តើម្ចាស់ដីអាចបិទផ្លូវឯកជនដែលខ្លួនធ្វើកាត់តាមដីរបស់ខ្លួនមិនឲ្យអ្នកជិតខាងឆ្លងកាត់បានដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៣
នៅក្នុងនាទីយល់ដឹងពីច្បាប់របស់យើង នៅថ្ងៃនេះ សេង ឌីណា សូមឆ្លើយនឹងសំណួររបស់អ្នកស្តាប់របស់យើង ជុំវិញការបើកច្រកផ្លូវចេញចូល ដែលកាត់លើដី ដែលជាកម្មសិទ្ធិឯកជន។ តើម្ចាស់ដីជាកម្មសិទ្ធិឯកជននេះអាចបិទច្រកផ្លូវចេញចូលដែលកាត់តាមដីរបស់គាត់បានដែរឬទេ?
ខាងក្រោមនេះជាការសង្ខេបដោយត្រួសៗ នូវករណី ដែលបានលើកឡើងដោយអ្នកស្តាប់របស់វិទ្យបារាំងអន្តរជាតិ។
ប្អូនស្រីរបស់គាត់មានដីមួយកន្លែង ដែលជាកម្មសិទ្ធិឯកជន ហើយបានធ្វើផ្លូវកាត់ចំកណ្តាលដីនោះ ដើម្បីទុកប្រើប្រាស់សម្រាប់ការដឹកជញ្ជូនភោគផលដំណាំផ្ទាល់ខ្លួនរបស់គាត់។ ក៏ប៉ុន្តែ ក្រោយមកមានម្ចាស់ដីជិតខាង ដែលនៅពីក្រោយដីរបស់គាត់ ក៏បានប្រើប្រាស់ផ្លូវនេះដែរ ដោយមិនមានសុំការអនុញ្ញាត ឬបង់ថ្លៃអ្វីទេ ដោយរាប់ថាជារឿងធម្មតា ក្នុងនាមជាអ្នកភូមិផងរបងជាមួយ។
ក៏ប៉ុន្តែ ក្រោយមកទៀត នៅពេលដែលក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លី ដើម្បីចេញប័ណ្ណកម្មសិទ្ធិឲ្យគាត់ ម្ចាស់ដីជិតខាងនេះក៏បានតវ៉ាមិនឲ្យដាក់ច្រកផ្លូវនេះ ទៅក្នុងប្លង់កម្មសិទ្ធិទេ ដើម្បីទុកជាច្រកផ្លូវសម្រាប់ឆ្លងកាត់។ ដើម្បីជាការសម្រុះសម្រួលគ្នា ហើយអាចវាស់វែងដីធ្លីទទួលប័ណ្ណកម្មសិទ្ធិ គាត់ក៏សុខចិត្តធ្វើកិច្ចសន្យាជាមួយអ្នកជិតខាងរបស់គាត់ ដោយព្រមព្រៀងគ្នាថា ច្រកផ្លូវនេះអាចដាក់បញ្ចូលទៅក្នុងប្លង់ដីរបស់គាត់បាន ប៉ុន្តែ គាត់ត្រូវបើកច្រកផ្លូវនេះឲ្យអ្នកជិតខាងរបស់គាត់ប្រើប្រាស់ជារៀងរហូតទៅ។
អ្នកស្តាប់របស់យើងខាងលើនេះបានចោទជាសំណួរថា តើម្ចាស់ដីមានសិទ្ធិយកផ្លូវដែលគាត់ធ្វើលើដីរបស់គាត់ដាក់ក្នុងប័ណ្ណកម្មសិទ្ធិរបស់គាត់ដែរឬទេ? តើគាត់អាចបិទច្រកផ្លូវចេញចូលនេះទាំងស្រុងបានដែរឬទេ? ចុះបើសិនជាគ្រាន់តែធ្វើរបងព័ទ្ធជុំវិញ ដោយទុកទ្វាររបងសម្រាប់ចេញចូល តើអាចធ្វើបានដែរឬទេ?
មុននឹងឆ្លើយទៅនឹងសំណួរទាំងនេះ ខ្ញុំសូមបញ្ជាក់ថា មានតែស្ថាប័នមានសមត្ថកិច្ច ជាពិសេស តុលាការទេ ដែលអាចកំណត់ខុសត្រូវពិតប្រាកដបាន តាមរយៈការស្តាប់ការពន្យល់បកស្រាយរបស់គ្រប់ភាគីដែលពាក់ព័ន្ធ ពិនិត្យភស្តុតាង និងស្ថានភាពជាក់ស្តែងនៃដី។ ខ្ញុំគ្រាន់តែអាចលើកយកទិដ្ឋភាពផ្នែកច្បាប់ខ្លះៗ មកពន្យល់ ដើម្បីជាវិភាគទាន ក្នុងការពិចារណាតែប៉ុណ្ណោះ។
តាមគោលការណ៍ច្បាប់ នៃកម្មសិទ្ធិឯកជន ដីដែលជាកម្មសិទ្ធិឯកជន ត្រូវតែស្ថិតនៅជាកម្មសិទ្ធិឯកជន ហើយអ្វីៗ ដែលនៅលើដីនោះ គឺជាកម្មសិទ្ធិឯកជន ដែលត្រូវដាក់បញ្ចូលក្នុងប័ណ្ណកម្មសិទ្ធិឯកជនទាំងអស់។ ដូច្នេះ មិនមានបុគ្គលឯកជនណាម្នាក់អាចទាមទារយកចំណែកផ្លូវនៅលើដីឯកជន មកដាក់ជាផ្លូវសាធារណៈបានទេ។ លើកលែងតែក្នុងករណី “អស្សាមិករណ៍” មានន័យថា ករណីដែលរដ្ឋដកហូតកម្មសិទ្ធិលើដីឯកជន ដើម្បីយកទៅសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ ការដកហូតកម្មសិទ្ធិឯកជន ក្នុងករណីនេះ ក៏ត្រូវតែមានការដោះស្រាយជាសំណងជាមុនដោយសមរម្យ និងដោយយុត្តិធម៌ ហើយត្រូវធ្វើទៅតាមនីតិវិធី ដែលបានកំណត់ដោយច្បាប់ដែរ គឺច្បាប់ ស្តីពីអស្សាមិករណ៍ ដែលត្រូវបានប្រកាសឲ្យប្រើ កាលពីឆ្នាំ២០១០។
ដូច្នេះ ក្នុងករណី ដូចដែលអ្នកស្តាប់របស់យើងបានលើកឡើងខាងលើ ម្ចាស់ដីមានសិទ្ធិដាក់បញ្ចូលផ្លូវដែលគាត់ធ្វើលើដីរបស់គាត់ ទៅក្នុងប័ណ្ណកម្មសិទ្ធិរបស់គាត់បាន ហើយដី ដែលជាចំណែកផ្លូវនេះ នៅតែជាដីកម្មសិទ្ធិឯកជន មិនមែនជាផ្លូវសាធារណៈទេ។
ក៏ប៉ុន្តែ ក្រមរដ្ឋប្បវេណីខ្មែរ ត្រង់មាត្រា ១៤៤ មានចែងអំពី “សិទ្ធិចេញចូលដីបិទជិត”។
“ដីបិទជិត” ក្នុងន័យនេះ គឺសម្តៅទៅលើដី ដែលព័ទ្ធជុំវិញដោយដីរបស់អ្នកដទៃ ហើយគ្មានច្រកចេញទៅផ្លូវសាធារណៈ ឬក៏មានច្រកចេញចូលដែរ ក៏ប៉ុន្តែ ច្រកចេញចូលនោះមិនគ្រប់គ្រាន់ ឬមានឧបសគ្គខ្លាំង មិនអាចប្រើប្រាស់ដីនោះ សម្រាប់ការធ្វើកសិកម្ម ឬឧស្សាហកម្មបាន។
ក្នុងករណីនេះ ម្ចាស់ដីបិទជិតមានសិទ្ធិស្នើសុំឆ្លងកាត់ដីរបស់អ្នកជិតខាងបាន ប៉ុន្តែ ត្រូវបង់ប្រាក់សំណង តាមការខូចខាត ដែលបង្កឡើងដោយការឆ្លងកាត់នោះ។
ជាគោលការណ៍ ផ្លូវឆ្លងកាត់នេះ ត្រូវរៀបចំធ្វើទៅតាមទិស ឬផ្លូវ ដែលមានចម្ងាយជិតបំផុត ពីដីបិទជិត ទៅផ្លូវសាធារណៈ ក៏ប៉ុន្តែ ត្រូវរកវិធីធ្វើយ៉ាងណាឲ្យការឆ្លងកាត់នេះ បង្កការខូចខាតតិចបំផុត ដល់ម្ចាស់ដី ដែលត្រូវឆ្លងកាត់។
ការបើកច្រកឆ្លងកាត់ និងការកំណត់ប្រាក់សំណង អាចធ្វើឡើង តាមរយៈការព្រមព្រៀងគ្នារវាងម្ចាស់ដីជិតខាងទាំងពីរ។ ក្នុងករណីមិនមានការព្រមព្រៀងគ្នាទេ ម្ចាស់ដីបិទជិតអាចស្នើសុំទៅតុលាការឲ្យសម្រេចសេចក្តី។
ចំពោះករណី ដែលបានចោទសួរដោយអ្នកស្តាប់វិទ្យុបារាំងអន្តរជាតិខាងលើ ប្រសិនបើដីអ្នកជិតខាងរបស់គាត់ គឺជាដីបិទជិត ដូចដែលបានកំណត់ក្នុងច្បាប់ ពោលគឺជាដី ដែលព័ទ្ធជុំវិញដោយដីរបស់អ្នកដទៃ ហើយគ្មានច្រកចេញទៅផ្លូវសាធារណៈសោះ ឬក៏មានច្រកចេញចូលដែរ ក៏ប៉ុន្តែ ច្រកចេញចូលនោះមិនគ្រប់គ្រាន់ ឬមានឧបសគ្គខ្លាំង មិនអាចប្រើប្រាស់ដីនោះ សម្រាប់ការធ្វើកសិកម្ម ឬឧស្សាហកម្មបាន ម្ចាស់ដីបិទជិតនេះមានសិទ្ធិប្រើប្រាស់ផ្លូវ ដែលកាត់តាមដីជិតខាងរបស់គាត់បាន បើទោះបីជាដីនេះជាដីឯកជន ហើយផ្លូវនេះត្រូវបង្កើតឡើង ដើម្បីប្រើប្រាស់ជាលក្ខណៈឯកជនក៏ដោយ។ តាមពិត បើទោះបីជាមិនមានផ្លូវនេះ ក៏ម្ចាស់ដីបិទជិតនោះ អាចស្នើសុំឲ្យធ្វើផ្លូវឆ្លងកាត់ដីនេះបានដែរ ទៅតាមការកំណត់ក្នុងក្រមរដ្ឋប្បវេណី។ ក៏ប៉ុន្តែ ម្ចាស់ដីជិតខាង ដែលជាដីបិទជិតនេះត្រូវបង់ប្រាក់សំណង ទៅឲ្យម្ចាស់ដីដែលខ្លួនឆ្លងកាត់ ប្រសិនបើការឆ្លងកាត់នេះ បង្កឲ្យមានការខូចខាតអ្វីមួយ ដូចជា ការខូចខាតដល់ដំណាំ ការខកខានមិនបានប្រើដីជាចំណែកផ្លូវនេះ ដើម្បីធ្វើការដាំដុះ ឬក៏ការរំខានដោយសំឡេង ជាដើម។
ម្ចាស់ដី ដែលមានផ្លូវឆ្លងកាត់នេះ អាចធ្វើរបងព័ទ្ធជុំវិញដីរបស់ខ្លួនបាន ក៏ប៉ុន្តែ ត្រូវទុកច្រកផ្លូវឲ្យម្ចាស់ដីជិតខាង ដែលជាដីបិទជិត ឆ្លងកាត់ទៅកាន់ផ្លូវសាធារណៈបាន ដោយមិនអាចបិទច្រកផ្លូវនេះទាំងស្រុងបានទេ។ គាត់អាចបិទច្រកផ្លូវនេះទាំងស្រុងបាន នៅពេលណា ដែលដីអ្នកជិតខាងរបស់គាត់ លែងជាដីបិទជិត ដូចជា ក្នុងករណីមានការសង់ផ្លូវសាធារណៈ ទៅដល់ដីនោះ ជាដើម។
តាមពិត ករណីយកិច្ចបើកច្រកចេញចូលដល់ដីបិទជិតនេះ គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ នៃសិទ្ធិ និងករណីយកិច្ច ក្នុងទំនាក់ទំនងរវាងដី ដែលនៅជាប់គ្នា ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីខ្មែរ។ ក្រៅពីករណីដីបិទជិតនេះ នៅមានករណីផ្សេងទៀត ដែលស្រដៀងគ្នានេះ គឺទំនាក់ទំនងរវាងដីលើ និងដីក្រោម។
ម្ចាស់ដីលើ ដែលនៅជាប់នឹងផ្លូវទឹកហូរ មានករណីយកិច្ចទុកឲ្យទឹកហូរទៅដីអ្នកជិតខាងដែលនៅខាងក្រោម ទៅតាមតម្រូវការសម្រាប់ប្រកបរបរកសិកម្ម។ ហើយម្ចាស់ដីក្រោម ដែលនៅជាប់នេះ ក៏ត្រូវមានករណីយកិច្ចដូចគ្នាអ៊ីចឹងដែរ ចំពោះម្ចាស់ដី ដែលនៅខាងក្រោមបន្ទាប់ៗទៅទៀត។ ម្ចាស់ដីលើមិនអាចធ្វើទំនប់ទប់ទឹកនេះប្រើតែម្នាក់ឯងបានទេ។
ទោះបីជាក្នុងករណីមិនទាន់មានប្រឡាយទឹកក៏ដោយ ក៏ម្ចាស់ដីក្រោម នៅតែអាចស្នើសុំឲ្យធ្វើប្រឡាយ ឬផ្លូវទឹក ដែលឆ្លងកាត់ដីលើនេះបានដែរ ដើម្បីយកទឹកពីប្រភពទឹកធម្មជាតិណាមួយ មកប្រើប្រាស់ សម្រាប់ការប្រកបរបរកសិកម្ម ឬឧស្សាហកម្មរបស់គាត់ ដោយគ្រាន់តែត្រូវបង់ប្រាក់សំណងខូចខាតដល់ម្ចាស់ដីលើ ដែលត្រូវឆ្លងកាត់នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ