អានតួអត្ថបទ
ចិន

ប៉េកាំង​ប្រកាស​បើក​យុទ្ធនាការ​បង្រ្កាប​ភេរវកម្ម​មួយ​ឆ្នាំ​នៅ​ស៊ីនជាំង

នៅប្រទេស​ចិន នៅ​ពីរថ្ងៃ​ក្រោយ​ភេរវកម្ម នៅទីក្រុង​អ៊ូរ៉ុមឈី ខេត្ត​ស៊ីនជាំង អាជ្ញាធរ​ចិន​បាន​បញ្ចេញ​អត្តសញ្ញាណ​របស់​ក្រុម​អត្តឃាតជន ទាំង​៥​នាក់ ដែល​បាន​បំផ្ទុះ​គ្រាប់ សម្លាប់​មនុស្ស ៣៩​នាក់ និង​ធ្វើ​ឲ្យ​របួស ជិត​១០០​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។ នៅក្រោយ​ព្រឹត្តិការណ៍​​ភេរវកម្ម​សម្លាប់​មនុស្ស​ដ៏​ច្រើន មិន​ធ្លាប់មាន អាជ្ញាធរ​ចិន បាន​ពង្រាយ​កងទ័ព​នៅក្នុង​ទីក្រុង និង​ពង្រឹង​ត្រួតពិនិត្យ នៅរាល់​ច្រក​ចេញចូល​ខេត្ត​ស៊ីនជាំង។  

ក្បួន​រថយន្ត​ដឹក​ទាហាន​ចិន​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​អ៊ូរុមជី
ក្បួន​រថយន្ត​ដឹក​ទាហាន​ចិន​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​អ៊ូរុមជី ©REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ពីរថ្ងៃ​ក្រោយ​ភេរវកម្ម​សម្លាប់​មនុស្ស​នៅ​ផ្សារ​បន្លែ បរិយាកាស​នៅ​តែ​តានតឹង ក្នុង​ក្រុង​អ៊ូរ៉ុមឈី។ រថក្រោះ ត្រូវ​បញ្ឈរ​ជើង នៅ​កន្លែង​ប្រជុំជន នៅពេល​ទាហាន​ចិន​ជាង​មួយពាន់​នាក់​ដើរ​ល្បាត​គ្រប់​ផ្លូវ។ កាលពី​ថ្ងៃ​សុក្រ គឺ​នៅ​មួយ​ថ្ងៃ​ក្រោយ​ភេរវកម្ម ទីក្រុង​ប៉េកាំង​បាន​ប្រកាស​បើក​យុទ្ធនាការ​កណ្តាប់​ដៃដែក រយៈពេល​មួយឆ្នាំ ដើម្បី​បង្រ្កាប​ក្រុមភេរវជន និង​ក្រុម​ជ្រុលនិយម​សាសនា នៅ​ស៊ីនជាំង។ អាជ្ញាធរ​ចិន​នឹង​ផ្តោត​ជាពិសេស ទៅលើ​ចរាចរណ៍​លួចលាក់​អាវុធ កន្លែង​ផលិត​គ្រឿងផ្ទុះ និង​បន្ទាយ​ដែល​លួច​បណ្តុះបណ្តាល​ក្រុមភេរវករ។

 
បើទោះបី​ជា​រហូត​មក​ដល់​ពេលនេះ មិនទាន់​មាន​ក្រុម​ណា​មួយ​ប្រកាស​ចេញមុខ​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ កាលពី​ព្រលប់​សុក្រ អាជ្ញាធរ​ចិន​បាន​បញ្ចេញ​ឈ្មោះ​ជន​សង្ស័យ​ទាំង​ប្រាំនាក់ ដែល​ជាក្រុម​បំផ្ទុះគ្រាប់ នៅ​ផ្សារលក់​បន្លែ។ ជនសង្ស័យ បួន​នាក់​ជា​ក្រុមអត្តឃាត​ជន និង​បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​បំផ្ទុះគ្រាប់ ចំណែក​ជន​សង្ស័យ​ម្នាក់ទៀត​ត្រូវ​បាន​ប៉ូលិស​ចិន ចាប់​បាន នៅ​ភាគ​ខាងត្បូង​ទីក្រុង​អ៊ូរ៉ុមឈី។ ឈ្មោះ​របស់​ជន​សង្ស័យ​បង្ហាញ​ថា ពួកគេ​មក​ពី​ក្រុម​ជនភាគតិច​អ៊ុយហ្គួរ ដែល​កាន់​សាសនា​អ៊ីស្លាម នៅ​តំបន់​ស៊ីនជាំង។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី ដែល​ដកស្រង់​សំដី​របស់​ប៉ូលិស​ក្នុង​ស្រុក ជនសង្ស័យ​ទាំង​ប្រាំនាក់​រង​ឥទ្ធិពល​ឃោសនា​របស់​ក្រុម​អ្នកកាន់​សាសនា​ជ្រុលនិយម។ ពួកគេ​បាន​ចូលរួម​យ៉ាង​​លួចលាក់ នៅក្នុង​សកម្មភាព​សាសនា និង​បាន​ស្តាប់ មើល​រូបភាព​ដែល​ញុះញង់​ឲ្យ​ធ្វើ​ភេរវកម្ម។

ក្រៅតែ​ពី​ខេត្ត​ស៊ីនជាំង អាជ្ញាធរ​ចិន​បាន​ពង្រឹង​ផងដែរ​សន្តិសុខ នៅទីក្រុង​ប៉េកាំង។ នៅថ្ងៃ​នេះ អាជ្ញាធរ​បាន​ប្រកាស​ត្រួតពិនិត្យ​តឹងរ៉ឹង​នៅ​តាម​បណ្តាញ​ផ្លូវ​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង​ប៉េកាំង។ អំណើះតទៅ​នៅក្នុង​ផ្លូវ​រទេះភ្លើង​ក្រោមដី អ្នកដំណើរ​ត្រូវ​គេ​ឆែកឆេរ​នៅក្នុង​កាបូប និង​វ៉ាលីស​ធ្វើ​ដំណើរ។

តាំងពី​ខែ​មករា អាជ្ញាធរ​ប៉េកាំង​​បាន​ពង្រឹង​ការឆែក​ត្រួតពិនិត្យ​ខ្លួន ទៅលើ​រាល់​អ្នកដំណើរ​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​ទីលាន​ធានអានមេន បន្ទាប់​ពី​ភេរវកម្ម នៅ​ទីលាន​ធានអានមេន កាលពី​ខែ​តុលា​ឆ្នាំ ២០១៣ បាន​សម្លាប់​មនុស្ស​បីនាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ