អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនកិច្ច​មួយជុំ​តំបន់​មជ្ឈិមបូព៌ា​របស់​លោក​ប្រមុខ​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល (Chuck Hagel) បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ដើមបូព៌ា ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត ហ៊្សកដានី និង​ប្រទេស​អ៊ីស្រាអែល។ សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​សង្រ្គាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី គឺ​ជា​ប្រធានរឿង​សំខាន់​ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​កំពុង​ព្រួយបារម្ភ​ខ្លំាង និង​ដែល​អាមេរិក​ត្រូវ​តែ​ធានា​ដល់​សម្ព័ន្ធ​របស់​ខ្លួន។

លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល
លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល REUTERS/Alex Wong
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​នៅ​ក្នុង​តំបន់​ដែល​មាន​គោលដៅ​ស្វែង​រក​សន្តិភាព​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល​មាន​កម្មវត្ថុ​ធានា​ដល់​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដែល​កំពុង​ព្រួយ​បារម្ភ​ខ្លំាង​ចំពោះ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ស្ថានការណ៍​សង្រ្គាមស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី។ មាន​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ចំនួន ៣ ដែល​លោក​ឆាក់ ហាហ្គែល​ទៅ​បំពេញ​ទស្សនកិច្ច គឺ​អារ៉ាប៊ីសាអូឌីត ហ្សកដានី និង​ប្រទេស​អ៊ីស្រាអែល។ នៅ​ក្នុង​ទីក្រុង​យេដដា​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត លោក​ប្រមុខ​ការពារជាតិ​អាមេរិក​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​នៃ​បណ្តា​ប្រទេស​នៅ​ក្នុង​ក្រុមប្រឹក្សា​នៃ​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រពែរ្ស​ដែល​មាន​សមាជិក ៦ប្រទេស​គឺ អារ៉ាប៊ីសាអូឌីត កូវ៉ែត អូម៉ង់ កាតា បារ៉ែន និង​អេមីរ៉ាតអារ៉ាប់រួម។

ប្រធានបទ​នៃ​ការ​ខ្វែង​គំនិត​គ្នា​មាន​ច្រើន​រាប់​មិន​អស់​រវាង​អាមេរិក និង​រាជាណាចក្រ​អារ៉ាប់​អ្នកកាន់សាសនាអ៊ីកាយ​ស៊ុយនីត​នៅ​ឈូង​សមុទ្រពែរ្ស ពិសេស​ទាក់ទង​នឹង​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ សង្រ្គាមស៊ីវិល​នៅ​ស៊ីរី និង​ស្ថានការណ៍​ស្រពិចស្រពិល​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ អ្វី​ដែល​សមាជិក​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រពែរ្ស​កំពុង​បារម្ភ​ខ្លំាង​នោះ គឺ​ផលវិបាក​កើត​ចេញ​ពី​កិច្ចព្រមព្រៀង​បឋម​រវាង​អ៊ីរ៉ង់ និង​ក្រុមប្រទេស​លោកខាងលិច​ចុះ​ហត្ថលេខា​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១៣។ កិច្ចព្រមព្រៀង​ដែល​បស្ចិមលោក​ត្រៀម​ដោះដូរ​ជាមួយ​អ៊ីរ៉ង់​រវាង​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ធយ​ទ័ណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់។ ចូរ​កុំ​ភ្លេច​ថា ក្រៅ​ពី​ចំណោទ​ជុំវិញ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង រាជាណាចក្រ​អារ៉ាប់​នៅ​ឈូងសមុទ្រ​ពែរ្ស​ក៏​កំពុង​ខ្វាយខ្វល់​ពី​ឥទ្ធិពល​របស់​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ដែល​ជា​សត្រូវ​របស់​ខ្លួន​មាន​ភាគច្រើន​នៅ​អ៊ីរ៉ង់។

ទាក់ទង​នឹង​ប្រទេស​ស៊ីរី រដ្ឋបាល​អាមេរិកំាង​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​ខ្លំាង​ពី​បណ្តា​ប្រទេស​អារ៉ាប់​នៅ​ក្នុង​ឈូងសមុទ្រពែរ្ស ពី​បទ​រារែក អល់អែក​ក្នុង​ការ​ជួយ​គំាទ្រ​ក្រុមប្រឆំាង​រដ្ឋាភិបាល​ស៊ីរី។ តែ​ទន្ទឹម​គ្នា​នេះ ទីក្រុង​វ៉ាស៊ីនតោន​ក៏​មិន​នឹង​ញញើត​នឹង​ចោទ​បណ្តា​ប្រទេស​អារ៉ាប់​ទំាង​នោះ​វិញ​ថា បាន​ជួយ​គំាទ្រ​ទំាង​ផ្នែក​ស្មារតី និង​សម្ភារៈ​ចំពោះ​ក្រុមប្រឆំាង​រដ្ឋាភិបាល​ស៊ីរី​មួយ​ចំនួន​ដែល​ជា​ក្រុមជ្រុលនិយម មាន​ចំណង​ទាក់ទង​នឹង​អង្គការ​ភេរវនិយម។ ទំាង​នេះ សុទ្ធសឹង​ជា​សង្រ្គាមពាក្យសម្តី​ដែល​លោក​ឆាក់ ហាហ្គែល​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ពន្យល់​បំភ្លឺ និង​ធានា​ចំពោះ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ឡើយ។ បើ​ពុំ​នោះ​សោត​ទេ ភាព​មិន​ទុក​ចិត្ត​គ្នា​នឹង​កាន់​តែ​មាន​ខ្លំាង​ឡើង​ជា​មិន​ខាន។

យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​តែ​ជា​បញ្ហា​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ ព្រោះ​កម្មវត្ថុ​សំខាន់​របស់​លោក​ប្រមុខ​ការពារជាតិ​អាមេរិក គឺ​ពង្រឹងបន្ថែម​នូវ​កិច្ចសហប្រតិបត្តិ​ជាមួយ​ប្រទេស​សមាជិក​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រពែរ្ស​នៅ​ក្នុង​ផ្នែក​ប្រព័ន្ធ​ការពារ​ផ្លូវអាកាស ប្រព័ន្ធ​មីស៊ីល​ប្រឆំាង​មីស៊ីល សន្តិសុខ​ផ្លូវសមុទ្រ និង​សន្តិសុខ​អ៊ីនធឺណែត។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ អាមេរិក​បាន​លក់​ទៅ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រពែរ្ស​ទំាង​នោះ​នូវ​គ្រឿង​បរិក្ខារយោធា និង​ប្រព័ន្ធមីស៊ីល​ប្រឆំាង​មីស៊ីល​ជា​ច្រើន​ទុក​សម្រាប់​ប្រឈម​ទប់​នឹង​ការ​បាញ់​ផ្លោង​គ្រាប់មីស៊ីល​ជា​យថាហេតុ​ណា​មួយ​ពី​ប្រទេស​អ៊ីរ៉ង់។ តែ​អ្វី​ដែល​លោក​ឆាក់ ហាហ្គែល​ចង់​បាន​នោះ គឺ​ការ​កម្ម៉ង់​ទិញ​បញ្ចូល​គ្នា​របស់​ប្រទេស​ទំាង​នោះ​តាម​រយៈ​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​នៅ​ឈូងសមុទ្រ​ពែរ្ស។

ក៏​ប៉ុន្តែ ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ឆាក់ ហាហ្គែល​អាច​នឹង​ពើប​ប្រទះ​នឹង​ការ​បែកបាក់​ផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​នៅ​ឈូងសមុទ្រពែរ្ស។ ការ​ប្រេះឆា​ផ្ទៃក្នុង​ដែល​បាន​បង្ក​ឡើង​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត អេមីរ៉ាអារ៉ាប់រួម និង​ប្រទេស​បារ៉ែន​ប្រឆំាង​នឹង​ប្រទេស​កាតា។ ប្រទេស​ទំាង ៣ បាន​ចោទ​ប្រទេស​កាតា​ពី​បទ​បាន​គំាទ្រ​ពួក​អ៊ីស្លាមនិយមជ្រុល​ដែល​ស្និត​នឹង​ពួក​ភាតរអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ឈូងសមុទ្រពែរ្ស ដោយ​រាប់​បញ្ចូល​ទំាង​ពួក​ភាតរអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ផង​ដែរ។ ទង្វើ​របស់​ប្រទេស​កាតា​របៀប​នេះ គឺ​ផ្ទុយ​ទំាង​ស្រុង​នឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត អេមីរ៉ាអារ៉ាប់រួម និង​ប្រទេស​បារ៉ែន​ដែល​គំាទ្រ​កងទ័ព​អេហ្ស៊ីប។

បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ហ៊្សកដានី​ដើម្បី​ជជែក​ពី​ស្ថានការណ៍​សង្រ្គាមស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី។ បន្ទាប់​មក លោក​ឆាក់ ហាហ្គែល​ក៏​លើកឡើង​អំពី​កិច្ចសន្យា​របស់​អាមេរិក​ក្នុង​ការ​ជួយ​ការពារ​ប្រទេស​ហ៊្សកដានី​ដែល​កំពុង​មាន​វត្តមាន​ទាហាន​អាមេរិកំាង​ជាង ១ ០០០នាក់​នៅ​ទីនោះ។ ប្រទេស​ទស្សនកិច្ច​ចុង​ក្រោយ គឺ​អ៊ីស្រាអែល។ អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិន​លេច​របស់​អាមេរិក និង​ដែល​លោក​ប្រមុខ​ការពារជាតិ​អាមេរិក​ត្រូវ​ឆ្លើយ​ពន្យល់​បំភ្លឺ​អ៊ីស្រាអែល​ចំពោះ​ក្តី​បារម្ភ​របស់​ទីក្រុង​ហ៊្សេរុយសាឡិម​ទាក់ទង​នឹង​ជំហរ​អាមេរិក​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ទំាង​នេះ​មិន​ភ្លេច​និយាយ​ពី​សន្តិសុខ​ក្នុង​តំបន់ និង​កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និង​អ៊ីស្រាអែល​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ