កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក បានត្រូវចុះហត្ថលេខាដោយប្រទេសចំនួន១១ តែគ្មានអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៩
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា TPP បានត្រូវប្រទេសចំនួន១១សម្រេចចុះហត្ថលេខា ក្នុងប្រទេសឈីលី នៅថ្ងៃទី៨មីនា។ កិច្ចព្រមព្រៀង TPP គឺផ្តួចផ្តើមគំនិតចរចាដោយអាមេរិក ក្នុងរដ្ឋបាលលោកអូប៉ាមា តែពេលនេះគឺត្រូវចុះហត្ថលេខាដោយគ្មានអាមេរិក ដ្បិតថាលោកប្រធានាធិបតី ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ តាំងពីពេលលោកចូលកាន់តំណែងបាន៣ថ្ងៃ។ អស់ពីអាមេរិកទៅ កិច្ចព្រមព្រៀងនេះ ស្ទើរតែស្លាប់បាត់ទៅហើយ តែអាចបន្តមានជីវិតរស់រានច្បាស់លាស់នៅថ្ងៃនេះ គឺដោយសារការខំខ្នះខ្នែងរបស់ប្រទេសចំនួន១១ ពិសេសគឺជប៉ុន ដែលគេមើលឃើញថា បានប្រឹងប្រែងសម្បើមណាស់ ខុសពីសព្វដង។
តើជប៉ុនបានប្រយោជន៍អ្វីខ្លះ បានជាជប៉ុនខំប្រឹងសម្បើមម្ល៉េះ?
ការសម្រេចចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិកនេះ ពុំមែនជាគុណសម្បត្តិរបស់ជប៉ុនតែម្នាក់ឯងនោះទេ។ វាគឺជាខំប្រឹងរបស់ប្រទេសទាំង១១ ដើម្បីសម្រេចបានផលប្រយោជន៍រួមរបស់ប្រទេស។ កាដាណា ដែលជាប្រទេសមានផលិតផលក្នុងស្រុកសរុបច្រើន ក្នុងចំណោមប្រទេសទាំង១១នេះ ក៏ខំប្រឹងមិនតិចដែរ។
ប៉ុន្តែ ទោះបីយ៉ាងណាក្តី អ្នកជំនាញ គេសង្កេតឃើញថា តួនាទីរបស់ជប៉ុន សម្រាប់កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ជប៉ុនបានខំដើរតួនាទីច្រើន បានខំខ្នះខ្នែងទៅជជែកចរចាជាមួយប្រទេសនីមួយៗ កុំឲ្យអស់សង្ឃឹម ត្រូវបន្តដំណើរទៅមុខទៀត បើទោះបីជាគ្មានអាមេរិកដោយ។ អាមេរិកដកខ្លួនចេញ ព្រោះលោក ដូណាល់ ត្រាំ យល់ថា កិច្ចព្រមព្រៀងនេះគឺឲ្យខូចប្រយោជន៍អាមេរិក និងធ្វើឲ្យបាត់បង់ការងារធ្វើសម្រាប់ពលរដ្ឋអាមេរិក។
ជាការពិតក្រោយការដកខ្លួនរបស់អាមេរិក គឺធ្វើឲ្យប្រទេសផ្សេងៗក្នុងចំណោមរដ្ឋទាំង១១នោះ អស់សង្ឃឹម និងស្រងាកចិត្តជាខ្លាំង។ សូម្បីតែជប៉ុនខ្លួនឯង តាមរយៈលោកនាយករដ្ឋមន្ត្រី Shinzo Abe ក៏ធ្លាប់ព្រលយពាក្យកាលពីឆ្នាំមុនថា កិច្ចព្រមព្រៀងTPP នេះ បើអត់ពីអាមេរិកទៅ គឺហាក់ដូចជាគ្មានន័យ។ ទោះយ៉ាងនេះ ក្រុមការងារចរចារបស់ជប៉ុន គឺមិនទម្លាក់សេចក្តីសង្ឃឹមចោលនោះឡើយ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានជប៉ុនសម្រាប់សិក្សាកិច្ចការអន្តរជាតិ បានលើកឡើងថា ជាការពិត អត់ពីអាមេរិទៅ គឺកិច្ចព្រមព្រៀងនេះ អាចថមថយសក្តានុពលច្រើន ក៏ប៉ុន្តែ ប្រទេសទាំង១១ដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះ គឺនៅតែទទួលបានផលចំណេញជាដដែលទេ។
បានជាគេអះអាងថា អត់ពីអាមេរិក កិច្ចព្រមព្រៀងថយសក្តានុពល គឺដោយសារអាមេរិកមានប្រភពចំណូលសេដ្ឋកិច្ចច្រើនខ្លាំង។ កិច្ចព្រមព្រៀងTPP បើប្រៀបធៀបពីផលិតផលក្នុងស្រុកសរុប ទាំង១២ប្រទេស គឺស្មើនឹង៤០ភាគរយនៃចំណូលពិភពលោកសរុប។ ប៉ុន្តែ ពេលអាមេរិកដកខ្លួនចេញទៅ គឺនៅតែប្រមាណជា១៥ ទៅ១៨ភាគរយតែប៉ុណ្ណោះ។ ដូច្នេះហើយ បានជាជប៉ុននិងកាដាណា ដែលមានផលិតផលចំណូលក្នុងស្រុកសរុប បូកបញ្ចូលគ្នា គឺ១៣ភាគ បានខំប្រឹងជំរុញឲ្យកិច្ចព្រមព្រៀងនេះ តទៅ។
ចំពោះជប៉ុន កិច្ចព្រមនេះ មានភាពសំខាន់ជាយុទ្ធសាស្ត្រ ក្នុងបំផ្លាស់ប្តូរពាណិជ្ចកម្ម សម្រាប់ផលចំណេញទាំងអស់គ្នាផង ហើយក៏ដើម្បីទប់ទល់នឹងគូសត្រូវយុទ្ធសាស្ត្រនៅអាស៊ី គឺមហាយក្សចិន។ ជប៉ុន ដែលគូសត្រូវប្រវត្តិសាស្ត្រជាមួយចិន គឺពិតជាមិនចង់ឃើញចិន វាតទីអាងយ៉ាងតែម្នាក់ឯងនៅអាស៊ីនោះទេ។ ហេតុដូច្នេះហើយ ទើបជប៉ុនខំដើរខ្នះខ្នែងបញ្ចុះបញ្ចូលគេឯងទាំង១០ប្រទេសផ្សេងឲ្យចូលតុចរចា។
ផលប្រយោជន៍ ធំមួយទៀត របស់ជប៉ុន ដែលជាប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់លេខ៣នេះ គឺឲ្យជប៉ុនអាចនាំទំនិញទៅលក់នៅបណ្តាប្រទេសទាំង១០ ដោយគ្មានការបង់ពន្ធគយឡើយ។
អត់ពីអាមេរិកទៅ តើមានការផ្លាស់ប្តូរខ្លឹមសារនៃកិច្ចព្រមព្រៀងដែរឬទេ?
កិច្ចព្រមព្រៀង TPP ដែលចុះហត្ថលេខានៅទីក្រុង សាំងទីយេហ្គូ (Santiago) ប្រទេសឈីលី គឺខ្លឹមសារបានឯកភាពគ្នា ដោយយោងទៅតាមការព្រមព្រៀងចាស់ពីមុន ស្ទើរតែទាំងស្រុង។ គេក៏បានដកសំណើរបស់អាមេរិកចេញដែរ។ នោះគឺជាលក្ខខណ្ឌ ដែលអាមេរិកបានស្នើឲ្យបញ្ជូល ការគោរពកម្មសិទ្ធិបញ្ញា។
តែយ៉ាងណាក៏ដោយ ខ្លឹមសារនៃកិច្ចព្រមព្រៀងថ្មីនេះ គឺមានបង្កើតជាបទដ្ឋានពាណិជ្ជកម្មសេរីរួមគ្នា តាមរយៈការធ្វើឲ្យមានស្តង់ដារទំនិញរួមគ្នា លប់ចោលនូវឧបសគ្គនានា មិនថាឧបសគ្គផ្នែកពន្ធអាករ ឬឧបសគ្គក្រឹតក្រមច្បាប់ផ្សេងទៀត ក្នុងវិស័យចរាចរណ៍ទំនិញនោះទេ។ កិច្ចព្រមព្រៀងTPP នេះ ក៏មានកំណត់ពីកម្រិតស្តង់ដារបរិស្ថាន និងការគោរពច្បាប់ការងារផងដែរ។ ទោះបីជាអ៊ីចឹងមែនក្តី ក៏ពុំមែនមានន័យថា កិច្ចព្រមព្រៀងTPP នេះ ល្អឥតខ្ចោះនោះទេ។ វាមានចំណុចខ្វះខាតខ្លះ ដែលមានគេរិះគន់ឡើយ។
អាមេរិកលែងមានសិទ្ធិចូលកិច្ចព្រមព្រៀងTPP ឬយ៉ាងណា?
ចំពោះរឿងដកខ្លួនរបស់អាមេរិក ប្រទេសជាសមាជិក មិនមែនបិទទ្វារឈប់ឲ្យអាមេរិកចូលខ្លួនទៅក្នុងកិច្ចព្រមព្រៀងវិញនោះទេ ក៏ប៉ុន្តែ ប្រសិនបើថ្ងៃណាមួយ អាមេរិករបស់លោកត្រា ប្តូរចិត្ត ឬក៏រដ្ឋាភិបាលអាមេរិកអាណត្តិក្រោយ ចង់ភ្ជាប់ខ្លួនជាមួយកិច្ចព្រមព្រៀង ក៏ប្រទេសហត្ថលេខី នៅតែស្វាគមន៍ដដែល។ ប៉ុន្តែ នៅពេលនោះ អាមេរិក ប្រហែលមិនអាចចង់ផ្លាស់ប្តូរឬទាមទារលក្ខខណ្ឌ អ្វីច្រើនទៀតហើយ គឺត្រូវចូលទៅអនុវត្តដូចគេដូចឯងដែរ។
កិច្ចព្រមព្រៀងនេះ សម្រេចចុះហត្ថលេខាមែន តែក៏មិនទាន់អនុវត្តភ្លាមដែរ
កិច្ចព្រមព្រៀង TPP នេះ បានចែងថា ក្រោយពីចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ ទី៨មីនានេះហើយ គឺត្រូវបន្តនីតិវិធីផ្តល់សច្ចាប័នពីប្រទេសសមាជិក ឲ្យបានយ៉ាងហោចណាស់៦ប្រទេស នៅក្នុងចំណោមរដ្ឋសមាជិកទាំង១១នោះ។
សូមរម្លឹកជាថ្មីថា កិច្ចព្រមព្រៀង តំបន់អាស៊ី - ប៉ាស៊ីហ្វិក ដែលប្រទេសទាំង១១ នោះ គឺមាន ជប៉ុន កាណាដា អូស្ត្រាលី ញូហ្សឺលែន ប៊្រុយណេ ឈីលី ម៉ាឡេស៊ី ម៉ិចស៊ិក ប៉េរូ សិង្ហបុរី និងវៀតណាម។ ប្រសិនបើ ប្រទេសចំនួន៦ក្នុងចំណោមប្រទេស ដែលបានរៀបរាប់នេះ សម្រេចផ្តល់សច្ចាប័នរួច នោះកិច្ចព្រមព្រៀង TPP នឹងត្រូវអនុវត្តភ្លាមៗ នារយៈពេល៦០ថ្ងៃបន្ទាប់មក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ