អានតួអត្ថបទ
កម្ពុជា-សង្គម

​អង្គការPLAN៖ ​ការ​សម្រេច​ចិត្ត​របស់​ក្មេង​ស្រី​លើ​ការងារ​សង្គម​មាន​ត្រឹម​ថ្នាក់​ឃុំ​

អង្គការPLAN​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​រៀបចំ​វេទិកា​តុមូល​ក្រោម​ប្រធានបទ«ស្ដីពី​ការ​ចូល​រូម​របស់​ក្មេងស្រី​ក្នុង​ការ​សម្រេចចិត្ត​ក្នុង​ប្រទេស​កម្ពុជា»។ ក្នុងនោះ PLAN រក​ឃើញ​ថា ការសម្រេច​ចិត្ត​របស់​ក្មេង​ស្រី​លើ​ការងារ​សង្គម មាន​ត្រឹម​ថ្នាក់​ឃុំ ខណៈ​ឱកាស​នៃ​ការ​សម្រេច​ចិត្ត​នៅថ្នាក់ជាតិ​មាន​ចំនួន​តិច​តួច។ 

ការសម្រេចចិត្តរបស់ក្មេងស្រីលើការងារសង្គមមានត្រឹមថ្នាក់ឃុំ
ការសម្រេចចិត្តរបស់ក្មេងស្រីលើការងារសង្គមមានត្រឹមថ្នាក់ឃុំ @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​រក​ឃើញ​ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​ក្មេងស្រី​លើ​ការងារ​សង្គម​មាន​ត្រឹម​ថ្នាក់​ឃុំ​នេះ ធ្វើ​ឡើងតាមរយៈ​ការ​ជួប​សម្ភាស​ទៅ​លើ​កុមារា និង​កុមារី​ជាង​២០០​នាក់ នៅ​ក្នុង​ខេត្តត្បូង​ឃ្មុំ សៀមរាប រតនគិរី ។ បើ​ក្រឡេក​មក​មើល​ការ​សម្រេច​ចិត្ត​របស់​ក្មេងស្រី​នៅ​ថ្នាក់ជាតិ​វិញ​គឺ​នៅ​មាន​ចំនួនតិច​នៅ​ឡើយ។ នេះ​ក៏​ដោយ​សារ​តែ​កត្តា​ចំណេះដឹង​សមត្ថភាព និង​ការ​រក្សា​ផ្នត់​គំនិត​ពី​បុរាណរបស់​ឱពុក​ម្ដាយ​មួយ​ចំនួន​មិន​អនុញ្ញាត​ឲ្យ​កូន​ស្រី​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ។ ក្រៅ​តែ​ពី​ការ​រារាំង​របស់ឱពុក ម្ដាយ កង្វះ​ការ​ជម្រុញពី​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​ក៏​ជា​ចំណែក​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​ក្មេងស្រី​មិន​អាច​ឈាន​ដល់​ការ​សម្រេច​ចិត្ត​មក​ដល់​ថ្នាក់​ជាតិ។

លោក យី គឹមថាន នាយក​ប្រចាំ​ប្រទេស​ស្ដីទី​នៃ​អង្គការ​PLAN​អន្តរជាតិ​បាន​កត់​សម្គាល់​បន្ថែមថា បច្ចុប្បន្ន​ចំនួន​ស្ត្រី​និង​ក្មេង​ស្រី​បំពេញ​ការងារ និង​មាន​មុខ​តំណែង នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ មាន​ការ​កើន​ឡើង ប៉ុន្តែ​ការ​សម្រេច​ចិត្ត​នៅ​ថ្នាក់​ជាតិ មិន​ទាន់​ឆ្លើយតប​នឹង​ចំនួន​ពួក​គេ​នៅ​ឡើយ។ ក្នុង​នោះ​តួអង្គ​សំខាន់​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ក្លាហាន​ហ៊ាន​សម្រេច​ចិត្ត​នៅ​ថ្នាក់​ជាតិ​បាន​គឺ​ការជំរុញ​ពី​ក្មេង​ប្រុស និងបុរស តាម​រយៈ​ការ​បោះបង់​ចោល​គំនិត​ដែល​ថា ស្ត្រី​និង​ក្មេងស្រី សម្រេចចិត្ត​បាន​តែ​លើ​ការងារ​ស្រួច​ស្រាល។

ជាមួយគ្នានេះ ផ្អែក​តាម​របាយការណ៍​មួយ​លើក​បង្ហាញ​ដោយ​អង្គការ​PLANអន្តរជាតិ​គឺ​ជាងពាក់​កណ្ដាល​នៃ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ដល់​១៧​ឆ្នាំ​មិន​មាន​ភាព​ជឿជាក់​និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯងនោះ​ទេ ហើយ​ជា​លទ្ធផល​ពួកគេ​មិន​អាច​ចាប់​យក​ឱកាស​និង​មិន​សូវ​ចូល​រួម​ក្នុង​សកម្មភាពសង្គម​ឡើយ។

តែ​ទោះ​ជា​បែប​នេះ​ក្ដី ក្រសួង​កិច្ចការនារី​មើល​ឃើញ​ថា ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ត្រី​និង​ក្មេង​ស្រីជាមួយ​នឹង​ការងា​សង្គម​គឺ​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​តាមរយៈ​គោលនយោបាយ​របស់​រដ្ឋាភិបាល។លោក ថេ ឈុនហាក់ អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រសួង​កិច្ចការនារី​បាន​គូស​បញ្ជាក់ថា ក្មេងស្រី​បាន​ក្លាយ​ជា​គំរូ​ផ្លាស់ប្ដូរ​គំនិត​នៅ​ក្នុង​សង្គម។ សង្គម​ពី​មុន​ដែលបាន​កំណត់​ការងារ​ស្រ្តី​ឬ​ក្មេង​ស្រី​ត្រឹម​ការងារ​ផ្ទះ តែ​បច្ចុប្បន្ន​ស្ត្រី​បាន​ធ្វើ​ការងារ​មួយ​ចំនួន​ដូចនឹង​បុរស​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ