អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ការ​ចរចា​រវាង​ថៃ​និង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​មានសង្ឃឹម​ទទួល​ជោគជ័យ​ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋាភិបាល​ថៃ និង​ក្រុមឧទ្ទាម​អ៊ីស្លាម​បាន​ចាប់ផ្តើម​បើក​ការចរចា នៅ​ក្នុង​ទីក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ដើម្បី​​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​អំពើហិង្សា នៅ​តាម​ខេត្ត​ប៉ែកខាង​ត្បូង​ប្រទេស​ថៃ។ ការ​ព្រមព្រៀង​ជួបចរចា​គ្នា​រវាង​រដ្ឋាភិបាលថៃ និង​ក្រុមឧទ្ទាម​អ៊ីស្លាម​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​វិវឌ្ឍ​ដ៏សំខាន់​មួយ ក៏ប៉ុន្តែ ក្នុង​ពេលជាមួយ​គ្នា​ ក៏មាន​ការ​ចោទសួរ​ថា តើ​ការចរចា​នេះ​មាន​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ជោគជ័យ​ដែរ​ឬទេ?

ទាហាន​ថៃ​ដើរល្បាត​តាម​បណ្តោយ​ផ្លូវរថភ្លើង នៅ​ក្នុង​ខេត្ត​យ៉ាឡា ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ
ទាហាន​ថៃ​ដើរល្បាត​តាម​បណ្តោយ​ផ្លូវរថភ្លើង នៅ​ក្នុង​ខេត្ត​យ៉ាឡា ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ REUTERS/Surapan Boonthanom
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ បាន​កើតឡើង​ជិត ១០ឆ្នាំ​មកហើយ។ វា​គឺ​ជា​ជម្លោះ​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​មនុស្សស្លាប់​រហូតដល់​ទៅ​ជាង ៥ពាន់​នាក់ ក៏ប៉ុន្តែ គឺ​ជា​ជម្លោះ ដែល​មិនសូវ​មាន​អ្នក​ណា​ចាប់អារម្មណ៍ និងមិនសូវ​មាន​អ្នកណាយល់ ពីព្រោះ វាជា​ជម្លោះ ដែល​ពិបាក​នឹង​យល់!

គ្រប់គ្នា​សុទ្ធតែ​បាន​ដឹង​ហើយ​ថា ប្រទេស​ថៃ គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន​លើសលុប ជា​អ្នក​កាន់​ពុទ្ធសាសនា។ ក៏ប៉ុន្តែ ប្រជាជន​នៅតាម​បណ្តាខេត្ត​ចំនួន ៣ គឺ​ យ៉ាឡា, ប៉ាតានី និង​ណារ៉ាធីវ៉ាត់ ដែល​ជា​ខេត្ត​នៅ​ចុងខាង​ត្បូងជាប់នឹង​ប្រទេស​ម៉ាឡេស៊ី ភាគច្រើន​បំផុត​ជាអ្នកកាន់​សាសនា​អ៊ីស្លាម និង​និយាយ​ភាសា​ម៉ាឡេ។ គឺ​នៅតាម​បណ្តាខេត្ត​អ៊ីស្លាម​ទាំង ៣នេះហើយ ដែល​កើតមាន​អំពើ​បះបោរ​ ក្នុង​ទ្រង់ទ្រាយ​ជា​ភេរវកម្ម​ជីហាដ តាំងពីឆ្នាំ​២០០៤​មក។

សំណួរ​ដែល​គេ​តែងតែ​ចោទឡើង​នោះ គឺ​នៅត្រង់ថា តើអ្នកណា​ជា​មេដឹកនាំ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ទាំងនេះ? តើ​ពួកគេ​ងើបឡើង​ធ្វើការ​បះបោរ​ ដើម្បីទាមទារ​ចង់បានអ្វី​ពិតប្រាកដ? តើ​ពួកគេ​មានចិត្ត​ចង់​ចរចា​ដែរ​ឬទេ?

តាមពិត ចាប់តាំង​ពី​មាន​អំពើ​បះបោរ​ផ្ទុះឡើង ​នៅឆ្នាំ​២០០៤​មក ក៏​ធ្លាប់​មាន​ការ​ព្យាយាម​ស្វះ​ស្វែង​ឲ្យ​មាន​ការ​ចរចា​គ្នា រវាង​អាជ្ញាធរ​ថៃ និង​​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ថៃ​នេះ​ដែរ ក៏ប៉ុន្តែ មិនបាន​សម្រេច។ ទើប​តែ​កាល​ពី​ខែ​កុម្ភៈ​ថ្មីៗ​កន្លងទៅនេះ ដែលរដ្ឋាភិបាល​ថៃ និង​ក្រុមឧទ្ទាមអ៊ីស្លាម​​ ដែល​ហៅខ្លួនឯងថា ជា “​ក្រុមបដិវត្តន៍​ជាតិ​បរិសាន្ត” បាន​សុខចិត្ត​បើកការចរចា​ជាមួយគ្នា ក្រោម​ការ​ជួយសម្របសម្រួល​ពី​សំណាក់​ម៉ាឡេស៊ី។ ​ការចរចានេះ បាន​ចាប់ផ្តើម​បើក​ធ្វើ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ នៅ​ក្នុង​ទីក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

ការសុខចិត្ត​ចរចា​គ្នា​នេះ គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ ព្រោះ​វាមាន​ន័យ​ថា រដ្ឋាភិបាល​ថៃ​សុខចិត្ត​ទទួលស្គាល់​ជាផ្លូវការ​នូវ​ក្រុម​បះបោរអ៊ីស្លាម​ប៉ែក​ខាង​ត្បូង​នេះ​ថា ​មិនមែន​គ្រាន់តែ​ជា​ក្រុម​ឧក្រិដ្ឋជន ដូចដែល​អាជ្ញាធរថៃ ជាពិសេស កងទ័ព​ថៃធ្លាប់​បាន​ចាត់ទុក​កាលពីមុន​នោះទេ ប៉ុន្តែ ពួកគេ​គឺ​ជា​ដៃគូ​ចរចាមួយ ដែល​មាន​ការ​ទាមទារ​ផ្នែក​នយោបាយ ដែល​អាច​ជជែក​គ្នា​បាន។

ក៏ប៉ុន្តែ បញ្ហា​​ដែល​ស្មុគស្មាញ​បំផុត នៅ​ក្នុង​ដំណើរការចរចា​​ស្វែងរក​ដំណោះស្រាយ​សន្តិភាព នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ​នេះ គឺ​ស្ថិត​នៅ​ត្រង់ថា តើ​ក្រុមឧទ្ទាម​បដិវត្តន៍​ជាតិ​បរិសាន្ត ដែល​មក​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ​នេះ តំណាង​ឲ្យ​អ្នកណា​ពិតប្រាកដ? តើ​ក្រុមនេះ​មាន​អំណាច​​គ្រប់គ្រង​លើ​ក្រុម​សកម្មជនអ៊ីស្លាម​បាន​ប៉ុណ្ណា?

បើតាម​ការ​សង្កេតមើល​ទៅ ក្រុម​ដែល​មក​ចរចា​ជាមួយ​រដ្ឋាភិបាល​ថៃ​នៅពេលនេះ មិនមែន​ជា​អ្នក​តំណាង​រួម​​របស់​​ក្រុម​បោះបោរ​អ៊ីស្លាម​នៅប៉ែក​ខាង​ត្បូង​នោះទេ ហើយ​ក៏​មិនមាន​អំណាច ឬ​ឥទ្ធិពល​​អ្វី​ប៉ុន្មាន ទៅលើ​ពួក​ជីហាដ​ថៃ​នេះដែរ ជាពិសេស ចំពោះ​ក្រុមជីហាដ​ក្មេងៗ​ជំនាន់ក្រោយ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​ជួបសម្ភាសន៍ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បាន​បញ្ជាក់ច្បាស់​ថា ពួកគេ​មិន​គាំទ្រ​ក្រុមបដិវត្តន៍​ជាតិ​បរិសាន្ត ក្នុងការ​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ​​នៅពេលនេះ​ទេ។

តាមស្ថានភាព​ជាក់ស្តែងវិញ គេ​ក៏​អាច​មើល​ឃើញ​យ៉ាងច្បាស់ដែរ​ថា ចាប់តាំង​ពី​មាន​ការព្រមព្រៀង​ចរចា​គ្នា​មក អំពើ​ហិង្សា​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ថៃ នៅតែ​បន្ត​កើតមាន​ស្ទើរតែ​រៀងរាល់ថ្ងៃ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ទៀត​សោត តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុនបើក​ការចរចា​នៅ​ម៉ាឡេស៊ី ការវាយប្រហារ​​ភេរវកម្ម​បាន​កើតមាន​ឡើង នៅ​ខេត្ត​ណារ៉ាធីវ៉ាត់​ ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​ថៃ ៣នាក់ ត្រូវ​ស្លាប់។

តំណាង​អាជ្ញាធរ​ថៃ ដែល​ទៅចរចា​ជាមួយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម ម្សិលមិញ​នេះ បាន​បញ្ជាក់​យ៉ាងច្បាស់​ថា អ្វី​ដែល​ថៃ​ចង់​បាន​ជា​ជំហាន​ដំបូង គឺ​ទាមទារ​ឲ្យ​ក្រុមឧទ្ទាមអ៊ីស្លាម​កាត់​បន្ថយ​អំពើ​ហិង្សា ជាពិសេស បញ្ឈប់​​ការវាយប្រហារ​ទៅលើ​ជនស៊ីវិល ដើម្បី​ជា​ភស្តុតាង​បញ្ជាក់ថា ក្រុម​បដិវត្តន៍​ជាតិ​បរិសាន្ត ដែល​មក​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ​នេះ ពិត​ជា​មាន​ឥទ្ធិពល​អាច​បញ្ជា​ទៅលើ​ក្រុមសកម្មជន​ជីហាដ​បានមែន។ បើ​សិនជា​អំពើ​ហិង្សា​មិន​ថយ​ចុះ​ទេ អាជ្ញាធរ​ថៃ​នឹង​អស់​ជំនឿចិត្ត​ ហើយ​ការចរចា​អាច​នឹង​ត្រូវ​បរាជ័យ។

បញ្ហា​ស្មុគស្មាញ​មួយទៀត នៅ​ក្នុងការ​ចរចា​នេះ គឺ​មក​ពី​ខាង​ភាគី​ថៃ។ គណៈប្រតិភូថៃ ដែល​ទៅចរចា​ជាមួយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ពេលនេះ គឺ​ចេញ​ពី​រដ្ឋាភិបាល​ស៊ីវិល ដោយ​គ្មាន​តំណាង​​របស់​មន្រ្តី​យោធា​នោះទេ។

ចំណុច​សំខាន់ៗ ដែល​ក្រុមឧទ្ទាម​អ៊ីស្លាម​ទាមទារ​ចង់បាន គឺ​ឲ្យ​ថៃ​ដក​កងទ័ព​ចេញ​ពី​ខេត្ត​ប៉ែក​ខាង​ត្បូង​ប្រទេស, លើកលែងទោស​ដល់​មនុស្ស​ទាំងអស់ ដែលចូលរួម​ក្នុង​ចលនាបះបោរ និង​ដាក់​តំបន់​ប៉ែក​ខាង​ត្បូង​ប្រទេស​នេះ ជា​តំបន់​រដ្ឋបាល​ពិសេស។ បើតាម​មើល​ទៅ ការទាមទារ​ទាំងអស់​នេះ ហាក់ដូចជា​គ្មាន​ចំណុច​ណាមួយ ដែល​ទំនង​ជា​កងទ័ព​ថៃ​សុខចិត្ត​ធ្វើ​តាម​នោះទេ ពីព្រោះ​ថា កន្លងមក យើងឃើញ​ថា ជា​ទូទៅ គឺ​កងទ័ព​ថៃ ដែល​ជា​អ្នក​ប្រកាន់​ជំហរ​តឹងរ៉ឹង មិនចង់​ឲ្យ​មាន​ការ​ធ្វើ​សម្បទាន​អ្វី​ទាំងអស់ ចំពោះ​ក្រុមឧទ្ទាម​អ៊ីស្លាម ហើយ​ ដូចជា​យើង​ដឹង​ស្រាប់ហើយ​ពី​លក្ខណៈពិសេស​នៅ​ថៃ រដ្ឋាភិបាល​ស៊ីវិល​មិនសូវ​ជា​មាន​អំណាច​បញ្ជា​ទៅលើ​កងទ័ព​នោះទេ។

ដូច្នេះ បើ​និយាយ​សរុប​ជារួមមកវិញ ការចរចា​រវាង​អាជ្ញាធរ​ថៃ និង​ក្រុមឧទ្ទាម​អ៊ីស្លាម​ចាប់ផ្តើម​បើក​ធ្វើ​មែន ក៏ប៉ុន្តែ ក្តីរំពឹង​ថា នឹង​ទទួលបាន​ជោគជ័យ​ហាក់ដូចជា​មិនតិចតួចបំផុត ពីព្រោះ​ថា អ្នក​ដែល​មក​ជា​តំណាង​ក្នុងការ​ចរចានេះ សុទ្ធតែ​ជា​អ្នក​ដែល​​មិនសូវ​មាន​អំណាច​ពេញលេញ ក្នុងការ​ធ្វើ​សេចក្តីសម្រេចសំខាន់ៗ ដើម្បី​ឆ្លើយតប​ទៅតាម​ការ​ទាមទារ​របស់​ដៃគូចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ