ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT

តើម្ចាស់ដី​អាច​បិទផ្លូវ​ឯកជន​ដែល​ខ្លួនធ្វើ​កាត់តាម​ដី​របស់​ខ្លួន​​មិនឲ្យ​អ្នកជិតខាង​ឆ្លងកាត់​បាន​​ដែរ​​ឬ​ទេ?

តើម្ចាស់ដី​អាច​បិទផ្លូវ​ឯកជន​ដែល​ខ្លួនធ្វើ​កាត់តាម​ដី​របស់​ខ្លួន​​មិនឲ្យ​អ្នកជិតខាង​ឆ្លងកាត់​បាន​​ដែរ​​ឬ​ទេ?
 
សេង ឌីណា ©RFI

នៅ​ក្នុង​នាទីយល់ដឹង​ពី​ច្បាប់​របស់​យើង នៅថ្ងៃ​នេះ សេង ឌីណា សូម​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​ស្តាប់​របស់​យើង ជុំវិញ​ការ​បើក​ច្រកផ្លូវចេញចូល​ ដែល​កាត់​លើ​ដី​​ ដែល​ជា​កម្មសិទ្ធិ​ឯកជន។ តើ​ម្ចាស់ដី​ជា​កម្មសិទ្ធិ​ឯកជន​នេះ​អាច​បិទ​ច្រកផ្លូវ​ចេញចូល​ដែល​កាត់តាម​ដី​របស់​គាត់​បាន​ដែរ​ឬទេ?

ខាងក្រោមនេះ​ជា​ការ​​សង្ខេប​ដោយ​ត្រួសៗ នូវ​ករណី ដែល​បាន​លើកឡើង​ដោយ​អ្នកស្តាប់​របស់​វិទ្យបារាំង​អន្តរជាតិ។

ប្អូនស្រី​របស់​គាត់​មាន​ដី​មួយកន្លែង ដែល​ជា​កម្មសិទ្ធិឯកជន ហើយ​បាន​ធ្វើផ្លូវ​កាត់​ចំ​កណ្តាល​ដី​នោះ ដើម្បី​​ទុក​ប្រើប្រាស់​សម្រាប់​ការដឹកជញ្ជូន​ភោគផល​ដំណាំ​ផ្ទាល់​ខ្លួន​របស់​គាត់។ ក៏ប៉ុន្តែ ក្រោយមក​មាន​ម្ចាស់ដី​ជិតខាង ដែល​នៅ​ពីក្រោយ​ដី​របស់​គាត់ ក៏​បាន​ប្រើប្រាស់​ផ្លូវ​នេះ​ដែរ ដោយ​មិនមាន​សុំការអនុញ្ញាត ឬ​បង់​ថ្លៃ​អ្វី​ទេ ដោយ​រាប់​ថា​ជា​រឿង​ធម្មតា ក្នុង​នាម​ជា​អ្នក​ភូមិផង​របង​ជាមួយ។

ក៏ប៉ុន្តែ ក្រោយមក​ទៀត នៅ​ពេល​ដែល​ក្រុមយុវជន​ស្ម័គ្រ​ចិត្ត​ចុះវាស់វែង​ដីធ្លី ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​គាត់ ម្ចាស់ដី​ជិតខាង​នេះ​ក៏​បាន​តវ៉ាមិន​ឲ្យ​ដាក់​ច្រកផ្លូវនេះ ទៅក្នុង​ប្លង់​កម្មសិទ្ធិ​ទេ​ ដើម្បី​​ទុក​ជា​ច្រកផ្លូវ​សម្រាប់​​ឆ្លងកាត់​។ ដើម្បី​​ជា​ការ​សម្រុះសម្រួលគ្នា​ ហើយ​អាច​វាស់វែង​ដីធ្លី​ទទួល​ប័ណ្ណ​កម្មសិទ្ធិ គាត់​ក៏​សុខចិត្ត​ធ្វើ​កិច្ចសន្យា​ជាមួយ​អ្នក​ជិតខាង​របស់​គាត់ ដោយ​ព្រមព្រៀង​គ្នា​ថា ច្រកផ្លូវ​នេះ​អាច​ដាក់បញ្ចូល​ទៅក្នុង​ប្លង់ដី​របស់​គាត់​បាន ប៉ុន្តែ គាត់​ត្រូវ​បើក​ច្រកផ្លូវនេះឲ្យ​អ្នក​ជិតខាង​របស់​គាត់​ប្រើប្រាស់​ជា​រៀងរហូត​ទៅ។

អ្នក​ស្តាប់​របស់​យើង​ខាងលើនេះ​បាន​ចោទ​ជា​សំណួរថា តើ​ម្ចាស់ដី​មានសិទ្ធិ​យក​ផ្លូវ​ដែល​គាត់​ធ្វើ​លើ​ដី​របស់​គាត់​ដាក់​ក្នុង​ប័ណ្ណ​កម្មសិទ្ធិ​របស់​គាត់​ដែរ​ឬទេ? តើ​គាត់​អាច​បិទច្រកផ្លូវ​ចេញចូល​នេះ​ទាំងស្រុង​បាន​ដែរ​ឬទេ? ចុះ​បើ​សិន​ជា​គ្រាន់តែ​ធ្វើ​របង​ព័ទ្ធជុំវិញ ដោយ​ទុក​ទ្វារ​របង​សម្រាប់​ចេញចូល តើ​អាច​ធ្វើ​បាន​ដែរ​ឬទេ?

មុននឹង​ឆ្លើយ​ទៅនឹង​សំណួរ​ទាំងនេះ ខ្ញុំសូម​បញ្ជាក់ថា មានតែ​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស តុលាការ​ទេ ដែល​អាច​កំណត់​ខុសត្រូវ​ពិតប្រាកដ​បាន តាមរយៈ​​ការស្តាប់​ការ​ពន្យល់​បកស្រាយ​របស់​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ ​ពិនិត្យ​​ភស្តុតាង និង​ស្ថានភាព​ជាក់ស្តែងនៃ​ដី។ ខ្ញុំ​គ្រាន់តែ​អាច​លើកយក​ទិដ្ឋភាព​ផ្នែក​ច្បាប់​ខ្លះៗ មក​ពន្យល់ ដើម្បី​ជា​វិភាគទាន ក្នុង​ការ​ពិចារណា​តែ​ប៉ុណ្ណោះ។

តាមគោលការណ៍​ច្បាប់ នៃ​កម្មសិទ្ធិ​ឯកជន ដី​ដែល​ជា​កម្មសិទ្ធិ​ឯកជន ត្រូវ​តែ​ស្ថិត​នៅ​ជា​កម្មសិទ្ធិ​ឯកជន ហើយ​អ្វីៗ ដែល​នៅលើ​ដី​នោះ គឺ​ជា​កម្មសិទ្ធិឯកជន ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ប័ណ្ណ​កម្មសិទ្ធិ​ឯកជន​ទាំងអស់។ ដូច្នេះ ​មិនមាន​បុគ្គល​ឯកជន​ណា​​ម្នាក់​អាច​ទាមទារ​យក​ចំណែក​ផ្លូវ​នៅលើ​​ដី​ឯកជន មក​ដាក់​ជា​ផ្លូវ​សាធារណៈ​បានទេ។ លើកលែង​តែ​ក្នុងករណី “អស្សាមិករណ៍” មានន័យថា ករណី​ដែល​រដ្ឋ​ដកហូត​កម្មសិទ្ធិ​លើ​ដី​ឯកជន ដើម្បី​យក​ទៅ​សាងសង់ ឬ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​​បម្រើ​​ផលប្រយោជន៍​សាធារណៈ។ ការដកហូត​កម្មសិទ្ធិឯកជន ក្នុងករណី​នេះ ក៏​ត្រូវ​តែ​មាន​ការ​ដោះស្រាយ​ជា​សំណង​ជាមុន​ដោយ​សមរម្យ និង​ដោយ​យុត្តិធម៌ ហើយ​ត្រូវ​ធ្វើ​ទៅតាម​នីតិវិធី ដែល​បាន​កំណត់​ដោយ​ច្បាប់​ដែរ គឺ​ច្បាប់ ស្តីពី​អស្សាមិករណ៍ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យប្រើ កាល​ពី​ឆ្នាំ​២០១០។

ដូច្នេះ ក្នុងករណី ដូចដែល​អ្នក​ស្តាប់​របស់​យើង​បាន​លើកឡើង​ខាងលើ ម្ចាស់ដី​​មាន​សិទ្ធិ​ដាក់​បញ្ចូល​ផ្លូវ​ដែល​គាត់​ធ្វើ​លើ​ដី​របស់​គាត់ ទៅក្នុង​ប័ណ្ណ​កម្មសិទ្ធិ​របស់​គាត់​បាន ហើយ​ដី ដែល​ជា​ចំណែក​ផ្លូវនេះ នៅតែ​ជា​ដី​កម្មសិទ្ធិ​ឯកជន មិនមែន​ជាផ្លូវ​សាធារណៈទេ។

ក៏ប៉ុន្តែ ក្រមរដ្ឋប្បវេណី​ខ្មែរ ត្រង់​មាត្រា ១៤៤ មាន​ចែង​អំពី “សិទ្ធិ​ចេញចូល​ដីបិទជិត”។

“ដីបិទជិត” ក្នុង​ន័យនេះ គឺ​សម្តៅ​ទៅលើ​ដី ដែល​ព័ទ្ធជុំវិញ​ដោយ​ដី​របស់​អ្នក​ដទៃ ហើយ​គ្មាន​ច្រកចេញទៅ​ផ្លូវ​សាធារណៈ ឬ​ក៏​មាន​ច្រកចេញចូល​ដែរ ក៏ប៉ុន្តែ ច្រកចេញចូល​នោះ​មិន​គ្រប់គ្រាន់ ឬ​មាន​ឧបសគ្គខ្លាំង មិន​អាច​ប្រើប្រាស់​ដីនោះ សម្រាប់​ការ​ធ្វើ​កសិកម្ម ឬ​ឧស្សាហកម្ម​បាន។

ក្នុងករណីនេះ ម្ចាស់ដី​បិទជិត​មាន​សិទ្ធិ​ស្នើសុំ​ឆ្លងកាត់​ដី​របស់​អ្នក​ជិតខាង​បាន ប៉ុន្តែ ត្រូវ​បង់​ប្រាក់​សំណង​ តាម​ការ​ខូចខាត ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លងកាត់​នោះ។

ជាគោលការណ៍ ផ្លូវ​ឆ្លងកាត់​នេះ ត្រូវ​រៀបចំ​ធ្វើ​ទៅតាម​ទិស ឬ​ផ្លូវ ដែល​មាន​ចម្ងាយ​ជិត​បំផុត ពី​ដីបិទជិត ទៅ​ផ្លូវ​សាធារណៈ ក៏ប៉ុន្តែ ត្រូវ​រកវិធី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ឆ្លងកាត់​នេះ បង្ក​ការ​ខូចខាត​តិចបំផុត ដល់​ម្ចាស់ដី ដែល​ត្រូវ​ឆ្លងកាត់។

ការបើក​ច្រកឆ្លងកាត់ និង​ការ​កំណត់​ប្រាក់​សំណង អាច​ធ្វើ​ឡើង តាមរយៈ​ការព្រមព្រៀង​គ្នា​រវាង​ម្ចាស់​ដី​ជិតខាង​ទាំងពីរ។ ក្នុងករណី​មិនមាន​ការ​ព្រមព្រៀង​គ្នា​ទេ ម្ចាស់ដីបិទជិត​អាច​ស្នើ​សុំ​ទៅ​តុលាការ​ឲ្យ​សម្រេច​សេចក្តី។

ចំពោះ​ករណី ដែល​បាន​ចោទសួរ​ដោយ​អ្នក​ស្តាប់​​វិទ្យុបារាំង​អន្តរជាតិ​​ខាងលើ ប្រសិនបើ​ដី​អ្នក​ជិត​ខាង​របស់​គាត់ គឺ​ជា​ដី​បិទ​ជិត ដូចដែល​បាន​កំណត់​ក្នុង​ច្បាប់ ពោលគឺ​ជាដី ដែល​ព័ទ្ធជុំវិញ​ដោយ​ដី​របស់​អ្នក​ដទៃ ហើយ​គ្មាន​ច្រកចេញទៅ​ផ្លូវ​សាធារណៈសោះ ឬ​ក៏​មាន​ច្រកចេញចូល​ដែរ ក៏ប៉ុន្តែ ច្រកចេញចូល​នោះ​មិន​គ្រប់គ្រាន់ ឬ​មាន​ឧបសគ្គខ្លាំង មិន​អាច​ប្រើប្រាស់​ដីនោះ សម្រាប់​ការ​ធ្វើ​កសិកម្ម ឬ​ឧស្សាហកម្ម​បាន ម្ចាស់ដី​បិទ​ជិតនេះ​មានសិទ្ធិ​ប្រើប្រាស់​ផ្លូវ ដែល​កាត់​តាម​ដី​ជិតខាង​របស់​គាត់​បាន បើទោះបី​ជា​ដីនេះ​ជា​ដី​ឯកជន ហើយ​ផ្លូវនេះ​ត្រូវ​បង្កើត​ឡើង ដើម្បី​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ក៏ដោយ។ តាមពិត បើទោះបីជា​មិនមាន​ផ្លូវ​នេះ​ ក៏​ម្ចាស់ដី​បិទជិត​នោះ អាច​ស្នើសុំ​ឲ្យ​ធ្វើ​ផ្លូវ​ឆ្លងកាត់​ដី​នេះ​បានដែរ ទៅតាម​ការ​កំណត់​ក្នុង​ក្រមរដ្ឋប្បវេណី។ ក៏ប៉ុន្តែ ម្ចាស់ដី​ជិតខាង ដែល​ជា​ដី​បិទជិតនេះ​ត្រូវ​បង់​​ប្រាក់​សំណង ទៅ​ឲ្យ​ម្ចាស់ដី​ដែល​ខ្លួន​ឆ្លងកាត់ ប្រសិនបើ​ការ​ឆ្លងកាត់​នេះ បង្ក​ឲ្យ​មាន​ការ​ខូចខាត​អ្វីមួយ ដូចជា ការ​ខូចខាត​ដល់​ដំណាំ ការ​ខកខាន​មិន​បាន​ប្រើ​ដី​ជា​ចំណែក​ផ្លូវនេះ​ ដើម្បី​ធ្វើការ​ដាំដុះ ឬ​ក៏​ការ​រំខាន​ដោយ​សំឡេង ជាដើម។

ម្ចាស់ដី ដែល​មាន​ផ្លូវ​ឆ្លងកាត់​នេះ អាច​ធ្វើ​របងព័ទ្ធជុំវិញ​ដី​របស់​ខ្លួន​បាន ក៏ប៉ុន្តែ ត្រូវទុក​ច្រក​ផ្លូវ​ឲ្យ​ម្ចាស់ដី​ជិតខាង ដែល​ជា​ដីបិទជិត ឆ្លងកាត់​ទៅកាន់​ផ្លូវ​សាធារណៈបាន ដោយ​មិន​អាច​បិទច្រក​ផ្លូវ​នេះ​ទាំងស្រុង​បានទេ។ គាត់​អាច​បិទ​ច្រកផ្លូវ​នេះ​ទាំងស្រុង​បាន នៅ​ពេលណា ដែល​ដី​អ្នក​ជិតខាង​របស់​គាត់ លែង​ជា​ដី​បិទជិត ដូចជា ក្នុងករណី​មាន​ការ​សង់ផ្លូវ​សាធារណៈ ទៅដល់​ដីនោះ ជាដើម។

តាមពិត ករណីយកិច្ច​បើក​ច្រក​ចេញចូល​ដល់​ដីបិទជិតនេះ គ្រាន់តែ​​ជា​ផ្នែក​មួយប៉ុណ្ណោះ នៃ​សិទ្ធិ និង​ករណីយកិច្ច ក្នុង​ទំនាក់ទំនង​រវាង​ដី ដែល​នៅ​ជាប់គ្នា ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី​ខ្មែរ។ ក្រៅពី​ករណី​ដី​បិទជិត​នេះ នៅមាន​ករណី​ផ្សេងទៀត ដែល​ស្រដៀង​គ្នា​នេះ គឺ​ទំនាក់ទំនង​រវាង​ដីលើ​ និង​ដីក្រោម។

​ម្ចាស់ដី​លើ ដែល​នៅ​ជាប់នឹង​ផ្លូវ​ទឹកហូរ មាន​ករណីយកិច្ច​ទុក​ឲ្យ​ទឹក​ហូរ​ទៅ​ដី​អ្នក​ជិតខាងដែល​នៅ​ខាងក្រោម ទៅតាម​តម្រូវការ​សម្រាប់​ប្រកប​របរ​កសិកម្ម។ ហើយ​ម្ចាស់ដី​ក្រោម ដែល​នៅ​ជាប់នេះ ក៏​ត្រូវ​មាន​ករណីយកិច្ច​ដូចគ្នា​អ៊ីចឹង​ដែរ ចំពោះ​ម្ចាស់ដី ដែល​នៅ​ខាងក្រោម​​បន្ទាប់ៗ​ទៅទៀត។ ម្ចាស់ដីលើ​​មិនអាច​ធ្វើ​ទំនប់​ទប់ទឹក​នេះ​ប្រើ​តែម្នាក់​ឯង​បានទេ។

ទោះបីជា​ក្នុងករណី​​​មិន​ទាន់​មាន​ប្រឡាយ​ទឹក​ក៏ដោយ ក៏​ម្ចាស់ដី​ក្រោម នៅតែ​អាច​ស្នើសុំ​ឲ្យ​ធ្វើ​ប្រឡាយ ឬ​ផ្លូវទឹក ដែល​ឆ្លងកាត់​ដី​លើ​នេះ​បាន​ដែរ ដើម្បី​យក​ទឹក​ពី​ប្រភព​ទឹកធម្មជាតិ​ណាមួយ មក​ប្រើប្រាស់​ សម្រាប់​ការ​ប្រកបរបរ​កសិកម្ម ឬ​ឧស្សាហកម្ម​របស់​គាត់ ដោយ​គ្រាន់តែ​ត្រូវ​​បង់ប្រាក់​សំណង​ខូចខាត​ដល់​ម្ចាស់ដី​លើ ដែល​ត្រូវ​ឆ្លងកាត់​​នេះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    សិទ្ធិ​និង​ករណីយកិច្ច​នៃ​ម្ចាស់ដី​ដែល​មាន​ព្រំប្រទល់​ជាប់គ្នា

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    ករណី​លក់​អចលនវត្ថុ​ដែល​ជាប់​សិទ្ធិ​ហ៊ីប៉ូតែក​មិនទាន់​ជម្រះ

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    នីតិវិធី​ក្នុង​ការ​សុំ​ប័ណ្ណ​កាន់កាប់​ដីធ្លី

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    ការទិញ/លក់​អចលនវត្ថុ៖ តើត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ជៀសវាង​វិវាទ

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    សំណួរ-ចម្លើយ​ជុំវិញ​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    ឆ្លើយ​នឹង​សំណួរ​អ្នកស្តាប់​ជុំវិញ​កិច្ចសន្យា​ជួល​អចលនវត្ថុ

    ស្វែងយល់បន្ថែម

  • នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

    អំពី​សិទ្ធិ កាតព្វកិច្ច និង​ទម្រង់​នៃ​កិច្ចសន្យា​ជួល​ផ្ទះ ឬដីធ្លី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ