អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គជប៖ CPP​គ្រប់គ្រង​អាសនៈ​អតីត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​CNRP​ស្ទើរ​តែ​ទាំង​ស្រុង

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អះអាង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថាគណបក្ស​ប្រជាជ​កម្ពុជា​បាន​គ្រប់គ្រង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អតីត​គណ​បក្ស​​សង្គ្រោះ​ជាតិ​ស្ទើរ​តែ​ទាំង​ស្រុង​។ ការ​គ្រប់​គ្រង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គ.ជ.បនៅ​ថ្ងៃ​ព្រហ​ស្បតិ៍ បាន​បែង​ចែក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ដែល​នៅ​ទំនេរ ទៅ​ឲ្យ​គណបក្ស​ដែល​បានចូល​រួម​បោះឆ្នោត។

រដ្ឋសភាអនុម័តទាំងស្រុង លើវិសោធនកម្មច្បាប់ បើកផ្លូវឲ្យមានការបែងចែងអាសនៈគណបក្សដែលត្រូវរំលាយ
រដ្ឋសភាអនុម័តទាំងស្រុង លើវិសោធនកម្មច្បាប់ បើកផ្លូវឲ្យមានការបែងចែងអាសនៈគណបក្សដែលត្រូវរំលាយ @សហការី
ផ្សាយពាណិជ្ជកម្ម

មូល​ហេតុ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ការ​គ្រប់គ្រង​អាសនៈ​នៃ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អតីត​គណបក្ស​សង្គ្រោះជាតិ​ស្ទើរ​តែ​ទាំង​ស្រុង​ប្រមាណ​ជា​៩០​ភាគរយ​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ទាំង​អស់​ជាង​៥ពាន់​នាក់​ដោយ​សារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​លើស​លប់។ តាម​ពី​ក្រោយ គណ​បក្ស​​ប្រជាជន​កម្ពុជា​គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក៏​ទទួល​បាន​អាសនៈ​ច្រើន​ដែរ។

ក្រៅ​ពី​គណបក្ស​២​នេះ​នៅ​មាន​គណបក្ស​នយោបាយ​ចំនួន​៥ទៀត ទទួល​បាន​អាសនៈ​មេឃុំ ចៅសង្កាត់ និង​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​រួម​មាន៖ គណបក្សខ្មែរ​រួប​រួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ជន​ជាតិ​ដើម​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​អះអាង លោក សោម សូរីដា អគ្គ​លេខាធិការ​រង គ.ជ.ប។

លោក សោម សូរីដា បញ្ជាក់ថា ត្បិត​តែ​គ.ជ.ប បាន​បែង​ចែក​អាសនៈ​របស់​អតីត​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់ គណបក្ស​សង្គ្រោះជាតិ​មុន​ការ​កំណត់​មួយ​សប្ដាហ៍​ក៏​ពិត​មែន​គឺ​មិនមែន​មាន​ន័យ​ថា គ្រប់​យ៉ាង​បាន​បញ្ចប់​ទាំង​ស្រុង​នោះ​ទេ។ តែគ.ជ.ប ត្រូវរង​ចាំ​ទទួលស្គាល់​តំណែង​បេក្ខភាព​ជា​មេឃុំ​ ចៅ​សង្កាត់ ប្រធាន​ក្រុម​ប្រឹក្សា ជំទប់ទី១ ជំទប់ទី២ ចៅសង្កាត់​រង​ជា​ដើម ពី​គណបក្ស​នយោបាយ​ទាំង​៧​នេះ។

ថ្វី​ត្បិត​តែ​មាន​គណបក្ស​យល់​ព្រម​ទទួល​យក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ តែ​នៅ​មាន​គណបក្ស​នយោបាយ​៤​ទៀត​បាន​ធ្វើ​ការ​បដិ​សេធ​ដាច់​ខាត​មិន​ទទួល​យក​ដោយ​រួម​មាន៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​អំណាច​ខ្មែរ គណបក្ស​សំបុក​ឃ្មុំ និង​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន។ បើតាម សោម សូរីដា វា​គឺ​ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ​ទាំង​នេះ​ក្នុង​ការ​មិន​ទទួល​អាសនៈដែល​នៅ​ទំនេរ​នេះ។

សូមបញ្ជាក់ថា អាសនៈ​មេឃុំ ចៅ​សង្កាត់ និង​ក្រុម​ប្រឹក្សា របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ជាង​៥ពាន់ ត្រូវ​បាន​យក​មក​ធ្វើ​ការ​បែង​ចែក តាម​ច្បាប់​ស្តី​ពី​វិសោធនកម្មច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ មាត្រា២០ថ្មី។

គួររម្លឹកថា ក្រោយ​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​នៅ​ថ្ងៃ​ទី១៦​វិច្ឆិកា រចនា​សម្ព័ន្ធ​គណបក្ស​នេះ​បាន​បែក​ខ្ញែក​អស់​ហើយ ដោយ​តំណាង​រាស្ត្រ​៥៥រូប​ត្រូវ​បាន​ជំនួស​ដោយ​តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិន គណបក្ស​សញ្ជាតិ​កម្ពុជា គណ​បក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គណបក្ស​ប្រជាជន​កម្ពុជា។ បន្ទាប់​មក​តំណែង​អនុ​ប្រធាន និង​សមាជិក​គជប​ក៏​រក​ឃើញ​អ្នក​ជំនួស​ទៀត​ក្រោយ​បុគ្គល​៣នាក់​មក​ពី​អតី​ត​គណបក្ស​សង្គ្រោះជាតិ​បាន​លា​ឈប់។ ចំណែក​ចុង​ក្រោយ​បញ្ចប់​ត្រឹម​អាសនៈ​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់ ត្រូវ​បាន​បែង​ចែក​ទៅ​គណបក្ស​ដទៃ​អស់​ហើយ​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ