អានតួអត្ថបទ
កម្ពុជា

និន្នាការ​នយោបាយ​កម្ពុជា​កំពុង​ដើរ​ទៅ​រក​គន្លង​នយោបាយ​អន្តរជាតិ

កាលពីអាណត្តិទី​១ មានគណបក្ស​នយោបាយ​ចំនួន​៤៣​បាន​ចូល​រួម​ការបោះឆ្នោត​តំណាង​រាស្រ្ត​។ ប៉ុន្តែ​សម្រាប់​អាណត្តិទី​៥​នេះ មានគណបក្ស​នយោបាយចំនួនតែ​៨​ប៉ុណ្ណោះគ្រោង​នឹង​ចូល​រួម​ការបោះឆ្នោត។ មិនត្រឹមតែ​ប៉ុណ្ណោះ សម្រាប់អាណត្តិនេះ ចលនា​គណបក្ស​នយោបាយ​ធំ​ពីរ​នឹង​ប្រកួត​ប្រជែងគ្នា ហើយនេះគឺជានិន្នាការ​ថ្មី​ដែល​កំពុង​ដើរទៅរក​គន្លង​នយោបាយអន្តជាតិ។

ក្រសួងព័ត៌មាន​បិទកម្មវិធី​ឃោសនា​តាមវិទ្យុ​របស់គណបក្សមួយ​
ក្រសួងព័ត៌មាន​បិទកម្មវិធី​ឃោសនា​តាមវិទ្យុ​របស់គណបក្សមួយ​ ©​ ប៉ែន​ បូណា
ផ្សាយពាណិជ្ជកម្ម

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ និកហ្វិក បាន​អត្ថាធិប្បាយ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា និន្នាការ​នយោបាយ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាននិង​កំពុង​ដើរទៅ​រក​គន្លង​នយោបាយ​នៃ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ធំ​នៅ​លើ​ពិភពលោក។

អត្ថាធិប្បាយ​របស់​លោក ហង្ស ពុទ្ធា បាន​ធ្វើ​ឡើង​យ៉ាង​ដូច្នេះ ដោយ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ការបោះឆ្នោត​អាណត្តិទី​៥​នេះ មានគណបក្ស​នយោបាយ​ធំតែ​ពីរ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ គណបក្ស​ទាំង​ពីរ​នោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ។

កាល​ពី​អាណត្តិ​ទី​១ និង​អាណត្តិ​បន្ត​បន្ទាប់​ គេ​សង្កេត​ឃើញ​ថា គណបក្ស​នយោបាយ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​។ ប៉ុន្តែ​ពី​អាណត្តិ​មួយ ទៅ​អាណត្តិ​មួយ​ ចំនួន​គណបក្សនយោបាយ​​កាន់​តែ​ថយ​ចុះ​ជា​លំដាប់​ ជាក់ស្តែង នៅឆ្នាំ​២០១៣​នេះ មាន​គណបក្ស​នយោបាយ​តែ​៨​ប៉ុណ្ណោះ​ត្រៀម​ចូល​រួម​ការ​ប្រកួត​ប្រជែង ផ្ទុយពី ​៤៣​ គណបក្ស​នយោបាយ កាល​ពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣​កន្លងមក។

លោក ហង្ស ពុទ្ធា អ្នកជំនាញ​តាមដាន​ការ​បោះឆ្នោត បាន​ពន្យល់​ថា នៅ​ពេល​ដែល​មាន​​គណបក្ស​នយោបាយ​កាន់​តែ​តិច​ អ្នក​បោះឆ្នោត​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​សម្រេចចិត្ត។ នៅ​ក្នុង​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ប្រទេស​បារាំង ប្រទេស​អាមេរិក និង​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ផ្សេង​ទៀត ចំនួន​គណបក្ស​នយោបាយ​កាន់​តែ​ថយចុះ។ ម៉្យាងវិញ​ទៀត គណបក្ស​នយោបាយ​ធំ​ៗ​ភាគ​ច្រើន​នៅ​សល់​តែ​ពីរ​ប៉ុណ្ណោះ​​ដែល​ត្រូវ​ប្រកួត​ប្រជែងគ្នា​ជារៀងរាល់អាណត្តិ។

លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​នេះថា ដំណើរ​ការ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​រក​តុល្យភាព​អំណាច​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច។ បើ​យោង​តាម​លោក កែម ឡី កាល​ណា​អំណាច​រវាង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​កាន់​តែ​ប្រកិត​គ្នា ពេលនោះ ការ​កសាងជាតិ​កាន់​រីក​ចម្រើន​ទៅមុខ​យ៉ាង​លឿន មានន័យថា គណបក្ស​នីមួយៗ​មិន​ជិះសេះ​លែង​ដៃ​ទៀត​ឡើយ។

លោក កែម ឡី បាន​បន្ត​ទៀត​ថា ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​នឹង​គណបក្ស​អនុញ្ញាត​អោយ​ពួកគេ​អាច​ប្រមូល​បាន​បន្ថែម​នូវ​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​បញ្ញា និង​ធនធាន​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន​ជាង​ការនៅ​បែកខ្ញែកគ្នា​។ ម៉្យាងវិញទៀត ការ​បញ្ចូល​គណបក្ស​គ្នា​កាន់​តែ​ច្រើន​អនុញ្ញាត​អោយ​គណបក្ស​នោះ ប្រមូល​សំឡេង​បាន​ច្រើន​ជាង​មុន និង​មាន​ឳកាស​និយាយ​​កាន់តែ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ