អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្រ្តី​ចិន​ទទួលស្គាល់​ពី​បញ្ហា​ចម្រូងចម្រាស​ក្នុង​ទំនាក់ទំនង​ជាមួយ​អាហ្វ្រិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អាទិត្យ​នេះ លោក​លី ខឺឈាំង នាយករដ្ឋមន្រ្តីចិន បាន​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​ រយៈពេល​មួយ​សប្តាហ៍ ទៅកាន់​តំបន់​អាហ្វ្រិក។ នេះ​ជា​​ដំណើរទស្សនកិច្ច​លើកទីមួយ​ទៅ​អាហ្វ្រិក ចាប់តាំង​ពី​លោក​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ចិន។ នៅ​មុនពេល​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​នេះ លោក​ លី ខឺឈាំង បាន​ទទួលស្គាល់​ថា បញ្ហា​ជម្លោះ​ជុំវិញ​វិនិយោគចិន​នៅ​អាហ្វ្រិក កំពុង​ជា​បញ្ហា​ចោទ ក្នុង​ទំនាក់ទំនង រវាង​ចិន និង​អាហ្វ្រិក។

លោក លី ខឺឈាំង នាយករដ្ឋមន្រ្តី​ចិន (រូបថតឯកសារ)
លោក លី ខឺឈាំង នាយករដ្ឋមន្រ្តី​ចិន (រូបថតឯកសារ) REUTERS/Barry Huang
ផ្សាយពាណិជ្ជកម្ម

 

លោក​លី ខឺឈាំង នឹង​ធ្វើ​ដំណើរទៅបំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ចំនួន ៤ ដោយ​ចាប់ផ្តើម​ពី​អេត្យូពី នៅថ្ងៃ​អាទិត្យ​នេះ។ បន្ទាប់មក លោក​នាយករដ្ឋមន្រ្តី​ចិន​នឹង​បន្ត​ដំណើរទៅកាន់​ប្រទេស​នីហ្សេរីយ៉ា​ ទៅ​នីហ្សេរីយ៉ា នៅ​ថ្ងៃ​អង្គារ ទៅ​អង់ហ្គោឡា នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ចុងក្រោយ ទៅ​កេនយ៉ា នៅថ្ងៃ​សុក្រ។

បើ​យើងពិនិត្យ​មើលទៅ ប្រទេស​ដែល​ជា​ទិសដៅ​នៃ​ដំណើរទស្សនកិច្ច​នេះ សុទ្ធសឹង​ជា​ប្រទេស​ដែល​មាន​សារៈសំខាន់​ជា​យុទ្ធសាស្រ្ត សម្រាប់​សេដ្ឋកិច្ច​ចិន។

អេត្យូពី ដែល​ជា​ប្រទេស​ទីមួយ ក្នុង​ដំណើរទស្សនកិច្ច​របស់​លោក​លី ខឺឈាំង គឺ​ជា​​ប្រទេស ដែល​​​ចិន​មាន​កិច្ចការ​រកស៊ី​ច្រើន​ ហើយ​ជា​ទីផ្សារ​ដ៏មាន​សក្តានុពល​មួយ​សម្រាប់​សេដ្ឋកិច្ច​ចិន។ បើ​និយាយ​ពី​ផ្នែក​វិនិយោគ​វិញ ចិនបោះទុន​វិនិយោគ​ រហូតទៅដល់​រាប់ពាន់​លាន​ដុល្លារ នៅក្នុង​ប្រទេស​​អេត្យូពី។

កាន់តែ​សំខាន់​ជាង​នេះ​ទៅទៀត អេត្យូពី គឺ​ជា​​សម្ព័ន្ធមិត្តជិត​ស្និទ្ធ​របស់​ចិន ហើយ​ជា​ច្រកផ្លូវ​​ជា​យុទ្ធសាស្រ្ត​មួយ សម្រាប់​នយោបាយ​ចិន នៅ​អាហ្វ្រិក ទាំង​ខាង​ផ្នែក​សេដ្ឋកិច្ច​ និង​នយោបាយ។ ដំណើរទស្សនកិច្ច​របស់​លោក​លី ខឺឈាំង នៅ​ក្នុង​ប្រទេស​អេត្យូពី មិនមែន​មានអត្ថន័យ​សម្រាប់​តែ​ទំនាក់ទំនង​ទ្វេភាគី​ចិន-អេត្យូពី​ប៉ុណ្ណោះទេ តែ​ក៏​ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​ រវាង​ចិន និង​អាហ្វ្រិក​ទាំងមូល​ផងដែរ ពីព្រោះ​ថា អេត្យូពី គឺ​ជា​ម្ចាស់ផ្ទះ ទទួល​ទីស្នាក់ការ​ធំ​របស់​អង្គការ​សហភាព​អាហ្វ្រិក ហើយ​អគារ​យ៉ាង​ធំស្កឹមស្កៃ​របស់​សហភាព​អាហ្វ្រិក​នៅ​អេត្យូពី ដែល​ទើប​នឹង​​សាងសង់​បញ្ចប់ កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ ក្នុង​ទឹកប្រាក់ ២០០លាន​ដុល្លារ គឺ​ជា​អំណោយ​របស់​ចិន។ នៅ​ក្នុង​ដំណើរទស្សនកិច្ច នៅ​អេត្យូពី​នេះ លោក​លី ខឺឈាំង គ្រោង​នឹង​​ថ្លែង​សារ​ទៅ​កាន់​មេដឹកនាំ​ប្រទេស​ទាំង ៥៤ ដែល​ជា​សមាជិក​សហភាព​អាហ្វ្រិក។

ក្រៅពី​អេត្យូពី ប្រទេស​ពីរ​ទៀត​ក៏​មាន​សារៈសំខាន់​ សម្រាប់​ចិន​ដែរ គឺ​នីហ្សេរីយ៉ា និង​អង់ហ្គោឡា។ ប្រទេស​ទាំងពីរ​នេះ សុទ្ធតែ​ជា​មហាអំណាច​សេដ្ឋកិច្ច​សំខាន់ៗ នៅ​តំបន់​អាហ្វ្រិក។ នីហ្សេរីយ៉ា គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​អាហ្វ្រិក​លំដាប់ទី២ បន្ទាប់​ពី​អាហ្វ្រិក​ខាង​ត្បូង ហើយ​អង់ហ្គោឡា ស្ថិត​នៅ​លំដាប់​ទី៣។ កាន់តែ​សំខាន់​ជាង​នេះ​ទៅទៀត នីហ្សេរីយ៉ា និង​អង់ហ្គោឡា សុទ្ធសឹង​ជា​ប្រទេសជង្រុក​ប្រេង​ធំៗ នៅ​អាហ្វ្រិក។ នីហ្សេរីយ៉ា គឺ​ជា​ប្រទេស​ផលិតប្រេង​ជាងគេ​បំផុត នៅ​អាហ្វ្រិក ចំណែក​អង់ហ្គោឡា ស្ថិត​នៅ​លំដាប់​ទី៣ បន្ទាប់​ពី​អាល់ហ្សេរី ហើយ​សម្រាប់​ចិន ​​អង់ហ្គោឡា គឺ​ជាប្រភពផ្គត់ផ្គង់ប្រេង​ដ៏ធំ​លំដាប់ទី២ បន្ទាប់​ពី​អារ៉ាប៊ីសាអ៊ូឌីត។

ក៏ប៉ុន្តែ មន្រ្តី​រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា ដំណើរទស្សនកិច្ច​របស់​លោក​លី ខឺឈាំង នៅ​ពេលនេះ មិនមែន​ផ្តោត​តែ​ទៅលើ​រឿង​ប្រេងមួយ​នោះទេ ហើយ​ថា ដំណើរទស្សនកិច្ច​នេះ ធ្វើឡើង​ក្នុងគោលដៅ​ពង្រឹង​ទំនាក់ទំនង​​ចិន-អាហ្វ្រិក ដើម្បី​ឲ្យ​ភាគី​ទាំងសង​ខាង​អាច​ទាញ​យក​ផលប្រយោជន៍​ប្រកប​ដោយ​សមធម៌។

គួរបញ្ជាក់ថា ការដោះដូរ​​ពាណិជ្ជកម្ម រវាង​ចិន និង​អាហ្វ្រិក កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅ មាន​ទំហំទឹកប្រាក់​រហូត​ដល់​ទៅ ២១០ពាន់លាន​ដុល្លារ​អាមេរិក ហើយ​ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់​អាហ្វ្រិក ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក។

ក៏ប៉ុន្តែ មាន​អ្នក​ខ្លះ​រិះគន់​ថា ទំនាក់ទំនង រវាង​ចិន និង​អាហ្វ្រិក គឺ​ជា​ទំនាក់ទំនង​មិន​យុត្តិធម៌ ដោយ​គេ​គិតថា ​ចិន​មក​អាហ្វ្រិក គឺសំឡឹង​ឃើញ​តែ​ប្រេង និង​វត្ថុធាតុ​ដើម​ផ្សេងទៀត ប៉ុន្តែ មិនបាន​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ផ្តល់​ផលចំណេញ​ដល់​ប្រជាជន​អាហ្វ្រិក​ជាទូទៅ។ រហូត​មាន​​​អ្នក​ខ្លះចាត់ទុក​នយោបាយ​ចិន​នៅ​អាហ្វ្រិក​ថា​ជា​ការ​ធ្វើ​អាណានិគម​បែបថ្មី។

ថ្មីៗ​នេះ ក្រុមហ៊ុនចិន នៅ​តាម​បណ្តា​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន ជាពិសេស​ក្រុមហ៊ុន​រកស៊ី​ធ្វើ​អាជីវកម្ម​រ៉ែ ត្រូវ​ទទួល​រង​ការ​រិះគន់​កាន់តែ​ខ្លាំង​ឡើង​ថា មិន​​បាន​គោរព​ច្បាប់​ក្នុង​ប្រទេស​គេ មិនបំពេញ​តាម​បទដ្ឋាន​ខាង​ផ្នែក​សុវត្ថិភាព​ការងារ និង​ខាង​ផ្នែក​បរិស្ថាន មាន​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដោយ​មិន​បាន​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​និយោជិត​ក្នុងស្រុក និង​មិន​គិតគូរ​ដល់​​លក្ខខណ្ឌ​ការ​ងាររបស់​កម្មករ ។ល។ និង ។ល។

សូម្បីតែ​លោក​លី ខឺឈាំង ខ្លួនឯង​ផ្ទាល់​ក៏​បាន​ទទួលស្គាល់​ដែរ​ អំពី​បញ្ហា​អស់​ទាំង​នេះ។ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ នៅ​មុនពេល​ចេញ​ដំណើរពី​ប៉េកាំង ទៅ​អាហ្វ្រិក លោក​លី ខឺឈាំង បាន​មាន​ប្រសាសន៍​ថា បញ្ហា​ចម្រូងចម្រាស​ទាក់ទង​នឹង​ក្រុមហ៊ុន​ចិន នៅ​អាហ្វ្រិក ពិតជា​កើតមាន​កាន់តែ​ច្រើន​មែន ក៏ប៉ុន្តែ ថា បញ្ហា​អស់ទាំងនេះ វា​កើតឡើង​តែ​ចំពោះ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ហើយ​​វា​មិនមែន​ឆ្លុះបញ្ចាំង​នូវ​ទិដ្ឋភាព​រួម​នៃ​នយោបាយ​ចិន​ នៅ​អាហ្វ្រិក​ទេ។

លោក​លី ខឺឈាំង ក៏បាន​អំពាវនាវ​ផងដែរ​ដល់​គ្រប់ក្រុមហ៊ុន​ចិន​ទាំងអស់​ ដែល​មាន​ការ​រកស៊ី នៅ​តាម​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក ឲ្យ​គោរព​ច្បាប់​ក្នុង​ស្រុក ព្រមទាំង​ត្រូវ​គិតគូរ​ការពារ​ដល់​ផលប្រយោជន៍​សហគមន៍​ នៅ​ជុំវិញ​ទីតាំង​ដែល​ខ្លួន​រកស៊ី។ លោក​ក៏​បាន​លើកឡើង​ផងដែរ​ថា ចិន​ធ្លាប់​ជា​ប្រទេស​រងគ្រោះ ដោយ​អាណានិគម ដូច្នេះ ចិន​នឹង​មិន​ប្រកាន់​ឥរិយាបថ​ជា​មហាអំណាច​អាណានិគម​នៅ​អាហ្វ្រិក​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ