អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន​សែន​សន្យា​ធ្វើការ​ស្និទ្ធ​ជា​មួយ​លោកស្រី​ប៉ាក់​ គុនហឺ​

ក្រោយពី​​​សាធារណៈរដ្ឋ​​កូរ៉េ​​ប្រកាស​ស​មាសភាព​​ប្រធានាធិបតី​ថ្មី​​របស់​​ខ្លួន​គឺ​​លោកស្រី​ ប៉ាក គុនហឺ​ (Park Geun-Hye) លោក​​នាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន​​ក៏​​បាន​​ផ្ញើ​​លិខិត​​អបអរ​ជ័យជំនះ​​របស់​​លោក​ស្រី​​ប្រធានាធិបតី​​ភ្លាម​​ដែរ។​ នៅ​​​ក្នុង​​លិខិត​​ដែល​​ត្រូវ​បាន​​ផ្ញើ​​ទៅ​​កាន់​​រដ្ឋាភិបាល​​កូរ៉េ​​កាល​ពី​ថ្ងៃ​​ម្សិល​មិញ ​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​​ ​បាន​សន្យា​និង​​សម្តែង​​ក្តី​សង្ឃឹម​​ថា​ ​ថ្នាក់​ដឹកនាំ​​ប្រទេស​​ទាំង​ពីរ​​​ ​កម្ពុជា​-កូរ៉េ​​ខាង​ត្បូង​​នឹង​​ពង្រីក​​កិច្ច​​សហប្រតិបត្តិការ​​ទ្វេ​ភាគី​​អោយ​​កាន់​​តែ​ស៊ី​ជម្រៅ​​ថែម​ទៀត។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែន
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន បាន​សម្តែង​ការ​សាទរ​ចំពោះ​លោក​ស្រីប៉ាក់ គុនហឺ​ដែល​បានទទួល​ការ​គាំទ្រ​ពីប្រជាពលរដ្ឋ​កូរ៉េ អោយ​លោកស្រី​ក្លាយ​ជាប្រធានាធិបតី​ស្ត្រី​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កូរ៉េខាងត្បូង​នោះ។

 

ប៉ុន្តែ​ភ្ជាប់​ជាមួយកា​រ​អបអរ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​រម្លឹក​អំពី​ចំណង​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​ ចំពោះ​លោកស្រី​ប្រធានាធិបតី​ដែរ។ នៅ​ក្នុង​លិខិត​នោះ លោក​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ក្តី​សង្ឃឹម​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក​ស្រី ប៉ាក គុនហឺ ទំនាក់​ទំនង​មិត្តភាព ​និង​សហប្រតិបត្តិការ​​​ដ៏​មាន​​ផ្លែ​ផ្កា​ក្នុង​​ពេល​​កន្លង​មក ​ពិ​ត​ជា​​នឹង​ត្រូវ​​បន្ត​​ពង្រឹង​​​និង​​ពង្រីក​ថែម​ទៀត​​ដើម្បី​​ជា​​ផលប្រយោជន៍​ទៅវិញ​ទៅមក​នៃ​ប្រទេស​ទាំងពីរ។

លោក​នាយករដ្ឋមន្ត្រី​បានសរសេរ​បន្ត​យ៉ាង​ដូច្នេះថា ខ្ញុំ​សង្ឃឹម​ថា នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធិ​ជា​មួយ​​លោក​ជំទាវ ដើម្បី​ធ្វើ​អោយ​ចំណងទាក់ទងរវាង​ប្រជាជនយើង កាន់តែមាន​ភាព​ស្អិត​ល្មួត​ និងជំរុញ​សហប្រតិបត្តិការ​រវាង​ប្រទេសយើង​ទាំងពីរ​អោយ​កាន់​តែ​រីក​ចម្រើន​គ្រប់​វិស័យ​ទាំង​អស់។

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើសារ​អបអរ​លោកស្រី​ប្រធានាធិបតីថ្មី​របស់​កូរ៉េខាងត្បូង​​ដោយ​​បង្ហាញ​ភាព​ជិតស្និទ្ធិ ខណៈ​ដែល​វិនិយោគិន និង​ជំនួយ​របស់​កូរ៉េ​ខាងត្បូងយ៉ាងច្រើន​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា។ វិនិយោគ និង​ជំនួយ​ទាំងនោះ​បាន​មក​ដល់​កម្ពុជា ក្រោម​អណត្តិ​ដឹកនាំ​របស់អតីត​ប្រធានាធិបតី ​លី ម្ញុងបាក់​ ដែល​ធ្លាប់​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ថ្វី​ដ្បិត​តែ​ជា​បុគ្គលប្រធានាធិបតីថ្មី លោកស្រីប៉ាក គុនហឺ​គឺ​ជា​បេក្ខ​ភាព​មក​ពីគណបក្ស​អភិរក្ស​រប​ស់​អតី​ត​ប្រធានាធិបតី​លី ម្ញុងបាក់។

អត្ថាធិប្បាយ​ទៅ​លើ​អនាគត​នៃ​ទំនាក់ទំនង​រវាង​មេដឹកនាំ​ទាំងពីរ​ គឺលោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង និង​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ឯម វណ្ណារ៉ា ប្រធានផ្នែកសន្តិសុខ និង​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិតសភាកម្ពុជា​បាន​ពន្យល់ថា ថ្វីដ្បិតអាកប្បកិរិយារបស់​មេដឹកនាំគឺ​ជា​​ផ្នែក​សំខាន់​មួយ​នៅ​ក្នុង​ការងារ​ទំនាក់ទំនង​អន្តរជាតិ ប៉ុន្តែ​តាម​ច្បាប់​អន្តរជាតិ​នោះ មេដឹកនាំ​ថ្មី​មិន​ដែល​បោះបង់ចោលការងារ ឬ​មរត​ដែល​មេដឹកនាំ​ចាស់​បាន​បន្សល់​ទុក​​នោះ​ឡើយ។

ម្យ៉ាង​វិញ​ទៀត អ្នក​តាមដាន​ផ្នែក​នយោបាយរូបនេះ បាន​បង្ហាញ​ការ​ជឿជាក់​ថា ទំនាក់ទំនង​រវាង​ទីក្រុង​សេអ៊ូល និង​ភ្នំពេញ​នឹង​នៅ​តែ​ល្អ ដោយសារ​តែ​ផល​ប្រយោជន៍​របស់​កូរ៉េ​ខាងត្បូង ពិសេសវិនិយោគ កំពុង​មាន​ច្រើន​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ