អានតួអត្ថបទ
ចិន

ចិន​អាច​ធ្វើ​ច្បាប់​បិទ​ជំរំ​អប់រំ ​បង្ខំឲ្យ​ធ្វើការ

នៅក្នុង​សប្តាហ៍​នេះ រដ្ឋសភា​ចិន​អាច​បោះឆ្នោត​ច្បាប់​មួយ ដែល​សំដៅ​ធ្វើ​កំណែទម្រង់​លើ​ប្រព័ន្ធ​សង្គម​នៅ​ប្រទេស​ចិន។ ចាប់តាំង​ពី​ថ្ងៃ​ចន្ទ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សភា​ប្រជាជន​ចិន​បាន​បើក​ការពិភាក្សា លើ​ច្បាប់​ដែល​ទាមទារ​ឲ្យ​លុបចោល​ជំរំ​អប់រំ​កែប្រែខ្លួន ដែល​មាន​អាយុ​ជាង​៥ទសវត្សរ៍​មកហើយ។

ជំរំ​អប់រំ​ ឲ្យ​ធ្វើការ​ដោយ​បង្ខំ​ដែល​ស្ថិតនៅជាយក្រុង​គុនមីង ក្នុង​ខេត្ត​យូណាន
ជំរំ​អប់រំ​ ឲ្យ​ធ្វើការ​ដោយ​បង្ខំ​ដែល​ស្ថិតនៅជាយក្រុង​គុនមីង ក្នុង​ខេត្ត​យូណាន © REUTERS/John Rudwich
ផ្សាយពាណិជ្ជកម្ម

ជំរំ​អប់រំ បង្ខំ​ឲ្យ​ធ្វើការ ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​បង្កើត​ឡើង នៅ​ឆ្នាំ ១៩៥៧។ អ្នកទោស​ភាគច្រើន​ត្រូវ​បាន​ចាប់ដាក់​ឃុំ ដោយ គ្រាន់តែ​មាន​ការសម្រេច​ចិត្ត​ពី​ប៉ូលិស និង​ដោយ​គ្មាន​ការសម្រេច​ពី​តុលាការ។ នៅជំរំ​លត់ដំ អ្នកទោស​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​រយៈពេល​បួនឆ្នាំ មុន​នឹង​អាច​ត្រូវ​ប៉ូលិស​ដោះលែង​មកវិញ។ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ប្រព័ន្ធ​ចាប់ដាក់​ឃុំ ដោយគ្រាន់តែ​មាន​ការសម្រេច​ពី​ប៉ូលិស​បាន​ធ្វើ​ឲ្យ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បរិហារ ថ្កោលទោស ព្រោះថា អាជ្ញាធរ​បាន​រំលោភ ឆ្លៀត​ប្រើ​សិទ្ធិ​អំណាច​របស់ខ្លួន ដើម្បី​ចាប់ដាក់ឃុំ អ្នកប្រឆាំង និង​អ្នក​ដែល​បញ្ចេញមតិ ទៅលើ​បញ្ហា​ពុករលួយ នៅក្នុង​ប្រទេស​ចិន។

 
កាសែត​ចិន​ថ្មី ដែល​ជា​ឧបករណ៍​នយោបាយ​របស់​រដ្ឋចិន បាន​សរសេរ ដោយ​ដកស្រង់​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ថា ជំរំ​អប់រំ ឲ្យ​ធ្វើការ​ដោយ​បង្ខំ មាន​តួនាទី​កាន់តែ​មិន​ច្បាស់លាស់ នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដែល​ចិន​កំពុង​អភិឌ្ឍ​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន។

កំណែទម្រង់​ដែល​ឈាន​ទៅ​បិទ​ជំរំ​អប់រំ​ត្រូវ​បាន​ប្រកាស​តាំងពី​ខែ​វិច្ឆិកា បន្ទាប់ពី​ការបើក​សម័យប្រជុំ​របស់​បក្ស​កុម្មុយនិស្ត​ចិន។ នៅសប្តាហ៍នេះ ពោល គឺ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ គណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់​សភា​ប្រជាជន​ចិន នឹង​បោះឆ្នោត​អនុម័ត​សេចក្តី​ស្នើ​ច្បាប់។ ការបោះឆ្នោត​គាំទ្រ​របស់​សភា​ចិន​នឹង​បិទបញ្ចប់​សករាជ​នៃ​អំណាច​អន្តោម័តិ​របស់​ប៉ូលិស អាជ្ញាធរ​មូលដ្ឋាន ដែល​ធ្លាប់​តែ​មាន​សិទ្ធិ​ចាប់​ដាក់ឃុំ មនុស្ស ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការសម្រេច​របស់​តុលាការ។

ក្រៅពីនេះ សភា​ប្រជាជន​ចិន​នឹងបោះឆ្នោត​ផងដែរ ទៅលើ​កំណែទម្រង់​ច្បាប់​ស្តីពីគ្រួសារ​មួយ ​កូន​មួយ។ ច្បាប់​ស្តីពីកូនមួយ​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​បង្កើតឡើង អស់​បីទសវត្សន៍​មកហើយ ដើម្បី​ទប់ស្កាត់​ការរីកធំធាត់​នៃ​ប្រជាសាស្រ្ត។ ប៉ុន្តែ កាលពី​ខែ​វិច្ឆិកា​មុននេះដែរ បក្ស​កុម្មុយនិស្ត​ចិន​បាន​ប្រកាស​អនុញ្ញាតិ​ឲ្យ​ប្តីប្រពន្ធ​ដែល​ជា​កូនទោល មាន​កូន​ពីរនាក់ មិនមែន​តែ​មួយ​ដូចពី​មុនទេ។ រដ្ឋាភិបាល​ចិន​ថ្មី​បន្ធូរបន្ថយ​គោល​នយោបាយ​កូនតែមួយ ​ដើម្បី​ឆ្លើយតប​នឹង​អត្រា​មនុស្ស​ចាស់ ដែល​មាន​កាន់តែច្រើន បើប្រៀបធៀប នឹង​មនុស្ស​ក្មេង នៅ​ប្រទេស​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ