អានតួអត្ថបទ
កម្ពុជា

យុវជន​ដែល​សកម្ម ​គឺត្រូវ​ចេះ​ឈឺ​ឆ្អាល​រឿង​សង្គម​ និង​ចេះ​ទាមទារ​ដោយ​ប្រើ​សម្តី​សមរម្យ​

ទោះ​បី​ជា​គ្មាន​ទិន្នន័យ​ច្បាស់​លាស់​ក្តី គេ​មាន​ការ​យល់​ឃើញ​ខុស​គ្នា​ចំពោះ​យុវជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ដែល​អ្នក​ខ្លះ​ថា យុវជន​ហាក់​សកម្ម​នឹង​រឿង​សង្គម​ច្រើន​ជាង​មុន​ ហើយ​អ្នក​ខ្លះ​ទៀត​យល់ថា​ យុវជន​ខ្មែរ​សកម្ម​ដែរ តែ​សកម្ម​ខាង​រឿង​ផល​ប្រយោជន៍​ខ្លួន​ និង​ប្រយោជន៍​ក្រុម​របស់​ខ្លួន។ ប៉ុន្តែ​ដើម្បី​ធ្វើ​ខ្លួន​ជា​យុវជន​ដែល​មាន​ភាព​ជា​ម្ចាស់​នៃ​ប្រទេស​របស់​ខ្លួន ​គេ​ត្រូវ​តែ​ឈឺ​ឆ្អាល​រឿង​សង្គម​ដើម្បី​ប្រយោជន៍​ទូទៅ​ ហើយ​រាល់​សកម្មភាព​ប្រើប្រាស់​សិទ្ធិ​ទាមទារ​តវ៉ា​ផ្សេងៗ​ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​អហិង្សា​និង​ដោយ​ប្រើ​សម្តី​សមរម្យ។ នេះ​គឺ​ការ​លើក​ឡើង​នៅ​ក្នុង​ការ​ជួប​ជុំ​យុវ​ជន​ជាង​៨០០នាក់ នៅ​ព្រឹកមិញ​នេះ​ នៅ​មហោ​ស្រប​ចេនឡា​។

ពិធីជជែកពិភាក្សាជាមួយយុវជនជាង៨០០នាក់ ដែលរៀបចំអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន YRDP
ពិធីជជែកពិភាក្សាជាមួយយុវជនជាង៨០០នាក់ ដែលរៀបចំអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន YRDP RFI@HENG Oudom
ផ្សាយពាណិជ្ជកម្ម

 

គឺ​ជា​កម្មវិធី​ដែលរៀប​ចំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍ​ធន​ធាន​យុវជន​ (YRDP) នៅ​ក្រុង​ភ្នំពេញ​ ក្រោម​ប្រធាន​បទ«ការ​យល់​ដឹង​ពី​សកល​លោកនិង​ការ​អភិវឌ្ឍ​ខ្លួន​ជា​ពលរដ្ឋ​សកម្ម»។ ដោយសារ​មាន​យុវជន​ចូលរួម​ជាង​៨០០នាក់ ការ​ជជែក​ពិភាក្សា​​ហាក់​បាន​ផ្តោត​​សំខាន់​រឿង​យុវ​ជន​សកម្មច្រើន​ជាង​។​

លោក ជាង​ សុខា ជានាយក​ប្រតិបត្តិ YRDP​ ​បាន​សង្កេត​ឃើញថា ​យុវជន​ខ្មែរ​មួយ​ចំនួន​ហាក់​មិន​សូវ​សកម្ម​រឿង​កិច្ច​ការ​អភិវឌ្ឍ​សង្គម​ជាតិ ​ដែល​ជា​ប្រយោជន៍​រួម​ប៉ុន្មាន​ទេ​ ហើយ​មួយ​ចំនួន​ទៀត សកម្មដែរ តែ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​បក្សពួក​ក្រុម​ខ្លួន​តែ​ប៉ុណ្ណោះ។

ការ​មិន​សូវ​សកម្ម​របស់​យុវជន​ ក្នុង​រឿង​កំណត់​ជោគ​វាសនា​ប្រទេស​របស់​ខ្លួន ត្រូវ​បាន​លោក ជាង សុខា ពន្យល់​ថា​ គឺ​មក​ពី​មិន​បាន​ទទួល​ព័ត៌មាន​លម្អិត​ ពិត​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ ដែល​អាច​ជឿទុក​ចិត្ត​ ហើយ​អាច​យក​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្ត​។  ចំណែក​បរិយាកាស​សង្គម​កន្លែង​ខ្លះទៀត​សោត​ ហាក់​មិន​អំណោយ​ផល​ឲ្យ​យុវជន​ធ្វើ​ខ្លួន​ជា​ជន​សកម្មភាព​បាន​។

យុវជន​ភាគ​ច្រើន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​យល់​ដឹង​ថា ការ​ចូលរួម​ការងារ​ឲ្យ​សកម្ម​នៅ​ក្នុង​សង្គម​ មិន​មែន​ចាំបាច់​តែ​រឿង​នយោបាយ​នោះ​ទេ តែ​គេ​អាច​ចូលរួម​រឿង​បរិស្ថាន​ ការ​ដាំ​និង​បណ្តុះ​កូន​ឈើ ចុះ​អង្កេត​ធម្មជាតិ​ព្រៃឈើ ​រឿង​ដី​ធ្លី ហើយ​ក៏​មាន​រឿង​​មនុស្ស​ធម៌​មួយ​ចំនួន​ទៀត​ ដែល​យុវជន​អាច​ចូលរួម​បាន​។ ទោះ​យ៉ាងណា​ក្តី​ ពួក​គេ​បាន​អះអាង​ថា ចំពោះ​សកម្មភាព​សង្គម​មួយ​ចំនួន​ដែល​ទាក់​ទង​នឹង​រឿង​រស៊ើប​ខ្លះ ដូច​ជា​រឿង​ដីធ្លី ព្រៃឈើ និង​បរិស្ថាន​ជា​ដើម​ ត្រូវ​អាជ្ញាធរ​ហាម​ឃាត់ និង​ពេល​ខ្លះ ក៏​មាន​ការ​បង្ក្រាប​ទៀត​ផង។

ក៏​ប៉ុន្តែ​ដើម្បី​ជា​ដំណោះ​ស្រាយ អ្នក​ស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក នាយិកា​អង្គការ​លីកាដូ និង​ជា​វាគ្មិន ​បាន​ឲ្យ​យោបល់​ទៅ​យុវជន​ទាំង​នោះថា បើ​មាន​ការ​បង្ក្រាប​ គឺពុំ​ត្រូវ​​ឈប់និង​បង្អង់​ដៃនោះទេ​ គឺ​ត្រូវតែ​ចូលរួម​ឲ្យ​សកម្ម​បន្ថែមទៀត​ តែ​ដោយអហិង្សា។ ពោ​ល​គឺ​ពុំ​ត្រូវ​តបត​​ដោយ​​ប្រើ​អំពើ​​ហិង្សា និង​មិន​ត្រូវ​ប្រើ​ពាក្យ​អសុរស ជេរ​ប្រមាថ​ទៅលើ​អាជ្ញាធរ​ ដែល​ធ្វើ​ឲ្យ​គេ​ខឹង​និង​កាន់តែ​ប្រើ​ធម៌​ក្តៅ​បន្ថែម​ទៀត។​ ស្រប​គ្នា​នោះដែរ លោក ជុន ចាន់បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី និង​ជា​វាគ្មិនផង​ បាន​បន្ថែមថា យុវជន​ត្រូវតែ​ធ្វើ​មុខ​ក្រាស់​បន្តិច ទៅ​ហើយ​ទៅ​ទៀត កុំ​បោះបង់​ ដើម្បី​សម្រេច​បំណង​ដែល​ចង់​បាន។​

នៅ​ចុង​ក្រោយ​ ទាំងវាគ្មិន ​អ្នក​សម្រប​សម្រួល និងយុវជន​ចូលរួម ហាក់​ដូច​ជា​បាន​ឯកភាព​គ្នា គឺ​ថារាល់​ការ​ទាម​ទារ​​សិទ្ធិនិង​ចូល​រួម​កិច្ច​ការ​សង្គម​ទាំងឡាយ​ គេ​​ត្រូវ​ចាប់​ផ្តើម​ដោយ​ត្រូវ​យល់​ឲ្យ​ច្បាស់​ជាមុនសិន​​នូវ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ខ្លួន។ ហើយ​អនុវត្ត​សិទ្ធិ​ទាំង​នោះ ដោយ​អហិង្សា ប្រកប​ដោយ​សីលធម៌ ហើយ​មិន​ចេះតែ​ជេរ​ប្រមាថ​គេ​ឯងនោះ​ទេ។ ​អ្វី​ដែល​សំខាន់​ទៅទៀតនោះ គឺ​ព្យាយាម​តាម​ដាន​ព័ត៌មាន​ និង​ចូលរួម​ឲ្យ​សកម្ម ប្រកប​ដោយ​ការ​យល់​ដឹង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ