ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
កម្ពុជា

កម្ពុជា​ប្រតិកម្ម​នឹង​លោក​ Brad Adams ​ ដែល​ថា ​ជប៉ុន​អាប់​មុខ​ពេល ​ហុង​ដា ​ចាប់​ដៃ ​លោក​ សៅ ​សុខា​

media Keisuke HONDA ​បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១២ ​សីហា ​ឆ្នាំ​២០១៨​ @​សហព័ន្ធ​កីឡា​បាលទាត់​កម្ពូុជា​

ការិយាល័យ​អ្នក​នាំ​ពាក្យ ​រដ្ឋាភិបាល​កម្ពុជា ​និង​សហព័ន្ធ​បាល់​ទាត់​កម្ពុជា​ កាលពី​ម្សិលមិញ​ បានចេញ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា ​ប្រតិកម្ម​ព្រមៗ​គ្នា​ ទៅ​នឹង​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស ​(Human Rights Watch )​ របស់​លោក​ Brad Adams ​ ។​ លោក​ Brad Adams ​ ដែល​បាន​និយាយ​ថា​ ការ​ដែល​លោក​ ហុងដា​ កេស៊ូកិ​ កីឡាករ​បាល់​ទាត់​ជប៉ុន​ចាប់​ដៃ​ធ្វើការ​ជា​មួយ​ ​លោក ​សៅ ​សុខា​ ដែល​ជាប់​ងារ​ជា​ជន​មាន​បាតដៃ​ប្រឡាក់​ឈាម​ ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ នឹង​បង្កើត​ឲ្យ​មាន​ភាព​អាប់​ឱន​ដល់​មុខមាត់​ប្រទេស​ជប៉ុន​។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ នៅ​ថ្ងៃ​សុក្រ ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ​បាន​ចាត់​ទុក​ការ​ចោទប្រកាន់​ និង​ព្រួយ​បារម្ភ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch​ ទៅ​លើ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​លោក​ Keisuke Honda​ ថា​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​ និង​មាន​ចរិត​នយោបាយ​។ ​ មិន​ត្រឹម​តែ​បន្ទុច​បង្អាក់​ការ​រួម​ចំណែក​របស់​លោក ​Honda​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​នោះ​ទេ ​តែ​ថែម​ទាំង​ជាការ​បង្អាក់​ការ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់​ទាត់​ នៅ​ក្នុង​តំបន់​អាស៊ាន ​ទ្វីប​អាស៊ី ​និង​អន្តរជាតិ​ផងដែរ​។ ​នេះជា​ប្រតិកម្ម​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​របស់​លោក ​សៅ​ សុខា​។

ប្រតិកម្ម​នេះ​កើត​ឡើង​បន្ទាប់ពី​ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ Human Rights Watch លោក Brad Adams កាលពី​ថ្ងៃ​ទី​០៣​ខែ​ធ្នូ បាន​សរសេរ​លិខិត​មួយ​ទៅលោក ​Keisuke Honda ដោយ​បង្ហាញ​ក្តី​តក់​ស្លុត​ចំពោះ​រូប​ថត​ដែល​លោក​ហុងដា ថត​ចាប់​ដៃ​គ្នាជា​មួយ​លោក ​សៅ ​សុខា ​ប្រធាន​សហព័ន្ធ​បាល់​ទាត់​កម្ពុជា​។​ ជា​រូប​ថត ក្នុង​សិន្និសីទ​កាសែត​តែង​តាំង​លោក ​ហុង ដា​ ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​ ១២ខែ​សីហា​ ឆ្នាំ​ ២០១៨​។

តាម​អង្គការ​ Human Rights Watch លោក​ សៅ​ សុខា​ គឺ​ជា​ឧក្រិដ្ឋជន​ ដែលរំលោភ​សិទ្ធិ​មនុស្ស និង​មាន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​ ដូច្នេះ​ការ​ទាក់​ទងរបស់​លោក​ ហុងដា​ ជាមួយ​លោក​ សៅ សុខា ​ប្រៀប​ដូចជា​ការ​ភ្ជាប់​ខ្លួន​ទៅ​នឹង​សកម្មភាពឧក្រិដ្ឋកម្ម​ និង​អំពើ​ហិង្សា​ដែរ​។

តែ​ណា​យ៉ាង​ណាក៏​ដោយ ​ការិយាល័យ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​ក៏​បាន​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រ​ដែរ​ថា ​ការ​ចោទ​ប្រកាន់​របស់​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Right Watch )​ ដែល​តាំង​ខ្លួន​ជា​តម្រួត​អន្តរជាតិ​នោះ ​ជា​ការបង្ហាញ​កាន់​តែ​ច្បាស់​ថា​ អង្គការ​នេះ​មាន​ចរិត​បែប​ប្រទូស​រ៉ាយ ​និង​ជាការ​អាម៉ាស់​របស់​អង្គការ ដែល​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​យក​បាន​នោះ​ទេ​។

បើ​តាម​រដ្ឋាភិបាល​កម្ពុជា​ នាយ​ឧត្តមសេនីយ៍​ សៅ ​សុខា ​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ ទាត់​កម្ពុជា ​និង​ជា​ស្ថាបនិក​ស្ម័គ្រចិត្ត​ ដែល​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ​ក្នុង​ការ​រៀប​ចំ​ដំណើរ​ការ​សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា ​ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ