អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាមេរិក​ លើក​យក​បញ្ហា​ទំនប់​វារី​អគ្គីស​នី​ដន​សាហុង ​មក​ពិភាក្សា​ក្នុង​ជំនួប​នៅ​ខែកុម្ភៈ​

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន៥៧ គ្រោង​សរសេរ​សំណើរ​រួមគ្នា​មួយ ទៅកាន់​អគ្គលេខាធិការ​អាស៊ាន ដើម្បី​ជម្រុញ​ឲ្យ​អាមេរិក លើកយក​បញ្ហា​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​របស់​ឡាវ ទៅ​ពិភាក្សា​នៅក្នុង​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាស៊ាន និង​អាមេរិក ដែល​នឹង​ប្រារព្ធ​ធ្វើឡើង នៅ​សហរដ្ឋអាមេរិក នៅ​ខែកុម្ភៈ​ខាងមុខនេះ។ បញ្ហា​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​របស់​ឡាវ កំពុង​ក្លាយជា​ក្តីបារម្ភ​ជាខ្លាំង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ។

ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ។
ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ។
ផ្សាយពាណិជ្ជកម្ម

សំណើរ​របស់​សម្ព័ន្ធ​ទន្លេ​កម្ពុជា​ដែលមាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​សរុប​ចំនួន៥៧ នេះ គ្រោង​នឹងដាក់​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​អាមេរិក តាមរយៈ​អគ្គលេខាធិការ​អាស៊ាន នៅ​ដើមខែ​កុម្ភៈ​ខាងមុខនេះ ពោលគឺ ឲ្យ​បាន​មុន​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាស៊ាន-សហរដ្ឋអាមេរិក ដែល​គ្រោង​ធ្វើឡើង​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខនេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក តឹក វណ្ណា​រ៉ា ប្រធាន​វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ហៅ​កាត់​ថា NGO Forum នៅ​ថ្ងៃ​អង្គារ​ទី២៦ មករា នេះ។

លោក តឹក វណ្ណា​រ៉ា បាន​បញ្ជាក់ថា បញ្ហា​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​របស់​ឡាវ កំពុង​ក្លាយជា​ក្តី​ព្រួយបារម្ភ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​បាន​ប្រឆាំងនឹង​គំរោង​នេះ​តាំងពី​ឆ្នាំ២០០៧មក។ លោក តឹក វណ្ណា​រ៉ា បាន​បញ្ជាក់ដែរថា នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​កាបរទេស​អាមេរិក លោក ច​ន ឃេ​រី នៅ​រសៀល​ថ្ងៃទី ២៦ មករា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​របស់លោក ក៏បាន​លើកឡើង​ពី​បញ្ហា​នេះ​ផងដែរ។ នោះ​គឺ​ដើម្បី​ជម្រុញ​បន្ថែមទៀត ឲ្យ​អាមេរិក​លើកយក​បញ្ហា​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​របស់​ឡាវ ជា​របៀបវារៈ​នៅក្នុង​ជំ​ជំ​នូ​ប​កំពូល​នៅក្នុង​ខែកុម្ភៈ​ខាងមុខនេះ។

គួរ​បញ្ជាក់ថា នេះ​គឺជា​វិធានការ​បន្តបន្ទាប់​រប​ស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ក្រោយពី​ភាគី​ឡាវ​បានចាប់ផ្តើម​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង ដែលមាន​ចំងាយ​ត្រឹមតែ២គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ដែនកម្ពុជា ក្នុង​ខេត្តស្ទឹងត្រែង​នេះ។

ភាគី​ឡាវ​បានចាប់ផ្តើម​សាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​នេះ​ជា​ឯកតោភាគី ដោយ​មិនបាន​ទទួលយក​នូវ​ក្តីកង្វល់​នានា របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ពិសេស​យោបល់​របស់​ប្រទេស​ជា​សមាជិក​គណៈកម្មាធិកា​រ​ទន្លេមេគង្គ ដែល​រួមមាន កម្ពុជា ថៃ និង​វៀតណាម​នោះទេ។

បើ​យោងតាម​ការស្រាវជ្រាវរ​បស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គីសនី Don Sahong ដែលមាន​តម្លៃ ៣,៨ពាន់​លាន​ដុល្លារ​សាងសង់​ដោយ​ក្រុមហ៊ុន Mega First Corporation របស់​ប្រទេស​ម៉ាឡេស៊ី នេះ​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ជាង៦លាន​នាក់ ដែល​រស់នៅ​ជុំវិញ​អាង​ទន្លេមេគង្គ និង​ទន្លេសាប នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ធនធាន​ត្រី និង​បង្ក​វិនាសកម្ម​ដល់​ជីវចម្រុះ និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវិត​រស់នៅ​របស់​សត្វ​ផ្សោត​ដ៏​កម្រ​នៅ​កម្ពុជា​ផងដែរ។

ទាក់ទង​នឹង​ការចាប់ផ្តើម​សាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​នេះ ក្រុម​មេធាវី​ថៃ កំពុង​ដាក់ពាក្យ​បណ្តឹងតវ៉ា​មួយ​ទៅកាន់​តុលាការ​កំពូល​ថៃ ដើម្បី​ស្នើសុំ​ពិនិត្យ​សំណុំរឿង​បណ្តឹង​ប្រឆាំង​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​នេះដែរ។ ចំណែកឯ​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​វៀតណាម​នៅ​មិនទាន់​បង្ហាញ​ប្រតិកម្ម​នៅឡើយ​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ