អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ប្រារព្ធ​ខួប​៦៣​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​រយៈ​ពេល​ ៣​ថ្ងៃ

ថ្ងៃទី៩ វិច្ឆិកា​១៩៥៣-៩ វិច្ឆិកា​២០១​៦នេះ គឺ​ជាខួប​៦៣​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។ នៅ​ថ្ងៃ​នេះ ប្រជាពលរដ្ឋ សិស្ស​និស្សិត និង​មន្រ្តី​រាជការ​ទាំង​អស់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​នេះ​នៅ​ទូទាំង​ប្រទេស។ នៅ​ទីក្រុង​ភ្នំពេញ ពិធី​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​ផ្លូវ​ការ​នៅ​ឯវិមានឯករាជ្យ ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះ​មហាក្សត្រ​កម្ពុជា។ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​ ៣​ថ្ងៃ។

ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ផ្សាយពាណិជ្ជកម្ម

បុណ្យ​ឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា​ ១៩៥៣ ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​រំលឹក​ទៅ​ដល់​ថ្ងៃ​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យភាព​ពេញ​បរិបូណ៌​ពី​អាណានិគម​និយម​បារាំង​នៅ​ថ្ងៃ​ទី​ ៩​វិច្ឆិកា​ ឆ្នាំ​១៩៥៣ ក្រោម​ព្រះរាជ​បូនីយកិច្ច​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ អតីត​ព្រះ​មហាក្សត្រ​កម្ពុជា។ ដូច​រាល់​ឆ្នាំ​ដែរ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​ ៦៣​ឆ្នាំ​នៅ​ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​មហោឡាប្ញក ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ព្រះអង្គ​បាន​យាង​ប្រទាន​ភ្លើង​ជ័យ ដើម្បី​ជា​និមិត្ត​រូប​នៃ​ការ​ចាប់​ផ្តើម​ថ្ងៃ​ដំបូង​នៃ​ព្រះ​រាជពិធី​បុណ្យ​ឯករាជ្យ​ជាតិ ដែល​មាន​រយៈ​ពេល​ ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​ ៩វិច្ឆិកា ដល់​ថ្ងៃ​ទី​ ១១​វិច្ឆិកា​ឆ្នាំ​២០១៦។

ដូច​រាល់​ដង​ដែរ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​នេះ មាន​ការ​បង្ហោះ​ប៉េងប៉ោង ពិធី​ដាក់​កម្រង​ផ្កា និង​ការ​ប្រទាន​ភ្លើង​ជ័យ​ដោយ​ព្រះ​ករុណា ព្រះ​មហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ការ​យាង​សួរ​សុខ​ទុក្ខ និង​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ សិស្ស និស្សិត មន្រ្តី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​ពាន់​នាក់។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​មុខ​អ្នក​ការ​ ដែល​ចូលរួម​នៅ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​នេះ មាន​ស្ថាប័ន​ចូលរួម​ចំនួន ៥៤​ស្ថាប័ន ក្នុង​នោះ​ក៏​មាន​ឥស្សរជន​ជាន់​ខ្ពស់​មក​ពី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ចូល​រួម​ផង​ដែរ រួម​មាន​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន, លោក ហេង សំរិន ប្រធាន​រដ្ឋសភា, សម្តេច​ចៅ​ហ្វាវំាង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ព្រះ​បរម​រាជ​វាំង, លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ, លោក ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ រួម​ទាំង​មន្រ្តី​រាជការ សមាជិក​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់។ នៅ​ក្នុង​ពិធី​កាល​ពី​ព្រឹក​មិញ ក៏​មាន​វត្តមាន​របស់​ក្រុម​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រឆាំង​ចូល​រួម​ដែរ ប៉ុន្តែ​មិន​មាន​វត្តមាន​របស់​លោក កឹម សុខា ដែល​កំពុង​លាក់​ខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​។

បន្ទាប់​ពី​បាន​ចូលរួម​អបអរ​សាទរ​ខួប​ទី​ ៦៣​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ១៩៥៣-៩​វិច្ឆិកា ២០១៦​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេស​បុក​ផ្លូវ​ការ​របស់​លោក​ថា “បើ​គ្មាន​ការ​តស៊ូ​ទាមទារ​ឯក​រាជ្យ​ពី​ព្រះ​បិតា អតីត​ព្រះ​មហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ពី​អាណានិគម​បារាំង​បាន​ទេ កម្ពុជា​នឹង​គ្មាន​ឯករាជ្យ​ឡើយ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ