អានតួអត្ថបទ
ចិន-វៀតណាម

ចិន​ទាមទារ​ឲ្យ​វៀតណាម​ស៊ើបអង្កេត​រឿង​សរសរ​ពាក្យ​ជេរ​លើ​លិខិតឆ្លងដែន​ចិន

អាជ្ញាធរ​ចិន​បាន​ធ្វើការ​ទាមទារ​ជាផ្លូវការ កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ ឲ្យ​វៀតណាម​បើក​ការស៊ើបអង្កេត​ទៅលើ​ករណី​មន្រ្តី​​វៀតណាម​សរសេរ​ពាក្យ​ជេរ នៅលើ​លិខិត​ឆ្លងដែន​ពលរដ្ឋ​ចិន ហើយ​ដែល​ទំនង​ជា​មាន​ជាប់ពាក់ព័ន្ធ​ទៅនឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ រូបភាព​នៃ​ទំព័រ​លិខិតឆ្លងដែន​នេះ ត្រូវ​បាន​គេ​ចុះផ្សាយ​​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត និង​បណ្តាញ​សង្គម និង​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​​ជជែកដេញដោលគ្នា​យ៉ាង​ផុសផុល នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

រូបភាព​ចុះផ្សាយ​ដោយ​កាសែតផ្លូវការ​ចិន People's Daily បង្ហាញ​ពី​លិខិត​ឆ្លងដែនចិន ដែល​មាន​សរសេរ​ពាក្យ​ជេរ​ពីលើ​
រូបភាព​ចុះផ្សាយ​ដោយ​កាសែតផ្លូវការ​ចិន People's Daily បង្ហាញ​ពី​លិខិត​ឆ្លងដែនចិន ដែល​មាន​សរសេរ​ពាក្យ​ជេរ​ពីលើ​ @People's Daily China
ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តីថ្លែងការណ៍​ចុះផ្សាយ​នៅលើ​វិបសៃត៍​​របស់​ស្ថានកុងស៊ុល​ចិន​ប្រចាំ​ទីក្រុង​ហូជីមិញ ពលរដ្ឋ​ចិន​ម្នាក់ឈ្មោះ ហ្សុង (Zhong) បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម កាលពីថ្ងៃ​ទី២៣​កក្កដា ហើយ​ក្រោយ​ពី​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​របស់​មន្រ្តី​អន្តោប្រវេសន៍​នៅ​ច្រក​​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហូជីមិញ ពលរដ្ឋ​ចិន​រូបនេះ​បាន​ឃើញ​ពាក្យជេរ​ជាភាសា​អង់គ្លេសថា « Fuck You » ត្រូវ​បាន​សរសេរ​​​នៅលើ​លិខិត​ឆ្លងដែន​របស់​ខ្លួន គឺ​នៅ​ពីលើ​រូបភាព​ផែនទី​ចិន ដែល​មាន​ខ្សែព្រំដែន​គូសវាតយក​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

អគ្គកុងស៊ុល​ចិន​បាន​ចាត់ទុក​ការ​សរសេរ​ពាក្យ​ជេរ​នេះ​ថា​ជា “ទង្វើ​កំសាក​គួរ​ឲ្យ​ខ្មាស់អៀន” ហើយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ស្វែងរក​មុខ និង​ដាក់ទោស​មន្រ្តី​ដែល​ប្រព្រឹត្ត​ទង្វើ​នេះ។

យោងតាម​ការអះអាង​របស់​ចិន អាជ្ញាធរ​វៀតណាម​បាន​ឆ្លើយតប​ជា​វិជ្ជមាន ហើយ​សន្យា​ថា​នឹង​ស៊ើបអង្កេត​លើ​រឿងនេះ។ ក៏ប៉ុន្តែ មន្រ្តី​វៀតណាម​វិញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​ជុំវិញ​រឿងនេះ។

គួរបញ្ជាក់ថា ខ្សែបន្ទាត់​ព្រំដែន​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​ផ្តិត​លើ​ទំព័រ​លិខិត​ឆ្លងដែន​ ហើយ​ដែល​ត្រូវ​បាន​គេ​សរសេរ​ពាក្យ​ជេរ​ពីលើ​នេះ ​បង្ហាញ​ពី​ការ​វាតយក​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរតែ​ទាំងស្រុង ហើយ​ខ្សែបន្ទាត់​ព្រំដែន​នេះ​ទើប​នឹង​ត្រូវ​បាន​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុង​ឡាអេ​ប្រកាស​ចាត់ទុក​ថា​ជា​ព្រំដែន​ខុសច្បាប់។

បញ្ហា​ចម្រូងចម្រាស​ជុំវិញ​ការសរសេរ​ពាក្យ​ជេរ​លើ​លិខិតឆ្លងដែន​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ ​ពី​ភាព​ជាសត្រូវ ដែល​កំពុងតែ​កើតមានឡើង​កាន់តែ​ខ្លាំងឡើង រវាង​ចិន និង​វៀតណាម ដោយសារ​តែ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

បន្ថែម​ពី​រឿងនេះ​ទៀត កាលពី​ល្ងាច​ថ្ងៃ​សុក្រ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​វៀតណាម​បាន​ចុះផ្សាយ​ឲ្យដឹង​ថា អេក្រង់​ព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហូជីមិញ ត្រូវ​ទទួល​រង​នូវ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ហើយ​ព័ត៌មាន​ពី​ជើងហោះហើរ​ត្រូវ​បាន​ជំនួស​មកវិញ​ដោយពាក្យ​ស្លោក​​រិះគន់​វៀតណាម និង​ហ្វីលីពីន ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ