អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រធាន​បក្ស​យុវជន​កម្ពុជា ប្តឹង​លោក កឹម សុខា ទាមទារ​រក​សេចក្តី​ថ្លៃ​ថ្នូរ

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​២០ មិថុនា​នេះ បាន​ដាក់​ពាក្យ​ប្តឹង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ជា​ផ្លូវ​ការ ពី​បទ​រើស​អើង​មក​លើ​គណបក្ស​នយោបាយ​តូចៗ។ បើ​តាម​ពាក្យ​បណ្តឹង​ដែល​ដាក់​ទៅ​កាន់​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ លោក ពេជ្រ ស្រស់ មិន​បាន​ទាមទារ​សំណង​អ្វី​នោះ​ទេ​ តែ​កម្មវត្ថុ​នៃ​ពាក្យ​បណ្តឹង គឺ ចង់​ទាមទារ​រក​សេចក្តី​ថ្លៃ​ថ្នូរ​ជូន​គណបក្ស​នយោបាយ​តូចៗ។

លោកពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា
លោកពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

ពាក្យ​បណ្តឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ដាក់​ទៅ​កាន់​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​មិថុនា ដោយ​មាន​កម្មវត្ថុ​ចំនួន​ពីរ។ ទី​១. គឺ​ប្តឹង​លោក កឹម សុខា ពី​បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​រើស​អើង​ចំពោះ​គណបក្ស​នយោបាយ និង​ទី​២. គឺ​ប្តឹង​ពី​បទ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ​របស់​ខ្លួន។ បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូប​នេះ ពាក្យ​បណ្តឹង​របស់​ខ្លួន មិន​បាន​ទាមទារ​សំណង​អ្វី​ពី​លោក កឹម សុខា នោះ​ទេ ប៉ុន្តែ​គឺ​ចង់​ទាម​ទារ​ស្វែង​រក​សេចក្តី​ថ្លៃ​ថ្នូរ​ជូន​គណបក្ស​របស់​ខ្លួន ព្រម​ទាំង​ឱ្យ លោក កឹម សុខា ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ប៉ុន្តែ​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​អះអាង​ថា គណបក្ស​សង្រ្គោះ​ជាតិ​មិន​ចាប់​អារម្មណ៍​នឹង​ពាក្យ​បណ្តឹង​នេះ​ទេ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ពេជ្រ ស្រស់ ការ​ឈាន​ទៅ​ដល់​ដាក់​ពាក្យ​បណ្តឹង​នៅ​ក្នុង​តុលាការ​នេះ គឺ​ដោយ​សារ​តែ​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា បាន​ប្រើ​ប្រាស់​សារ​នយោបាយ​រើស​អើង​ចំពោះ​គណបក្ស​នយោបាយ​តូចៗ ដោយ​លោក កឹម សុខា បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​ទី ១២ មិថុនា នៅ​ឯ​ស្រុក​បារាយ​ខេត្ត​កំពង់ធំ កុំ​ឲ្យ​ប្រជាពលរដ្ឋ​បង្ហិន​សន្លឹក​ឆ្នោត​របស់​ខ្លួន តាម​រយៈ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​តូចៗ។ លោក ពេជ្រ ស្រស់ បាន​ចាត់​ទុក​សារ​នយោបាយ​នេះ​ថា នាំ​ឱ្យ​មាន​ការ​រើស​អើង​ចំពោះ​គណបក្ស​នយោបាយ​តូចៗ។

គួរ​ជំរាប​ជូន​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ មាន​គណបក្ស​នយោបាយ​ចំនួន​១២​បាន​ចូល​រួម ហើយ​ក្នុង​នោះ​គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​តែ​ជាង​១៥០០​សម្លេង​ប៉ុណ្ណោះ។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​អតីត​និស្សិត​ច្បាប់​ម្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ កាល​ពី​ឆ្នាំ​២០០៦ លោក​ធ្លាប់​ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា ប្រចាំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ធ្លាប់​ជា​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​ច្បាប់ និង​បន្ទាប់​មក​ជា​សកម្មជន​នយោបាយ ដែល​ធ្លាប់​ដើរ​ភ្លក់​រសជាតិ​ជាមួយ​គណបក្ស​នយោបាយ​ជា​ច្រើន មុន​ចេញ​មក​បង្កើត​គណបក្ស​យុវជន​កម្ពុជា​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សូ ចន្ថា សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​បាន​ចាត់​ទុក​ពាក្យ​បណ្តឹង​របស់​លោក ពេជ្រ ស្រស់​នេះ​ថា​ គឺ​គ្រាន់​តែ​ជា​ល្បែង​នយោបាយ​ដែល​គ្មាន​ប្រយោជន៍​ដល់​ជាតិ​ទាល់​តែ​សោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ