ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/08 12h00 GMT
កម្ពុជា

យុវជន​មាតា​ធម្មជាតិ​បន្ត​យុទ្ធនាការ​ដេញ​សាឡង់​បូម​ខ្សាច់​នៅ​កោះ​កុង

media  
យុវជន​​មាតា​​ធម្មជាតិ​ កំពុង​ចង្អុល​បង្ហាញ​ពី​សាឡង់​បូមខ្សាច់​ នៅ​ពី​ក្រោយ​ខ្នង​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ក្រុម​យុវជន​ធ្វើ​ការ​បណ្តេញ​ចេញ ​ក្នុ​ង​ខេត្ត​កោះ​កុង។​ សហការី

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​បន្ត​យុទ្ធនាការ​ដេញ​សាឡង់​បូម​ខ្សាច់ នៅស្រុក​បទុមសាគរ ខេត្ត​កោះ​កុង​។ មូលហេតុ​នៃ​ការ​បណ្ដេញ​សាឡង់​បូម​ខ្សាច់​នេះ ត្រូវ​បាន​តំណាង​ចលនា​មាតា​ធម្មជាតិ​អះអាង​ថា ធ្វើ​ឡើង​ដោយ​សារ​តែ​សាឡង់​នោះ បូម​ខ្សាច់​ខុស​ទីតាំង​ដែល​កំណត់​ក្នុង​អាជ្ញាប័ណ្ណ​។ ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ​​និង​ថាមពល បញ្ជាក់​ប្រាប់វិទ្យុ​បារាំង​ថា សាឡង់​បូម​ខ្សាច់​នៅ​ស្រុក​បទុមសាគរ​នោះ បាន​ទទួល​អាជ្ញាបណ្ណ​ពី​ក្រសួង និង​បាន​ធ្វើ​ការ​បូម​ខ្សាច់​ត្រឹម​ត្រូវ​តាម​ទីតាំង​កំណត់​។

យុទ្ធនាការ​បណ្ដេញ​សាឡង់​បូម​ខ្សាច់ ចេញ​ពី​ព្រែក នៅ​ភូមិ​អណ្ដូង​ទឹក ឃុំ​អណ្ដូង​ទឹក ស្រុក​បទុមសាគរ ខេត្ត​កោះ​កុង របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​អាទិត្យ ទី​២៦​ខែ​កក្កដា​ ដោយ​មាន​ប្រជាសហគមន៍​និង​អ្នក​ចូលរួម​ជាង​១០០​នាក់​។ បន្ទាប់​ពី​បណ្ដេញ​សាឡង់​បូម​ខ្សាច់​មិន​បាន​សម្រេច ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ បាន​បន្ត​យុទ្ធនាការ​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ ទី​២៧​ខែ​កក្កដា​នេះ​ទៀត​។
 
លោក ស៊ិន សំណាង សហស្ថាបនិក​ចលនា​មាតា​ធម្មជាតិ អះអាង​ថា សាឡង់​​​ចំនួន​ពីរ ដែល​កំពុង​បូម​ខ្សាច់ នៅ​ស្រុក​បទុមសាគរ ខេត្ត​កោះ​កុង​នោះ គឺ​ជា​សាឡង់​របស់​ក្រុមហ៊ុន​វៀតណាម​។ ថ្វី​ត្បិត​តែ​មាន​អាជ្ញាបណ្ណ​ត្រឹម​ត្រូវ​មែន ប៉ុន្តែ​សាឡង់​នោះ​បាន​បូម​ខ្សាច់​ខុស​ទីតាំង​ដែល​កំណត់​ក្នុង​អាជ្ញាបណ្ណ បណ្ដាល​ឲ្យ​បាក់​ចាំង បាក់​ព្រៃកោងកាង និង​ធ្វើ​ឲ្យ​ទឹក​កខ្វក់ មិន​អាច​នេសាទ​បាន​។
 
ផ្ទុយ​ពី​ការ​អះអាង​របស់​ចលនា​មាតា​ធម្មជាតិ លោក ឌិត ទីណា អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ​​និង​ថាមពល បញ្ជាក់​ប្រាប់វិទ្យុ​បារាំង​ នៅ​ថ្ងៃ​ចន្ទ ទី​២៧​កក្កដា​នេះ​ថា សាឡង់​បូម​ខ្សាច់​ទាំង​ពីរ​នៅ​ត្រង់​ព្រែក ក្នុង​ភូមិ​អណ្ដូង​ទឹក ឃុំ​អណ្ដូង​ទឹក ស្រុក​បទុមសាគរ ខេត្ត​កោះ​កុង​នោះ មិន​មែន​ជាសាឡង់​របស់​ក្រុមហ៊ុន​វៀតណាម​ទេ​។ សាឡង់​ទាំង​ពីរ​នោះ គឺ​ជា​សាឡង់​របស់​ក្រុមហ៊ុន​ខ្មែរ ដែល​​បាន​ទទួល​អាជ្ញាបណ្ណ​ពី​ក្រសួង។ ចំពោះ​ការ​ចោទ​ប្រកាន់​ថា សាឡង់​បូម​ខ្សាច់​ខុស​ទីតាំង លោក ឌិត ទីណា បាន​ច្រាន​ចោល​ទាំង​ស្រុង​​។ លោក​ថា សាឡង់​ធ្វើ​សកម្មភាព​​បូម​ខ្សាច់​ត្រឹម​ត្រូវ​ តាម​ទីតាំង​ដែល​អាជ្ញាធរ​កំណត់​​ផ្ដល់ឲ្យ​។
 
ទន្ទឹម​គ្នា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​និង​ថាម​ពល ក៏​បាន​អំពាវនាវកុំ​ឲ្យ​ភាគី​ណា​ផ្សេង ធ្វើ​សកម្មភាព​ដើរ​តួ​ជំនួស​អាជ្ញាធរ នៅ​ក្នុង​ការ​ពិនិត្យ​និង​ត្រួត​ពិនិត្យ​ការងារ​បូម​ខ្សាច់​​។ បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល ក្រសួង​ក៏​ដូច​ជា​ក្រុមហ៊ុន នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ​ប្រសិន​បើ​ការ​ធ្វើ​សកម្មភាព​នោះ​ប៉ះពាល់​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​ការងារ​របស់​ក្រសួង​​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ