អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មូលហេតុ​ដែល​នាំឲ្យ​មាន​ការ​បះបោរ​របស់​ពួក​អ៊ុយហ្គួ​នៅ​ស៊ីងជាំង​ប្រទេស​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃចន្ទ​នេះ កាសែត​ផ្លូវការ​ចិន​បាន​ផ្សាយ​ឲ្យដឹង​ថា ​ប៉ូលិស និង​ពួក​អ៊ុយហ្គួ នៅ​ស៊ីងជាំង បាន​ប៉ះទង្គិចគ្នា កាល​ពីថ្ងៃ​អាទិត្យ បណ្តាល​ឲ្យ​មនុស្ស ១៦នាក់​បាត់បង់ជីវិត។ ហេតុការណ៍​នេះ​បាន​កើតឡើង​ប្រមាណ​ជា​ជាង១ខែ​ ក្រោយ​ពី​ហេតុការណ៍​ផ្ទុះរថយន្ត នៅ​ទីលាន​ធានអានមេន ដែល​អាជ្ញាធរ​ចិន​សង្ស័យថា​ ជា​ការវាយប្រហារ​ភេរវកម្ម​បង្ក​ឡើង​ដោយ​ពួក​អ៊ុយហ្គួ។ តើ​ពួកអ៊ុយហ្គួ​ជានរណា? តើ​ហេតុអ្វី​បាន​ជា​ពួកគេ​ងើបឡើង​បះបោរ?

ទាហាន និង​ប៉ូលិស​ចិន​ដើរល្បាត​ក្នុង​តំបន់​ស្វយ័ត​ស៊ីងជាំង កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ (រូបថតឯកសារ)
ទាហាន និង​ប៉ូលិស​ចិន​ដើរល្បាត​ក្នុង​តំបន់​ស្វយ័ត​ស៊ីងជាំង កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ (រូបថតឯកសារ) REUTERS/Stringer/Files
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​ផ្សាយ​របស់​កាសែត​ផ្លូវការ​ចិន ការប៉ះទង្គិចគ្នា រវាង​ប៉ូលិស និង​ពួកអ៊ុយហ្គួ បាន​កើតឡើង​ កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ពេលដែល​ប៉ូលិស​​​ព្យាយាម​ចាប់ខ្លួន​ជនសង្ស័យ​អ៊ុយហ្គួ។ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ១៦នាក់ មាន ២នាក់​ជា​ប៉ូលិស។

គួររំឭកឡើងវិញ​ថា កាល​ពីថ្ងៃ​ទី២៨ ខែ​តុលា មាន​ហេតុការណ៍​ផ្ទុះរថយន្ត​មួយ នៅ​ទីលាន​ធានអានមេន ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥នាក់ ហើយដែល​​អាជ្ញាធរ​ចិន​សង្ស័យថា ជា​ការ​វាយប្រហារ​ភេរវកម្មអត្តឃាត​ បង្កឡើង​ដោយ​ក្រុម​បះបោរ​នៅ​ស៊ីងជាំង។

សូមអាន៖ ពួកអ៊ុយហ្គួ​ជាប់សង្ស័យ​បង្ក​ភេរវកម្ម​អត្តឃាត​នៅ​ទីលាន​ធានអានមេន

ពួកអ៊ុយហ្គួ គឺ​ជា​ជនជាតិ​ភាគតិច​ រស់​នៅ​ក្នុង​តំបន់​ស៊ីងជាំង ស្ថិត​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស​ចិន ជាប់នឹង​តំបន់​អាស៊ី​កណ្តាល មាន​វប្បធម៌ ភាសា និង​សាសនា​ខុស​ពី​ជនជាតិ​ដើម​ចិន។ ពួក​អ៊ុយហ្គួ​កាន់​សាសនា​អ៊ីស្លាម និយាយ​ភាសា ដែល​មាន​ឫសគល់​ជាមួយ​នឹង​ភាសា​តួកគី។

តាម​ការពិត​តំបន់​ស៊ីងជាំង​សព្វថ្ងៃ​នេះ កាល​ពីមុន មាន​ឈ្មោះ​ថា​តួកេស្តង់​ខាងកើត (Turkestan Oriental) ហើយ​​មាន​ប្រវត្តិ​ប្រែប្រួល​ច្រើន​។ ពេលខ្លះ​​តំបន់​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ម៉ុងហ្គោល ពេលខ្លះ​ទៀត គឺ​ជា​រដ្ឋ​ឯករាជ្យ ក៏ប៉ុន្តែ ត្រូវ​ប្រទេស​ជិត​ខាង គឺ​រុស្ស៊ី និង​ចិន ហែកហួរ​ដណ្តើម​គ្នា​កាន់កាប់។ ចុងក្រោយ នៅ​ឆ្នាំ​១៨៨៤ ចិន ក្រោម​ការ​ដឹកនាំ​នៃ​​រាជវង្ស​ឈីង ក៏​បាន​យក​ដែនដី​ស៊ីងជាំង​មក​ដាក់​ជា​ខេត្ត​មួយ​របស់​ចិន ក៏ប៉ុន្តែ ដាក់​ជា​តំបន់​ស្វយ័ត។

នៅ​ឆ្នាំ​១៩៣៣ ពួកអ៊ុយហ្គួ​​បាន​ប្រកាស​ផ្តាច់ខ្លួន ទៅបង្កើត​ជា​រដ្ឋឯករាជ្យ​ដាច់ពីចិន ក៏ប៉ុន្តែ មួយឆ្នាំ​ក្រោយមក​ត្រូវ​ធ្លាក់​ក្រោម​ឥទ្ធិពល​របស់​សហភាព​សូវៀត។ ដល់​ឆ្នាំ​១៩៤៩ កងទ័ព​បដិវត្តន៍​របស់​ម៉ៅសេទុង​ក៏​បាន​ដណ្តើម​យក​ស៊ីងជាំង​មក​ដាក់​ជា​ខេត្ត​របស់​ចិន​វិញ ដោយ​​ដាក់​ជា​តំបន់​ស្វយ័ត ក៏ប៉ុន្តែ ក្រោយ​មក​ទៀត ដោយសារ​តែ​ចិន​មើល​ឃើញ​ថា តំបន់​នេះ​ គឺ​ជា​តំបន់​រសើប ដែល​អាច​មាន​ចលនា​បះបោរ​ទាមទារ​ឯករាជ្យ ទើប​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​​​ ​ពង្រឹងការ​ត្រួតត្រា​លើ​ដែនដី​ស្វយ័ត​ស៊ីងជាំង​កាន់តែ​ខ្លាំង​រហូត​មក​ទល់​នឹង​សព្វថ្ងៃ។
 
ពួកសកម្មជន​អ៊ុយហ្គួ​​បាន​នាំគ្នា​ងើបឡើង​បះបោរ ដោយសារ​តែ​គេ​មើលឃើញ​ថា ពីមួយថ្ងៃ ទៅមួយថ្ងៃ អាជ្ញាធរ​ចិន​ចេះតែ​រឹតត្បឹត​សិទ្ធិសេរីភាព​ខាង​សាសនា និង​វប្បធម៌​របស់​ពួកគេ​កាន់តែ​ខ្លាំងឡើងៗ។ ជារឿយៗ សកម្មជន​ការពារ​សិទ្ធិ​ជនជាតិ​អ៊ុយហ្គួ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ដាក់ពន្ធនាគារ ដោយ​ចោទ​ពី​បទ​ភេរវកម្ម ហើយ​ខ្លះ​ទៀត​ ត្រូវ​បង្ខំ​ចិត្ត​រត់ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេចចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​អាជ្ញាធរ។ ចាប់តាំង​ពី​ការវាយប្រហារ​ភេរវកម្ម​ ១១កញ្ញា នៅ​អាមេរិក អាជ្ញាធរ​ចិន​ក៏​កាន់តែ​បង្កើន​ការ​បង្រ្កាប​សកម្មជន​អ៊ុយហ្គួ​កាន់តែ​ខ្លាំង ដោយ​ចោទ​ថា ពួក​នេះជា​ក្រុមភេរវជន​ស្និទ្ធ​នឹង​អាល់​កៃដា។

ម្យ៉ាងទៀត ពួកអ៊ុយហ្គួ​ងើបឡើង​បះបោរ គឺ​ដើម្បី​ប្រឆាំង​នឹង​ជនជាតិ​ហាន ដែល​ជា​ជនជាតិ​ដើម​ចិន ហើយ​ដែល​ចេះតែ​ហូរ​ចូល​មក​ក្នុង​តំបន់​ស៊ីងជាំង​កាន់តែ​ច្រើន។ កាលពី​មុន ពួកអ៊ុយហ្គួ​មាន​ចំនួន​ភាគច្រើន នៅ​ស៊ីងជាំង ក៏ប៉ុន្តែ ក្រោយ​មក ដោយសារ​តែ​មាន​ជនជាតិ​ហាន​ហូរ​ចូល​មក​រស់​នៅ​ច្រើន​ ពួកអ៊ុយហ្គួ​ក៏​ក្លាយ​ទៅជា​ក្រុម​ជនជាតិ​ភាគតិចវិញ ហើយ​ពួក​អ៊ុយហ្គួ​ក៏​ចេះតែ​មាន​គំនិត​ថា ពួក​ជនជាតិ​ហាន​ចូល​មក​ដណ្តើម​ការងារ មុខជំនួញ​ពួកគេ ហើយ​​ថា អាជ្ញាធរ​ចិន​មាន​ការ​រើសអើង​ជិះជាន់​ពួកគេ ហើយ​លើកតម្កើង​ជនជាតិ​ហាន។ យូរៗ​ទៅ​វា​ក៏​បង្កើត​ទៅជា​ជម្លោះ​ជាតិសាសន៍ រវាង​អ៊ុយហ្គួ និង​ហាន នៅ​ស៊ីងជាំង​នេះ។

ជម្លោះ​ រវាង​ពួក​អ៊ុយហ្គួ និង​ជនជាតិ​ហាន​នេះ​ហើយ ដែល​ជា​ដើមហេតុ​នាំ​ឲ្យ​​ផ្ទុះ​ការ​​បះបោរ​ នៅ​ស៊ីងជាំង កាល​ពី​ឆ្នាំ​២០០៩ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២០០នាក់ និង​របួស​ប្រហែល​ជា ១៦០០នាក់។

ដូច្នេះ ការបះបោរ​​របស់​ពួកអ៊ុយហ្គួ នៅ​ស៊ីងជាំង មិនមែន​ជា​ការ​បះបោរ​​ ដើម្បី​ទាមទារ​ផ្តាច់ទឹកដី​អ្វីទេ ប៉ុន្តែ វា​​ជា​ការ​បះបោរ​ ដោយសារ​មូលហេតុ​សេដ្ឋកិច្ច និង​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ