អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក បានត្រូវចុះហត្ថលេខាដោយប្រទេសចំនួន១១ តែគ្មានអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក ហៅ​កាត់​ថា​ TPP បានត្រូវ​ប្រទេស​ចំនួន​១១សម្រេច​​ចុះ​ហត្ថលេខា​ ​ក្នុង​ប្រទេសឈីលី​ នៅថ្ងៃទី​៨មីនា។ កិច្ច​ព្រម​ព្រៀង​ TPP គឺផ្តួច​ផ្តើមគំនិត​ចរចា​​ដោយ​អាមេរិក ក្នុង​រដ្ឋបាល​លោកអូប៉ាមា តែពេល​នេះគឺត្រូវ​​ចុះ​ហត្ថលេខា​ដោយ​គ្មាន​អាមេរិក ដ្បិតថា​​លោកប្រធានាធិបតី​​ ត្រាំ​ បាន​ដកអាមេរិក​ចេញពី​កិច្ច​ព្រម​ព្រៀងនេះ តាំងពី​ពេល​លោក​ចូល​កាន់​តំណែង​បាន​៣ថ្ងៃ។​ អស់​ពី​អាមេរិកទៅ​ កិច្ច​ព្រម​ព្រៀង​នេះ​ ស្ទើរតែ​ស្លាប់​បាត់ទៅហើយ​ តែអាច​បន្ត​មាន​​​ជីវិតរស់រានច្បាស់​លាស់នៅថ្ងៃនេះ​ គឺ​ដោយសារ​ការ​ខំ​ខ្នះខ្នែង​របស់ប្រទេស​ចំនួន​១១ ពិសេស​គឺ​​​ជប៉ុន ដែល​គេ​មើល​ឃើញថា​ បាន​ប្រឹង​ប្រែង​សម្បើម​ណាស់ ខុស​ពី​សព្វ​ដង​។

លោក Umemoto ប្រធានក្រុម​ចរចារបស់​ជប៉ុន សម្រាប់កិច្ច​ព្រម​ព្រៀង​ TPP
លោក Umemoto ប្រធានក្រុម​ចរចារបស់​ជប៉ុន សម្រាប់កិច្ច​ព្រម​ព្រៀង​ TPP REUTERS
ផ្សាយពាណិជ្ជកម្ម

តើ​​ជប៉ុន​បាន​ប្រយោជន៍​អ្វីខ្លះ បាន​ជា​ជប៉ុនខំប្រឹង​សម្បើមម្ល៉េះ?

ការ​សម្រេច​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិកនេះ ពុំ​មែ​នជា​គុណ​សម្បត្តិ​របស់​ជប៉ុន​តែម្នាក់​ឯង​នោះទេ។ វា​គឺជា​ខំ​ប្រឹង​របស់​ប្រទេស​ទាំង​១១ ដើម្បី​សម្រេច​បា​នផល​ប្រយោជន៍​រួម​របស់​ប្រទេស​។ កាដាណា ដែល​ជា​ប្រទេស​មានផលិត​ផល​​ក្នុង​ស្រុក​សរុប​ច្រើន ក្នុង​ចំណោម​ប្រទេស​ទាំង​១១នេះ ក៏​ខំប្រឹង​មិន​តិច​ដែរ​។

ប៉ុន្តែ ទោះបី​យ៉ាងណាក្តី អ្នក​ជំនាញ គេ​សង្កេត​ឃើញថា តួនាទី​របស់​ជប៉ុន សម្រាប់​កិច្ច​ព្រម​ព្រៀង​ដ៏​មាន​សារៈ​សំខាន់​នេះ ​ជប៉ុន​បាន​ខំ​ដើរ​តួនាទីច្រើន​ ​បាន​ខំ​ខ្នះខ្នែង​ទៅ​ជជែក​ចរចាជាមួយ​ប្រទេស​នីមួយៗ កុំឲ្យ​អស់​សង្ឃឹម ត្រូវ​បន្ត​ដំណើរ​ទៅមុខ​ទៀត បើ​ទោះបី​ជា​គ្មាន​អាមេរិក​ដោយ។ អាមេរិក​ដកខ្លួនចេញ​ ព្រោះ​លោក ដូណាល់ ត្រាំ យល់ថា កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ឲ្យ​ខូច​ប្រយោជន៍​អាមេរិក និងធ្វើ​ឲ្យ​​បាត់​បង់​ការងារ​ធ្វើ​សម្រាប់​ពលរដ្ឋ​អាមេរិក។

ជា​ការ​ពិតក្រោយ​ការ​ដកខ្លួន​របស់​អាមេរិក គឺធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ​ក្នុង​ចំណោម​រដ្ឋ​ទាំង​១១នោះ ​អស់​សង្ឃឹម និងស្រងាក​ចិត្តជា​​ខ្លាំង។ សូម្បី​តែ​ជប៉ុនខ្លួន​ឯង តាម​រយៈលោក​នាយករដ្ឋមន្ត្រី Shinzo Abe ក៏​ធ្លាប់​ព្រលយពាក្យ​​​កាល​ពី​ឆ្នាំ​មុន​ថា កិច្ចព្រមព្រៀងTPP នេះ បើ​អត់​ពី​អាមេរិកទៅ គឺ​ហាក់​ដូច​ជា​គ្មា​ន​ន័យ​។ ទោះយ៉ាងនេះ ក្រុម​ការងារ​ចរចារបស់​ជប៉ុន​ គឺ​មិន​ទម្លាក់​សេចក្តី​សង្ឃឹម​ចោល​នោះឡើយ។ អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថានជប៉ុន​សម្រាប់​​សិក្សា​កិច្ច​ការ​អន្តរជាតិ បាន​លើកឡើងថា ជាការពិត អត់​ពី​អាមេរិទៅ គឺ​កិច្ចព្រម​ព្រៀង​នេះ អាច​ថម​ថយ​សក្តានុពល​ច្រើន ក៏ប៉ុន្តែ ប្រទេស​ទាំង​១១ដែល​ចូល​រួម​ក្នុង​កិច្ច​ព្រ​មព្រៀង​នេះ គឺនៅតែ​ទទួល​បាន​ផលចំណេញ​ជា​ដ​ដែល​ទេ។

បា​នជា​គេ​អះអាង​ថា អត់​ពី​អាមេរិក កិច្ច​ព្រមព្រៀងថយ​សក្តានុពល គឺ​ដោយសារ​អាមេរិក​មាន​ប្រភព​ចំណូល​សេដ្ឋកិច្ច​ច្រើន​ខ្លាំង។  កិច្ចព្រមព្រៀងTPP បើ​ប្រៀបធៀប​ពីផលិត​ផល​ក្នុង​ស្រុកសរុប​ ទាំង​១២ប្រទេស គឺ​ស្មើនឹង​​​៤០ភាគរយ​នៃ​ចំណូល​ពិភព​លោក​សរុប។ ប៉ុន្តែ ពេល​អាមេរិក​ដកខ្លួនចេញទៅ គឺនៅ​តែ​ប្រមាណ​ជា​១៥ ទៅ​១៨ភាគ​រយតែ​​ប៉ុណ្ណោះ។ ដូច្នេះហើយ បាន​ជា​ជប៉ុន​និង​កាដាណា ដែល​មាន​ផលិតផល​ចំណូល​ក្នុង​ស្រុក​សរុប បូក​បញ្ចូល​គ្នា គឺ​១៣ភាគ បាន​ខំប្រឹង​ជំរុញ​ឲ្យ​កិច្ច​ព្រម​ព្រៀង​នេះ តទៅ។

ចំពោះ​ជប៉ុន កិច្ចព្រម​នេះ មាន​ភាព​សំខាន់​ជា​យុទ្ធសាស្ត្រ​ ក្នុង​បំផ្លាស់ប្តូរ​ពាណិជ្ច​កម្ម​ សម្រាប់​ផល​ចំណេញ​ទាំងអស់​គ្នា​ផង ហើយ​ក៏​​ដើម្បី​ទប់​ទល់​នឹង​គូស​ត្រូវ​យុទ្ធសាស្ត្រ​នៅ​អាស៊ី គឺ​មហាយក្ស​ចិន​​។ ជប៉ុន ដែលគូសត្រូវ​ប្រវត្តិសាស្ត្រជាមួយ​ចិន​ គឺ​ពិត​ជា​មិន​​ចង់​ឃើញ​ចិន​ វាតទី​អាង​យ៉ាងតែម្នាក់​ឯងនៅ​អាស៊ី​​នោះទេ។ ហេតុ​ដូច្នេះហើយ ទើប​ជប៉ុន​ខំ​ដើរ​ខ្នះខ្នែង​បញ្ចុះ​បញ្ចូល​គេ​ឯង​ទាំង​១០ប្រទេស​ផ្សេងឲ្យ​ចូល​តុចរចា។

ផលប្រយោជន៍​ ធំ​មួយទៀត របស់​ជប៉ុន ដែលជា​​ប្រទេស​កំពូល​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​លេខ​៣នេះ​ គឺ​ឲ្យ​ជប៉ុន​អាច​នាំទំនិញ​ទៅលក់​នៅ​បណ្តាប្រទេស​ទាំង​១០​ ដោយ​គ្មាន​ការ​បង់​ពន្ធ​គយ​ឡើយ។​

អត់ពីអាមេរិកទៅ តើ​មាន​ការ​ផ្លាស់ប្តូរ​ខ្លឹមសារនៃ​កិច្ច​ព្រម​ព្រៀង​​ដែរឬ​ទេ​?

កិច្ច​ព្រម​ព្រៀង​ TPP ដែល​ចុះ​ហត្ថលេខា​នៅ​ទីក្រុង សាំងទីយេហ្គូ​ (Santiago) ប្រទេស​ឈីលី គឺ​ខ្លឹមសារ​បាន​ឯកភាពគ្នា ដោយ​យោង​ទៅតាម​ការ​ព្រម​ព្រៀងចាស់ពីមុន​ ស្ទើរតែ​ទាំងស្រុង​។ គេក៏បាន​ដក​សំណើ​របស់​អាមេរិក​ចេញដែរ​។ នោះគឺ​ជា​លក្ខខណ្ឌ​ ដែល​អាមេរិកបាន​ស្នើ​ឲ្យ​បញ្ជូល ការ​​គោរព​កម្មសិទ្ធិបញ្ញា។​

តែយ៉ាងណា​ក៏ដោយ   ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ថ្មី​នេះ គឺមាន​បង្កើត​ជា​បទដ្ឋាន​ពាណិជ្ជកម្មសេរី​រួមគ្នា​ ​ តាម​រយៈ​​ការ​ធ្វើ​ឲ្យ​មាន​ស្តង់ដារ​ទំនិញ​រួមគ្នា​ លប់​ចោល​នូវ​ឧបសគ្គ​នានា ​មិនថា​ឧបសគ្គ​ផ្នែក​ពន្ធអាករ​ ​ឬ​ឧ​បសគ្គ​ក្រឹត​ក្រមច្បាប់​ផ្សេងទៀត ​ក្នុង​វិស័យ​​ចរាចរណ៍​ទំនិញនោះទេ​។​  ​កិច្ច​ព្រមព្រៀង​TPP​ នេះ ​ក៏​មាន​កំណត់​ពី​កម្រិត​ស្តង់ដារ​បរិស្ថាន ​និង​ការ​គោរព​ច្បាប់​ការងារ​ផងដែរ។ ទោះ​បី​ជា​អ៊ីចឹង​មែន​​ក្តី ក៏​ពុំ​មែន​មាន​ន័យ​ថា ​កិច្ច​ព្រមព្រៀង​TPP​ នេះ ​ល្អ​ឥតខ្ចោះ​នោះ​ទេ។ វា​មាន​ចំណុច​ខ្វះខាត​ខ្លះ ​ដែល​មាន​គេ​រិះគន់ឡើយ​។

អាមេរិកលែង​មាន​សិទ្ធិ​ចូល​កិច្ច​ព្រមព្រៀងTPP ឬយ៉ាងណា?

ចំពោះ​រឿង​ដក​ខ្លួន​របស់​អាមេរិក​ ប្រទេស​ជា​សមាជិក មិន​មែន​បិទទ្វារ​ឈប់​ឲ្យ​អាមេរិក​ចូល​ខ្លួន​ទៅក្នុង​កិច្ចព្រម​ព្រៀង​វិញនោះទេ ក៏ប៉ុន្តែ ប្រសិន​បើ​ថ្ងៃណាមួយ អាមេរិករបស់​លោកត្រា ​ប្តូរចិត្ត​ ឬក៏​រដ្ឋាភិបាល​អាមេរិក​អាណត្តិក្រោយ ចង់​ភ្ជាប់​ខ្លួន​ជាមួយ​កិច្ច​ព្រម​ព្រៀង​ ក៏​ប្រទេស​ហត្ថលេខី នៅតែ​ស្វាគមន៍​ដដែល។​ ប៉ុន្តែ នៅពេល​នោះ អាមេរិក ប្រហែល​មិន​អាច​ចង់​ផ្លាស់ប្តូរ​ឬ​ទាមទារ​លក្ខខណ្ឌ អ្វី​ច្រើន​ទៀត​ហើយ គឺ​ត្រូវ​ចូលទៅ​អនុវត្ត​ដូច​គេ​ដូច​ឯង​ដែរ។​

កិច្ច​ព្រមព្រៀង​នេះ សម្រេច​ចុះ​ហត្ថលេខាមែន​ តែក៏​មិន​ទាន់​​អនុវត្តភ្លាមដែរ  

កិច្ច​ព្រម​ព្រៀង​ TPP នេះ​ បាន​ចែងថា ក្រោយ​ពីចុះ​ហត្ថលេខា​នៅ​ថ្ងៃព្រហស្ប​តិ៍ ទី​៨មីនា​​នេះហើយ គឺ​ត្រូវ​បន្ត​នីតិវិធី​ផ្តល់​សច្ចាប័នពីប្រទេស​សមាជិក​  ឲ្យ​បានយ៉ាង​ហោច​ណាស់៦ប្រទេស នៅក្នុង​ចំណោម​រដ្ឋ​សមាជិក​ទាំង​១១នោះ។

សូម​រម្លឹក​ជាថ្មីថា កិច្ច​ព្រម​ព្រៀង តំបន់អាស៊ី - ប៉ាស៊ីហ្វិក ដែល​ប្រទេសទាំង១១ នោះ គឺ​មាន ជប៉ុន កាណាដា អូស្ត្រាលី  ញូហ្សឺលែន ប៊្រុយណេ ឈីលី ម៉ាឡេស៊ី ម៉ិចស៊ិក ប៉េរូ សិ​ង្ហបុរី និងវៀតណាម​។ ប្រសិន​បើ​ ប្រទេស​ចំនួន​៦ក្នុង​ចំណោមប្រទេស​​ ដែល​បាន​រៀប​រាប់​នេះ សម្រេច​ផ្តល់​សច្ចាប័នរួច នោះកិច្ច​ព្រម​ព្រៀង​ TPP នឹង​ត្រូវ​អនុវត្ត​ភ្លាមៗ នារយៈ​ពេល​៦០ថ្ងៃ​បន្ទាប់​មក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ