អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​នៅ​ស៊ូដង់​ខាង​ត្បូង​ជា​តេស្ត​សម្រាប់​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ចន្ទដើមសប្តាហ៍​នេះ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ជា​សាធារណៈ ដោយ​សម្តែង​នូវ​ក្តីព្រួយបារម្ភ អំពី​ជម្លោះ​ប្រដាប់​អាវុធ នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង ហើយ​ព្រមទាំង​បាន​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​បញ្ឈប់​អំពើ​ហិង្សា ហើយ​ដោះស្រាយ​បញ្ហា​ដោយ​ការចរចា។ ការអំពាវនាវ​បែបនេះ​គឺ​ជា​រឿង​ដ៏​កម្រមួយ សម្រាប់​ចិន ដែល​តែងតែ​ប្រកាន់​យក​នូវ​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ។

លោក​វ៉ាង អ៊ី (Wang Yi) នៅ​ពេល​ស្ថិត​ក្នុងប្រទេស​អេត្យូពី ដើម្បី​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​​នៅ​ស៊ូដង់​ខាង​ត្បូង
លោក​វ៉ាង អ៊ី (Wang Yi) នៅ​ពេល​ស្ថិត​ក្នុងប្រទេស​អេត្យូពី ដើម្បី​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​​នៅ​ស៊ូដង់​ខាង​ត្បូង REUTERS/Tiksa Negeri
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​ប្រដាប់អាវុធ នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កំពុងតែ​បង្ក​នូវ​ក្តីព្រួយបារម្ភ​ចំពោះ​រដ្ឋាភិបាល​ជាច្រើន នៅ​ទូទាំង​ពិភពលោក។ ក្នុងនោះ​ក៏​មាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផងដែរ។

កាល​ពី​ចុងសប្តាហ៍មុន នៅ​ពេល​ដែល​ភាគី​ជម្លោះស៊ូដង់​ខាង​ត្បូង​​ជួប​ចរចា​គ្នា នៅ​ក្នុង​ប្រទេស​អេត្យូពី ចិនក៏​បាន​បញ្ជូន​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​របស់​ខ្លួន​​ឲ្យ​ទៅកាន់​ទីនោះដែរ។ លោក​វ៉ាង អ៊ី (Wang Yi) បាន​ជួប​ជជែក​ជាមួយ​ភាគី​ជម្លោះ​ទាំងពីរ គឺ​​តំណាង​ក្រុមឧទ្ទាម និង​តំណាង​រដ្ឋាភិបាល​ស៊ូដង់​ខាង​ត្បូង ដើម្បី​ព្យាយាម​ជួយ​សម្របសម្រួល​បញ្ចប់​ជម្លោះ។

សូមអាន៖ ហេតុអ្វី​បាន​ជា​ប្រទេស​ស៊ូដង់ខាងត្បូង​កំពុង​ស្ថិត​មាត់ជ្រោះ​នៃ​សង្រ្គាមស៊ីវិល?

ក្រោយ​ពី​ជំនួប​នេះ លោក​វ៉ាង អ៊ី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានថា “ចិន​មាន​ជំហរ​ច្បាស់លាស់​ ​ចំពោះ​ស្ថានភាព​នៅ​ស៊ូដង់​ខាង​ត្បូង​ គឺ​យើង​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា និង​ការ​វាយប្រយុទ្ធគ្នា”។

ការ​អំពាវនាវ​នេះ​ គឺ​ជា​រឿង​ធម្មតា ប្រសិនបើ​វា​ចេញ​ពី​ប្រទេស​ណាមួយ​ផ្សេង។ ក៏ប៉ុន្តែ ចេញ​ពី​មាត់​មន្រ្តី​រដ្ឋាភិបាល​ចិន វា​គឺ​ជា​រឿង​ដ៏​កម្រមួយ ពីព្រោះ​ថា តាំង​ពីដើម​រៀង​មក ចិន​តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់​អាហ្វ្រិក។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងតែ​បាន​ប្រកាស​ជា​រឿយៗ​ថា ចិន​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​អព្យាក្រឹត ដោយ​មិន​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​បណ្តា​ប្រទេស​​អាហ្វ្រិក​នោះទេ។

ម្យ៉ាងទៀត គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ​២០១១ នៅ​ពេល​ដែល​ស៊ូដង់​ខាង​ត្បូង​ទើប​នឹង​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ស៊ូដង់ ទៅ​​បង្កើត​ជា​រដ្ឋឯករាជ្យ លោក​ហ៊ូ ជិនតាវ ដែល​នៅពេលនោះ​ជា​ប្រធានាធិបតី​ចិន​​ បាន​ទទួលស្គាល់​រដ្ឋ​ស៊ូដង់​ខាងត្បូង​ភ្លាមៗ ហើយ​បាន​ផ្ញើ​សារមួយ​ទៅកាន់​មេដឹកនាំ​ស៊ូដង់​ខាង​ត្បូង ដោយ​សន្យាថា ចិន​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជា​មិត្ត​ជាមួយគ្នា ដោយ​ប្រកាន់​យក​នូវ​គោលការណ៍​មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញ​ទៅមក។

តាមការពិត ចិន​តែងតែ​ប្រកាន់​យក​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​នេះ គឺ​ដោយសារ​តែ​ចិន​​ចង់​ឲ្យ​ប្រទេស​ដទៃ​ធ្វើ​ដូចខ្លួន​ដែរ ពោលគឺ មិនត្រូវ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន។

ក៏ប៉ុន្តែ នៅពេលនេះ ចិន​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​ ដែល​​មាន​ផលប្រយោជន៍​ជា​យុទ្ធសាស្រ្ត​នៅ​ទូទាំង​ពិភពលោក។ ​ក្រុមហ៊ុន​ចិន​​បាន​ពង្រីក​មុខជំនួញ​ក្រៅប្រទេស​របស់​ខ្លួន​កាន់តែ​ធំឡើង ពី​មួយថ្ងៃ ទៅមួយថ្ងៃ ហើយ​​ទុនវិនិយោគ​របស់​ចិន​​មាន​នៅ​ស្ទើរតែ​គ្រប់ទីកន្លែង នៅ​ទូទាំង​ពិភពលោក។ ដូច្នេះ គោលការណ៍​មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន​អាច​ដើរបញ្ច្រាស​ទិស​គ្នា​ជាមួយ​​នឹង​ការការពារ​​ផលប្រយោជន៍​ជាតិ​របស់​ចិន។

វិបត្តិ​នៅ​ស៊ូដង់​ខាង​ត្បូង គឺ​ជា​ឧទាហរណ៍​ជាក់ស្តែង ដែល​អាច​បញ្ជាក់​ អំពី​ករណី​នេះ។ នៅ​ពេល​ដែល​ភាពវឹកវរ​ នៅ​ក្នុង​ប្រទេស​ផ្សេង ដូចជា​ករណី​ស៊ូដង់​ខាង​ត្បូង​បច្ចុប្បន្ន គំរាម​កំហែង​ដល់​ផលប្រយោជន៍​ជា​យុទ្ធសាស្រ្ត​របស់​ចិន សំណួរ​ប្រាកដ​ជា​ត្រូវ​ចោទឡើង សម្រាប់​មេដឹកនាំ​ចិន៖ តើ​គួរនៅ​បន្ត​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ហើយ​បណ្តោយ​ឲ្យ​​បាត់បង់​ផលប្រយោជន៍​ជាតិ​របស់​ចិន​ឬ​ក៏​យ៉ាងណា?

សូមអាន៖ ប្រមុខរដ្ឋ​ស៊ូដង់​ខាងត្បូង​ទៅ​ចិន ចំ​ពេល​ដែល​ស៊ូដង់​ខាងត្បូង​កំពុង​មាន​ភាព​តានតឹង​ជាមួយ​ស៊ូដង់​ខាងជើង

ស៊ូដង់​ខាង​ត្បូង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ជង្រុក​ប្រេង​ដ៏ធំមួយ នៅ​ក្នុង​តំបន់​អាហ្វ្រិក ហើយ​ចិន គឺ​ជា​ប្រទេស​ដែល​បាន​បោះទុន​វិនិយោគ​ច្រើន​ជាងគេ​ក្នុង​វិស័យ​ប្រេងកាត​របស់​ស៊ូដង់​ខាង​ត្បូង។ នៅ​មុនពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ ស៊ូដង់​ខាងត្បូង​ផលិតប្រេងឆៅ ប្រមាណ​ជា ២០ម៉ឺន​ធុង​ក្នុងមួយថ្ងៃៗ។ ក៏ប៉ុន្តែ ការវាយប្រយុទ្ធគ្នា រវាង​ទាហាន​រដ្ឋាភិបាល និង​ទាហាន​ឧទ្ទាម ក្នុងរយៈពេល ៣សប្តាហ៍​កន្លងទៅនេះ បាន​ធ្វើ​ឲ្យ​សកម្មភាព​បូមប្រេង​នៅ​ស៊ូដង់​ខាង​ត្បូង​ធ្លាក់ចុះ​មក​នៅ​ត្រឹមតែ ៤៥ ០០០​ធុង​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ពលរដ្ឋ​ចិន ដែល​​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​ប្រេងចិន​នៅ​ស៊ូដង់​ខាងត្បូង ក៏​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

ដូច្នេះ ប្រសិនបើ​​សិន​ជា​ចិន​មិនធ្វើ​អ្វីសោះ ហើយ​បណ្តោយ​ឲ្យ​ជម្លោះ​ប្រដាប់​អាវុធ នៅ​ស៊ូដង់​ខាង​ត្បូង រាលដាល​ទៅ​ជា​សង្រ្គាម​ស៊ីវិល​ពេញ​ទំហឹង ចិន​ប្រាកដ​ជា​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ខាតបង់​យ៉ាង​​ច្រើន។ លុយវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ក៏​ត្រូវ​ខាត​បង់ ពលរដ្ឋ​ចិន​ដែល​ធ្វើការ​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​ក៏​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​សុវត្ថិភាព ហើយ​ប្រភព​ផ្គត់ផ្គង់​ប្រេង​ដ៏សំខាន់​មួយ​ សម្រាប់​សេដ្ឋកិច្ច​ចិន​ក៏​នឹង​ត្រូវ​បាត់បង់។ នេះ​ហើយ​ជា​បញ្ហាចោទ ចំពោះ​នយោបាយ​មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ