អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចព្រមព្រៀង​​សេដ្ឋកិច្ច​​និង​ពាណិជ្ជកម្ម​​រវាង​​កាណាដា​​និង​​អឺរ៉ុប​​ជួប​បរាជ័យ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសុក្រ​ម្សិលមិញ ​រដ្ឋមន្ត្រី​​ពាណិជ្ជកម្ម​កាណាដា លោកស្រី​គ្រីស្ទៀ ហ្វ្រីឡិន Chrystia Freeland បាន​​សម្រេច​ចិត្ត​​​ប្រកាស​​នូវ​​​បរាជ័យ​នៃ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​កាណាដា និង​សហភាព​អឺរ៉ុប ដែល​​ហៅកាត់ថា CETA។ មូលហេតុ​នៃ​បរាជ័យ គឺ​ដោយសារ​សភា​​​តំបន់​វ៉ាឡូនី Wallonie ភាគខាងត្បូង​បែលហ្ស៊ិក​បាន​ជំទាស់​​នឹង​កិច្ចព្រមព្រៀង​នេះ។ ​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កាណាដា លោកស្រី ​​Chrystia Freeland
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កាណាដា លោកស្រី ​​Chrystia Freeland REUTERS/Chris Wattie
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មានសប្តាហ៍​មុននេះ គេមិនបាន​ស្មានដល់​ទេថា កិច្ចព្រមព្រៀង​នេះ​អាច​បរាជ័យ គេ​រឹតតែ​មិនស្មានដល់​ទៀតថា គឺ​ភាគី​កាណាដា​ខ្លួនឯង​ជា​អ្នក​ប្រកាស​​នូវ​ការបរាជ័យ​នេះ។ ខាងកាណាដា​សង្ឃឹមថា ​អាច​នឹង​មាន​ការចរចា​គ្នា​​ឡើងវិញ។ ​

សភាតំបន់​វ៉ាឡូនី​ របស់​បែលហ្ស៊ីក ជា​ប្រភព​​​រាំងស្ទះ​ដល់​​CETA
ដោយសារ​តែ​សភា​តំបន់​វ៉ាឡូនី ភាគខាងត្បូង​បែលហ្ស៊ិក​ ជំទាស់​​កិច្ចព្រមព្រៀង​​ ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​​រវាង​កាណាដា និង​អឺរ៉ុប​ ប្រទេស​បែលហ្ស៊ិក​ទាំងមូល​មិនអាច​​និយាយ​ថា យល់ព្រម​ទទួលយក​កិច្ចព្រមព្រៀង​នេះ​ទេ។ នេះហើយ​ជា​បញ្ហាស្ថាប័ន​​នយោបាយ​ផ្ទៃក្នុង​របស់​បែលហ្ស៊ិក។

ទាក់ទង​​ប្រព័ន្ធ​សហព័ន្ធ​នៅ​បែលហ្ស៊ិក បើសិនសភា​មួយ ​​ក្នុងចំណោម​សភា​តំបន់​ទាំង៣ ជំទាស់​សន្ធិសញ្ញា​អ្វីមួយ ​នោះ​សន្ធិសញ្ញា​នោះ​មិនអាច​ដំណើរការ​បានទេ ក្នុង​កម្រិត​ថ្នាក់ជាតិ។ ដោយសារ​នយោបាយ​បែលហ្ស៊ិក​នេះ​ ប្រទេស​សហភាព​អឺរ៉ុប​ផ្សេងៗ ដែល​យល់ព្រម​ទទួល​យក​​សន្ធិសញ្ញា​ផ្តោះប្តូរសេរី ជាមួយ​កាណាដា មិនអាច​ចុះហត្ថលេខា​ជាមួយ​​កាណាដាទេ។ ប្រព័ន្ធ​នយោបាយ​បែលហ្ស៊ិក​បែបនេះ អាច​​ជាគុណវិបត្តិ​​ធ្វើអោយ​អឺរ៉ុប​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ក្នុង​ឆាក​អន្តរជាតិ​បាន។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​កាណាដា លោកស្រី​គ្រីស្ទៀ ហ្វ្រីឡិន ខកចិត្ត​ខ្លាំងណាស់ ម្សិលមិញ ​​ព្រោះខំ​ធ្វើដំណើរ​មកចរចា​នៅ​អឺរ៉ុប ​មិនស្មាន​ថា បែរ​ជា​​អាច​បរាជ័យ​ដោយសារ​តែ​តំបន់​វ៉ាឡូនីរបស់​បែលហ្ស៊ិក​​នេះ​សោះ។ ឥឡូវនេះ ​​អឺរ៉ុប​ត្រូវប្រឹងប្រែង​និយាយ​ជាមួយ​លោក ប៉ូល ​ម៉ាញ៉ែត ជា​ថ្នាក់ដឹកនាំ​​សភា​តំបន់​វ៉ាឡូនី របស់​បែលហ្ស៊ិក ឡើងវិញ​ ​ដើម្បី​រក​ច្រកចេញ។​​

ប្រធានគណៈ​កម្មការ​អឺរ៉ុប លោកហ្សង់ក្លូត ​​យ៉ុងកឺ​ សង្ឃឹម​ថា អាច​រកច្រកចេញ​បានឆាប់ៗ។ ​សភា​អឺរ៉ុប​ប្រាប់ថា ​​ជំនួបកំពូល​​​រវាង​កាណាដា ​និង​អឺរ៉ុប​ ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយនេះ ​នៅតែ​រក្សា​ទុកដដែល។ តាម​គំរោង បើ​កិច្ចព្រមព្រៀង​ចរចា​ទៅ​បាន​ជោគជ័យ នាយករដ្ឋមន្ត្រី​កាណាដា​នឹង​មានវត្តមាន​ នៅ​ក្រុងព្រុចសែល ​​ថ្ងៃ​ព្រហស្បតិ៍​២៧តុលា នេះ​ក្នុងពេល​​ចុះហត្ថលេខា​។

ខ្លឹមសារ​​កិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកាណាដា CETA
កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​ CETA រវាង​កាណាដា​និង​អឺរ៉ុប មានទិសដៅ​កាត់បន្ថយ​សិទ្ធិ​ពន្ធអាករ​​ផ្សេងៗ រវាង​កាណាដា និង​អឺរ៉ុប ដើម្បី​បើក​អោយមាន​ការផ្តោះប្តូរ​គ្នា​បាន​ទូលំទូលាយ។ ​

ស្របតាម​​​កិច្ចព្រមព្រៀង​នេះ ឧទាហរណ៍​ខាង​ផ្នែក​​កសិកម្ម ​មួយឆ្នាំៗ ​កាណាដា​អាច​​នាំចេញ​សាច់គោ​​គ្មានជាតិ​អរម៉ូន ទៅ​អឺរ៉ុប បាន​ជិត​៤ម៉ឺន៦ពាន់តោន គឺ​១ទ្វេ​ជាជាង​១០ដង ប្រៀប​នឹង​បរិមាណ​​បច្ចុប្បន្ន។ បច្ចុប្បន្ន​ កាណាដា​នាំសាច់គោ​ចូលអឺរ៉ុប​ត្រឹមតែ​​ជាង​៤ពាន់តោន​ប៉ុណ្ណោះ។

ខាងសាច់ជ្រូក​ដូចគ្នា​ដែរ កាណាដា​អាច​នាំ​ចេញ​សាច់ជ្រូក ​អោយ​អឺរ៉ុប​បាន​ដល់​៧ម៉ឺន​៥ពាន់តោន​ គឺមួយទ្វេ​ជា​ជាង​១០ដូចគ្នា។ នេះ​ជា​ប្រយោជន៍ត្រួសៗ សម្រាប់​​​កាណាដា។ ចំណែក​ប្រយោជន៍​ខាងអឺរ៉ុប​វិញ ​គឺ​ថា កាណាដា ​បើក​ទីផ្សារ​សាធារណៈ​​​៣០ភាគរយ អោយ​សហគ្រាស​អឺរ៉ុប ធ្វើអោយ​សហគ្រាស​​​អឺរ៉ុប​ទទួលបាន​ផល​ចំណេញ​១ទ្វេជា៣ដែរ។  ​

​CETA មិនបាន​​លើកឡើង​​ពី​​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​Cop21ទេ។ តែ​អឺរ៉ុប​ប្រាប់ថា CETA មិនបង្ក​ការ​ប៉ះពាល់​បរិស្ថាន​ទេ។ ​

ចន្លោះប្រហោង​នៃ​​​កិច្ច​ព្រមព្រៀង​ CETA
ប្រជាជន​អឺរ៉ុប៥០០លាននាក់ ​​ត្រូវការ​ការ​ធានា​អះអាង​ត្រឹមត្រូវ​ នូវ​​អត្ថប្រយោជន៍​នៃ​ការផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​កាណាដា។ គេ​មើលឃើញ​ថា ​កិច្ចព្រមព្រៀង ​ CETA នៅ​មាន​ចន្លោះ​ប្រហោង​ខ្លះនៅឡើយ។ ឧទាហរណ៍​ កិច្ចព្រមព្រៀង​មា​ន​១៥០០ទំព័រ តែ​ក្នុងចំណោម​១៥០០ទំព័រ​នេះ មានតែ​១៣ទំព័រទេ ដែល​ចែង​ពី​ការអភិវឌ្ឍន៍​រយៈពេល​យូរអង្វែង។ ​ក្រុម​ការពារ​​បរិស្ថាន​ខ្លះ ដូចជា​នៅ​បារាំង សង្ស័យថា វាអាច​ប៉ះពាល់​បរិស្ថាន។

ជាមួយ​កិច្ចព្រមព្រៀង​នេះ យើងឃើញថា កាណាដា​នាំចូល​ផលិតផល​កសិកម្ម​សន្ធឹក​សន្ធាប់​មកអឺរ៉ុប។ អញ្ចឹង​ចង់​មិនចង់ ​​វា​អាច​ប៉ះពាល់​ដល់​ការ​ផលិត ប៉ះពាល់​​ផ្នែក​កសិកម្ម​របស់​​អឺរ៉ុប។ មើលទៅ ​កាណាដា​ដូចជា​ចំណេញ​លើ​អឺរ៉ុបទៅវិញទេ។ មួយវិញទៀត ​គេនៅ​សង្ស័យថា ​ផលិតផល​យីហោ​ផ្សេងៗ ដូចជា​ ផលិតផល​ធ្វើពី​ទឹកដោះ​បារាំង ដែល​​​យើងហៅ​ថា Chhese ជា​ភាសា​អង់គ្លេស​នោះ ​អាច​នឹង​ត្រូវគេ​លួច​យក​ទៅចម្លង​នៅ​កាណាដា​​បាន បើ​ទោះជា​​កិច្ចព្រមព្រៀង​ CETA ​ហាមឃាត់​ការលួច​ចម្លង​​ក្តី។

បញ្ហា​ជាក់ស្តែង​មួយទៀត គឺ​​ផលិតផលអាហារ ផលិត​ដោយ​​​សហគ្រាស​ផ្សេងៗ ដែល​​​​នាំចូល​មក​​អឺរ៉ុប។ ​ប្រជាជន​អឺរ៉ុប​នៅ​សង្ស៍យ​ថា ដោយសារ​តែ​វាជា​ផលិតផល​សហគ្រាស​ ដូច្នេះ ​វាអាច​​ ​មាន​លាយជាតិគីមី ប៉ះពាល់​សុខភាព​។ ​

បទពិសោធន៍​មិនល្អ​មួយទៀតដែរ គឺថា ​កាណាដា​ធ្លាប់​មាន​បញ្ហា​ក្នុង​សន្ធិសញ្ញា​​ផ្តោះប្តូរ​ជាមួយ​សហរដ្ឋ​អាមេរិក​។ ប៉ុន្មាន​ឆ្នាំ​មុននេះ ​លោក​អូបាម៉ា​បានជំទាស់​នឹង​ការ​សាងសង់​បំពង់​បង្ហូរ​ខ្សាច់ នាំ​មកពី​កាណាដា។ ដោយសារផ្អែក​​​លើ​​សន្ធិសញ្ញា​នេះ ​ក្រុមហ៊ុន​កាណាដា ដែល​ទទួលបន្ទុក​សាងសង់​បំពង់​​បង្ហូរ​ដីខ្សាច់​នេះ បានទាមទារ​អោយ​អាមេរិក​សងលុយ​១៥ពាន់លាន​ដុល្លារ គឺ​ច្រើនណាស់។ អឺរ៉ុប​មិនចង់​មានបទ​ពិសោធន៍​បែបនេះ ជាមួយ​កាណាដា​ទេ។

អ្វី​ដែល​បាន​លើកឡើង​ខាងលើ​​ គឺសុទ្ធតែ​ជា​បញ្ហា​ដែល​ធ្វើអោយ​ប្រជាជន​​អឺរ៉ុប ពិសេស​ក្រុមប្រឆាំង​ រឺ​ក៏ក្រុម​ការពារ​បរិស្ថានផ្សេងៗ​ ​នៅ​មិនទាន់​ទុកចិត្ត​សន្ធិសញ្ញា​ផ្តោះប្តូរ​ជាមួយ​កាណាដានៅឡើយ។ ទោះយ៉ាងណាក៏ដោយ​ ​​ក៏គេ​នៅសង្ឃឹម​ថា អឺរ៉ុប​នឹង​ចរចាជាមួយ​កាណាដា​ឡើងវិញ​ ដើម្បី​អោយ​កិច្ចព្រមព្រៀង​នេះ សម្រេច​​ឡើង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ