អានតួអត្ថបទ
កម្ពុជា

សកម្មជន​​នយោបាយ​​ត្អូញត្អែរ​​ពី​​ការ​​រំខាន​​របស់​​អាជ្ញាធរ​​មូលដ្ឋាន​​

ការ​​ជួបជុំ​​​នយោបាយ​​​មួយ​​​នៅ​​​ក្នុង​​​ស្រុក​​​ត្រាំកក់​​ ​ខេត្ត​តាកែវ​​​ ត្រូវ​​បាន​​​រំខាន​​​ដោយ​​​អាជ្ញាធរ​​​មូលដ្ឋាន​​​នៅ​​ព្រឹក​​​ថ្ងៃ​​សៅរ៍​ ១១ កុម្ភៈ​​​នេះ។​ ​​លោក ខឹម ​វាសនា​ ប្រធាន​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​ ​បាន ​ត តាំង​​យ៉ាង​​តឹង​​​សរសៃ ក ​ជាមួយ​​សមត្ថកិច្ច​​ប៉ូលិស​​នៅ​​ពេល​​ដែល​​សមត្ថកិច្ច​​​ទាំង​​នោះ​​បាន​​ចុះ​​ទៅ​​រារាំង​​ពិធី​​ជួបជុំ​​របស់​​ខ្លួន។ ​អ្នក​តាម​ដាន​សកម្មភាព​នយោបាយ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​កត់សម្គាល់​ឃើញ​មាន​ការ​ថយចុះ​នៃ​ការ​រារាំង​សកម្មភាព​នយោបាយ​នៅ​តាម​មូលដ្ឋាន​ប៉ុន្តែ ​បញ្ហា​នៅ​តែ​កើត​មាន​ក្នុង​តំបន់​ជាច្រើន​នៅ​ឡើយ។

លោក​ខឹម​វាសនា ប្រធាន​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ធ្វើ​ការជួបជុំ​នយោបាយមួយ​នៅស្រុក​ត្រាំកក់​ខេត្ត​តាកែវ​
លោក​ខឹម​វាសនា ប្រធាន​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ធ្វើ​ការជួបជុំ​នយោបាយមួយ​នៅស្រុក​ត្រាំកក់​ខេត្ត​តាកែវ​ RFI/Pen Bona
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​យ៉ាង​តឹង​សរសៃក​មួយ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​នៅ​ឯ​ឃុំ​ញ៉ែងញ៉ង​ ស្រុក​ត្រាំកក់​ ខេត្ត​កាកែវ​ រវាង​សកម្មជន​គណបក្ស​នយោបាយ​មួយ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន។

លោក​ខឹម​ វាសនា ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​បាន​រិះគន់​ខ្លាំងៗ​ដល់​អាជ្ញាធរ​​មូលដ្ឋាន​ដែល​បាន​មក​រំខាន​សកម្មភាព​នយោបាយ​របស់​ខ្លួន។ ​លោក​អះអាង​ថា ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​លើក​គ្នា​មក​រារាំង​ពិធី​ជួបជុំ​ក្រោម​ហេតុ​ផល​ថា ​មិន​បាន​សុំ​ច្បាប់​អ​នុញ្ញាត។ ​ប៉ុន្តែ ប្រធាន​គណបក្ស​រូបនេះ​ពន្យល់​ថា ​ការ​ជួបជុំ​សំណេះ​សំណាល​នៅ​ក្នុង​ផ្ទះ​របស់​សកម្មជន​ណា​មួយ​មិន​តម្រូវ​ឲ្យ​មាន​ការ​សុំច្បាប់​ឡើយ​ គឺ​គ្រាន់​តែ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ជា​ការ​ស្រេច។ យ៉ាងណា​ក៏ដោយ​ បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​ថ្នាក់​ខេត្ត។

នេះ​មិនមែន​ជាលើក​ទី១​ទេ​ដែល​បញ្ហា​បែប​នេះ​បាន​កើត​ឡើង។ ​លោក ​ខឹម វាសនា​អះអាង​ថា​ បញ្ហា​កើត​ឡើង​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​តាកែវ។ ​យ៉ាងណា​ក៏ដោយ​ លោក​បាន​កត់សម្គាល់​ពី​និន្នាការ​ថយចុះ​នៃ​អំពើ​រារាំង​បែប​នេះ។ ​លោក​ អ៊ូ​វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ដែរ​ថា ​ការ​រារាំង​សកម្មភាព​ជួបជុំ​នយោបាយ​បាន​ថយចុះ​គួរ​ឲ្យ​កត់​សម្គាល់​រយៈពេល​ចុង​ក្រោយ​នេះ ​ប៉ុន្តែ ​បញ្ហា​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ​មិនទាន់​អស់​ឡើយ។

គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​គឺជា​គណបក្ស​នយោបាយ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦​ដោយ​លោក ​ខឹម វាសនា​ អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី។ ​គណបក្ស​នេះ​ធ្លាប់​បាន​ចូល​រួម​ការ​បោះឆ្នោត​តំណាងរាស្ត្រ​ម្តង​កាល​ពី​ឆ្នាំ​២០០៨ ​និង​បោះ​ឆ្នោត​​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០០៧ ​ប៉ុន្តែ ​មិន​ទទួល​បាន​សំឡេង​គ្រប់គ្រាន់​ទេ។

យ៉ាងណា​ក៏ដោយ​ គណបក្ស​នេះ ​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​ជានិច្ច​តាម​រយៈ​ពិធី​ជួបជុំ​សំណេះ​សំណាល​​ហើយ​យក​ទៅ​ចាក់​ផ្សាយ​តាម​វិទ្យុ​សំបុក​ឃ្មុំ ​FM 105 MHz។ ​គណបក្ស​សម្ពន្ធ័​ដើម្បី​ប្រជាធិបតេយ្យ​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​តូចៗ​មួយចំនួន​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​កៅអី​ក្នុង​សភា ​ប៉ុន្តែ​ នៅ​តែ​បន្ត​សកម្មភាព​នយោបាយ​ជានិច្ច។ ​គណបក្ស​នេះ​គ្រោង​នឹង​ចូល​រួម​បោះឆ្នោត​សភា​ម្តង​ទៀត​នៅ​ឆ្នាំ​២០១៣​ខាងមុខ។

លោក​ អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​កត់សម្គាល់​ថា ​គណបក្ស​នយោបាយ​ជាច្រើន​កំពុង​ធ្វើ​សកម្មភាព​និង​ការ​ឃោសនា​នយោបាយ​តាម​រយៈ​រលកធាតុ​អាកាស​វិទ្យុ ​ដែល​ធ្វើឲ្យ​លំហ​សេរីភាព​តាម​វិទ្យុ​កើន​ឡើង។ ​ប៉ុន្តែ​ ការ​រំខាន​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​ជា​បច្ចុប្បន្នភាព​មួយ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ