រួម​អប​អរ​ទិវា​វិទ្យុ​ពិភព​លោក​ឆ្នាំ​ ២០១៧​នេះ។ ដោយ​ឡែក វិទ្យុ​ផ្សាយ​សម្លេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ នៅ​ពេល​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ក៏​កំពុង​ដើរ​តួ​នាទី​កាន់​តែ​សំខាន់​ទៅៗ​សំខាន់​ទៅ ចំពោះ​ស្ថានីយ៍​វិទ្យុ​មួយ​ចំនួន ដែល​បាន​ប្រកាន់​ខ្ជាប់ តាម​ក្រម​សីលធម៌​វិជ្ជា​ជីវៈ។

ទិវា​វិទ្យុ​ពិភព​លោកៈ អ្នក​​ជំនាញ​​ខាង​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​​បង្ហាញ​​ថា​​វិទ្យុ​​នៅ​​កម្ពុជា​​ដើរ​​តួ​​នាទី​​កាន់​​តែ​​សំខាន់​
ទិវា​វិទ្យុ​ពិភព​លោកៈ អ្នក​​ជំនាញ​​ខាង​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​​បង្ហាញ​​ថា​​វិទ្យុ​​នៅ​​កម្ពុជា​​ដើរ​​តួ​​នាទី​​កាន់​​តែ​​សំខាន់​
ផ្សាយពាណិជ្ជកម្ម

តាម​ក្រសួង​ព័ត៌មាន វិទ្យុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ប្រមាណ​ជា​ជាង ១០០ ស្ថានីយ៍ ទាំង​នៅ​តាម​ខេត្ត​ និង​នៅ​រាជធានី​ភ្នំពេញ។ វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សន្ទុះ​ខ្លាំង​ក្លា​ក៏​ប៉ុន្តែ មាន​វិទ្យុ​តិច​តួច​ប៉ុណ្ណោះ ដែល​បាន​បំរើ​ការ​ផ្សាយ​ព័ត៌មាន​ជា​អចិន្ត្រៃយ៍​តាម​បែប​វិជ្ជា​ជីវៈ។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​លោក​ប៉ែន បូណា កត់​សម្គាល់​ថា វិទ្យុ​បាន​ដើរ​តួ​នាទី​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​មាន​ភាព​ងាយ​ស្រួល​ទទួល​បាន​ព័ត៌មាន​ទោះ​ជា​ប្រជាពលរដ្ឋ​ក្រី​ក្រ​ក៏​ដោយ ដោយ​គ្រាន់​តែ​មាន​កូន​វិទ្យុ​មួយ​នៅ​នឹង​ដៃ​ប៉ុណ្ណោះ។ ដោយ​មាន​ហ្វេ្រកង់​ជាប់​គ្នា​រដឹក លោក​ប៉ែន បូណា បន្ថែម​ថា​វិទ្យុ​មាន​ភាព​សកម្ម​រីក​ចំរើន​ច្រើន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា ក៏​ប៉ុន្តែ​មាន​តែ​បរិមាណ តែ​វិទ្យុ​ដែល​មាន​គុណភាព​ព័ត៌មាន​មិន​ច្រើន​ប៉ុន្មាន​ទេ។

ដោយ​ឡែក​លោក មឿន ឈាន​ណា​រិទ្ធិ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន​បញ្ជាក់​ថា តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក វិទ្យុ​មាន​ផល​ប្រយោជន៍​ច្រើន​ជាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត រួម​មាន​កាសែត កាសែត​អនឡាញ និង​ទូរទស្សន៍​ជា​ដើម។ លោក​ណារិទ្ធិ បញ្ជាក់​ថា​អ្នក​មិន​ចេះ​អក្សរ អ្នក​ពិការ​ភ្នែក អ្នក​មមាញឹក​ក្នុង​ការងារ​សុទ្ធ​តែ​អាច​ស្តាប់​វិទ្យុ ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ទូ​លាយ ដោយ​មិន​បង់​ថ្លៃ​បាន ដោយ​មាន​តែ​កូន​វិទ្យុ​មួយ​ក្នុង​ដៃ ខុស​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេងៗ​ទៀត។

ជាមួយ​គ្នា​នេះ លោក អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា វិទ្យុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សារៈ​សំខាន់​ជាង​គេ ក្នុង​ការ​ផ្តល់​សារ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​គឺ វិទ្យុ​កាន់​តែ​ដើរ​តួ​នាទី​សំខាន់​បន្ថែម​ទៀត​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន​ទៅ​កាន់​សាធារណៈ​ជន តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម ពី​លើ​អ្វី​ដែល​មាន​ការ​ផ្សាយ​តាម​រលក​ធាតុ​អាកាស​ស្រាប់​នោះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ