អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​៥ បើក​កិច្ច​ប្រជុំកំពូល​កំណត់​ពី​លក្ខន្តិកៈសមុទ្រ ​កាស្ព្យែន ​(Caspienne)

ចុះផ្សាយ​នៅ​ថ្ងៃ៖

រុស្ស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ និងតួកម៉េនីស្ថាន ដែលជា​ក្រុមប្រទេសនៅជាប់សមុទ្រកាស្ព្យែន ​(Caspienne) បើកកិច្ចប្រជុំកំពូលនៅថ្ងៃទី​១២សីហានេះដើម្បីរកកិច្ចព្រមព្រៀង ​ ក្នុងការបែងចែកធនធានធម្មជាតិរបស់សមុទ្រកាស្ព្យែន។  ការ​កំណត់ពីលក្ខន្តិកៈសមុទ្រកាស្ព្យែននេះ បាន​ត្រូវ​គេ​លើកទៅ​ជជែក​ចរចា​ អស់​ពេល​ជាង​២០ឆ្នាំមកហើយ តែ​មិន​ដាច់​ស្រេច​សោះ។

សមុទ្ទ casbian
សមុទ្ទ casbian REUTERS
ផ្សាយពាណិជ្ជកម្ម

តើសមុទ្រកាស្ព្យែននេះ មាន​សារៈ​សំខាន់​អ្វី​ខ្លះ បាន​ជា​គេ​ជជែក​ចរចា​គ្នា​មិន​ដាច់​ស្រេចសោះ​ ដល់ទៅ​ជាង​២ទសវត្សរ៍​ទៅហើយ​?

កាស្ព្យែន គឺ​ជាបណ្តុំ​ធនធានធម្មជាតិ​ដ៏​សំខាន់​ ជា​ទី​ដែល​មាន​ជង្រុក​​ត្រី មាន​ឧស្ម័ន​ធម្មជាតិ និង​ប្រេង​យ៉ាង​សន្ធឹក​ផង​។ ហេតុនេះហើយ បាន​ជា​ប្រទេស​ដែល​នៅ​ជាប់​សមុទ្រ​នេះ ​រំពឹង​ចង់​ទាញ​យក​ផលប្រយោជន៍​។ តាម​ការ​ប៉ាន់​ប្រមាណ សមុទ្ទ​នេះ អាចឲ្យ​គេ​បូម​ប្រេង​ ៥០ពាន់​លាន​បារិល ហើយ​អាច​ទាញ​យក​ឧស្ម័នធម្មជាតិ​ ដល់ទៅ​ ៣០០ ០០០ ពាន់​លានម៉ែត្រ​គួប។ មិន​តែប៉ុណ្ណោះ ទីនេះ ជា​ប្រភពជង្រុក​​ត្រី​ពិសេស​ម្យ៉ាង ដែល​គេ​យក​ពង​សម្រាប់លក់នៅ​ទីផ្សារ​អន្តរជាតិ។ តាម​សៀវភៅកំណត់ត្រា​ពិភពលោក World Guiness Records, អ៊ីរ៉ង់​ធ្លាប់​លក់​ពងត្រី Caviar (esturgeon albinos) ក្នុង​មួយ​គីឡូក្រាម បាន​ប្រាក់​ដល់​ទៅ​២ម៉ឺន​៥ពាន់​ដុល្លារ។

កាស្ព្យែន នេះ មាន​ផ្ទៃ​ក្រឡា ប្រមាណ​ជាង ​៣៧៤ ០០០ គីឡូម៉ែត្រ​ក្រឡា  គឺ​ធំ​ជាង​សមុទ្រ​ខាង​ជើង​និង​សមុទ្ទ​បាល់ទិក​ទៅទៀត។ ​ទីនេះ  ជា​ផ្ទៃ​ទឹក​ប្រៃដ៏ធំ តែបិទ​ជិត​ឈឹង​ពី​ពិភព​លោក។ បើ​គេ​អាច​ប្រៀប​បាន គឺ​វា​ដូច​ជា​បឹង​ធំ​មួយ ដែល​មាន​ទឹក​ហូរ​ចាក់​បំពេញ​ចូល ដោយសារតែ​សមុទ្ទ​ និង​ស្ទឹង​ ពីរ​ផ្សេងទៀត នោះគឺ​ស្ទឹង​ ​Volga និង​ Oural។​

ដូច្នេះ បើគិត​តែ​ពី​ទំហំ កាស្ព្យែន គួរតែ​ត្រូវ​មា​នឈ្មោះ​ជា​សមុទ្ទ​ហើយ។​ ក៏ប៉ុន្តែសព្វ​ថ្ងៃ​នេះ នៅ​ក្រដាស​ផ្លូវ​ការ​ជាក់​ស្តែង គេ​នៅ​មិន​ទាន់​អាច​និយាយថា កាស្ព្យែន​ ជា​សមុទ្ទ ឬ​ជា​បឹង នៅឡើយទេ។ ហេតុនេះ​ហើយ ទើប​ប្រទេសទាំង៥ មានរុស្ស៊ី អ៊ីរ៉ង់ អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន និងតួកម៉េនីស្ថាន ​ត្រូវ​ជជែក​គ្នា​ឲ្យ​ដាច់​ស្រេច​នៅ​ថ្ងៃ​នេះ ​ណា​ពិសី។

តើ​ កាស្ព្យែន ជាសមុទ្ទ ឬជាបឹង?​ហើយ​ការ​កំណត់ណាមួយ​នោះ​ គឺ​វា​ផ្តល់​ផល​ប្រយោជន៍​អ្វី​សម្រាប់​ប្រទេស​នៅ​ជុំវិញ​សមុទ្ទ​នេះ?​

ការ​ប្រជុំ​កំពុង​តែ​ប្រព្រឹត្ត​ធ្វើ​នៅឡើយ ហេតុនេះ​គេ​​នៅ​មិន​ទាន់​ដឹងពី​សេចក្តី​សម្រេច​​​នៅឡើយទេ។ ក៏ប៉ុន្តែ​ គេ​បាន​ដឹង​ថា​ជំហរ​របស់ភាគី​ប្រទេស ​រុស្ស៊ី គឺ​ចង់​ដាក់​ កាស្ព្យែន នេះ ស្ថិត​ក្នុង​លក្ខន្តិកៈ​ពិសេស គឺ​មិនមែន​ជា​​ បឹង ហើយ​ក៏​ពុំ​មែន​ជា​ សមុទ្ទ​ ដែរ។ នេះបើ​តាម​អនុរដ្ឋមន្ត្រី​ការទូត​រុស្ស៊ី Grigori Karassine។

ការកំណត់លក្ខន្តិកៈសមុទ្ទ​នេះ គឺ​វា​ទាក់ទង​នឹង​យុទ្ធ​សាស្ត្រ​នយោបាយ សេដ្ឋកិច្ច និង​យោធា។ គួរ​​បើក​រង្វង់​ក្រចក​ត្រង់​នេះ​បន្តិចថា ពីដំបូងឡើយ សមុទ្រកាស្ព្យែន នេះ គឺជារបស់សហភាពសូវៀត និងអ៊ីរ៉ង់។ ក៏ប៉ុន្តែក្រោយ​ការរំលំរលាយនៃសហភាពសូវៀតនៅដើមទសវត្សរ៍១៩៩០ សហភាពសូវៀតបានត្រូវពុះចែកដែនដីជាចម្រៀកៗ ចេញជាច្រើនប្រទេស និងក្លាយមកជារុស្ស៊ីសព្វថ្ងៃ។ ក្នុងនោះមាន កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ និងតួកម៉េនីស្ថាន ដែលក្លាយជារដ្ឋឯករាជ្យ ក៏បែរងាកមកចង់បែកចែកផលប្រយោជន៍ពីសមុទ្រកាស្ព្យែន នេះដែរ។

ហេតុនេះ ប្រសិន​បើ​ កាស្ព្យែន ក្លាយ​ផែន​សមុទ្ទ​អន្តរជាតិ នោះគឺ​ រុស្ស៊ី នឹង​ត្រូវ​បាត់​បង់​ប្រយោជន៍​ច្រើន ទៅលើផ្នែក​សេដ្ឋកិច្ច​និង​យោធា​។ ដូច្នេះ​ ក្នុង​នាម​ជា​បង​ធំ​ក្នុង​តំបន់​ផង រុស្ស៊ី ចង់​ឲ្យ​សមុទ្ទ​កាស្ព្យែន​នេះ មាន​ត្រឹម​លក្ខន្តិកៈ​ពិសេស ដែល​បែង​ចែក​ផល​ប្រយោជន៍​ត្រឹម​តែ​៥ប្រទេស​ជុំវិញ​សមុទ្ទ​នេះតែ​ប៉ុណ្ណោះ​។

ស​មុទ្ទ​នេះមាន​ទំនាក់ទំនង​ដល់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និងយោធា​ផង​។ តើ​ហេតុអ្វី​បាន​ជា​រុស្ស៊ី​បារម្ភ​ខ្លាំង​ម្ល៉េះ ទៅលើ​ផ្នែក​ទាំងពីរ​នេះ នៅក្នុង​សមុទ្ទ​កាស្ព្យែន ​?

ចំពោះ​រឿង​សេដ្ឋកិច្ច រុស្ស៊ី មិន​ចង់​ឲ្យ​ប្រទេសបួនប្រាំ​​ផ្សេងទៀត​ហ្នឹង​ បូម​ចម្រាញ់​យក​ធនធនធម្មជាតិ​លើស​ប្រមាណ​ពី​សមុទ្ទ​នេះនោះទេ។ ថែមពីនេះ រុស្ស៊ី​ចង់​ឲ្យ​មាន​ការ​កំណត់​ពី​ចំនួន​កូកា​ការ​នេសាទ​ឲ្យ​បាន​ត្រឹ​ម​ត្រូវ ពីព្រោះ​ថា​ ការ​នេសាទ​សព្វ​ថ្ងៃ នៅ​ក្នុង​សមុទ្ទនេះ គឺមិន​ស្មើភាព​គ្នា​ផង ហើយ​ថែម​ទាំង​បំពុល​បរិស្ថា​ន​​ថែមទៀត។ កន្លង​មក អាជ្ញាធរ​រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ចេញបំរាម​និង​ណែនាំមិន​ឲ្យ​ពលរដ្ឋ​ទៅ​មុជ​​ទឹក​ឬ​លេង​ទឹក​សមុទ្ទនេះផងទេ​ ព្រោះ​ខ្លាច​ទឹក​មាន​ជាតិ​​ពុល។ នៅ​ពី​ក្រោយរឿង​នេះ ទៀត គឺប្រទេស​​រុស្ស៊ី ទំនង​ពី​ព្រួយ​បារម្ភ ខ្លាច​ មហាយក្ស​ចិន ទៅ​ស្រូប​ទាញ​យក​ប្រយោជន៍​សេដ្ឋកិច្ច​និង​ធនធានធម្មជាតិ​នៅទីនោះដែរ​។ ចូល​កុំ​ភ្លេច​ថា ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់​​អាស៊ី​កណ្តាល គឺ​ចិន​បាន​សាងសង់​រួច​​ជា​ច្រើន​មកហើយ តាមរយៈ​គម្រោង​ផ្លូវ​សូត្រ​ថ្មី​របស់​ចិន​នោះ​។​

ចំណែក​ទិដ្ឋភាព​ផ្នែក​យោធាវិញ រុស្ស៊ី បាន​ទាមទារ​ក្នុង​លក្ខន្តិកៈពិសេស​នេះ ថា ដាច់​ខាត​មិន​ត្រូវ​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​ជុំវិញ​សមុទ្ទ​កាស្ព្យែន​នេះទេ។ ការ​ទាមទារ​ធ្វើ​ដូច្នេះ រុស្ស៊ី​ចង់​ដាក់​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅទីនេះ ហើយ​ក៏​ដើម្បី​ហាម​ឃាត់​មិន​ឲ្យ​មាន​មូលដ្ឋាន​យោធា របស់​ប្រទេស​សម្ព័​ន្ធ​​មិត្ត​អូតង់ និង​អាមេរិក មក​ឈរ​ជើង​នៅទីនេះ ។ ចូល​រម្លឹកថា កាលពីអំលុង​ឆ្នាំ​២០០១ រដ្ឋបាល​អាមេរិក ធ្លាប់​មា​នចេតនា​ ចង់​មក​ដាក់​មូលដ្ឋានកងទ័ព​នៅ​អាស៊ីកណ្តាល ម្តុំ​​ប្រទេស​អាស៊ែបៃហ្សង់ដែរ​ ដោយ​យក​ ប្រទេស​អ៊ូសបេគីស្ថាន ជា​ស្ពាន។ ហេតុនេះហើយ ទើប​ រុស្ស៊ី មិន​ចង់​ឲ្យ​មាន​មូលដ្ឋាន​ទ័ព​អាមេរិក​ដែល​ជា​គូសត្រូវ​ នៅជាប់ក្លៀករបស់ខ្លួន​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ