អានតួអត្ថបទ
ចិន

ចិន​ត្រៀម​ទប់ទល់​នឹង​វិបត្តិ​សង្គម​ដែល​បណ្តាល​មកពី​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច

មន្រ្តីកំពូល​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ប្រាប់​ទៅ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ឲ្យ​ប្រុងប្រៀប​ខ្លួន ដើម្បី​ទប់ទល់​នឹង​ភាពចលាចល​សង្គម​ ដែល​អាច​នឹង​កើតឡើង​ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់ចុះ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួ ដែល​បាន​ចុះផ្សាយ កាលពី​ចុងសប្តាហ៍​កន្លង​ទៅនេះ។

កូដកម្ម​របស់​កម្មករ កម្មការិនី នៅរោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិកមួយ នៅ​សៀងហៃ ថ្ងៃ​ចន្ទ ៥ ធ្នូ ២០១១
កូដកម្ម​របស់​កម្មករ កម្មការិនី នៅរោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិកមួយ នៅ​សៀងហៃ ថ្ងៃ​ចន្ទ ៥ ធ្នូ ២០១១ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ត្រីមាស​ទី៣ (កក្កដា-កញ្ញា) ឆ្នាំ​២០១១​នេះ អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​​បាន​ធ្លាក់ចុះ​មក​នៅត្រឹម​តែ ៩,១% ប៉ុណ្ណោះ ពោល​គឺ ០,៤%​ ទាបជាង កាលពី​ត្រីមាស​ទី២ ដែល​មាន​រហូតដល់​ទៅ ៩,៥%។

វិស័យ​ឧស្សាហកម្ម​ ដែល​ជា​កម្លាំង​ចលករ​ដ៏​ធំបំផុត​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ បាន​ធ្លាក់ចុះ​ដល់​កម្រិត​មួយ​ទាបបំផុត មិនធ្លាប់មាន ក្នុងរយៈពេល​ជិត ៣ឆ្នាំ​កន្លងទៅនេះ។ មូលហេតុ គឺ​មក​ពី​​ការធ្លាក់ចុះ​នៃ​តម្រូវការ​ទីផ្សារ​នៅ​អាមេរិក និង​អឺរ៉ុប ដែល​កំពុង​ជាប់ផុង​ក្នុង​វិបត្តិ។

នៅ​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ កូដកម្ម​ទ្រង់ទ្រាយធំ​ជាច្រើន​បាន​ផ្ទុះឡើង នៅ​ចិន ដោយសារ​តែ​កម្មករ​រោងចក្រ​បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ផ្តល់​ប្រាក់ខែ​ទាប និង​ការ​កាត់បន្ថយ​បុគ្គលិក។ កូដកម្ម​នៅតែ​បន្ត​កើតមាន នៅថ្ងៃ​ចន្ទ​នេះ នៅ​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​មួយ នៅ​សៀងហៃ។ ទាំង​នេះ​ហើយ​ជាសញ្ញា​អវិជ្ជមាន ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន​​ព្រួយបារម្ភ​ខ្លាច​មាន​វិបត្តិ​សង្គម​ផ្ទុះឡើង។

គួររំឭកឡើងវិញ​ថា ក្រោយ​ពី​មាន​ផ្ទុះវិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨ រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​មួយចំនួន ដើម្បី​ជំរុញ​​កំណើន​សេដ្ឋកិច្ច​ឲ្យ​ចេញ​ពី​វិបត្តិ។ វិធានការ​ទាំងនោះ​ពិត​ជា​បាន​ជួយ​ឲ្យ​ចិន​​ចេញ​ផុត​ពីវិបត្តិ​សេដ្ឋកិច្ច​បាន​លឿន​មែន ក៏ប៉ុន្ត វា​ក៏​បាន​ធ្វើ​ឲ្យ​អត្រា​អតិផរណា​កើនឡើង​ខ្ពស់​ដែរ។

ដោយ​បារម្ភខ្លាច​ការ​ឡើងថ្លៃ​ទំនិញ​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ពី​ប្រជាជន អាជ្ញាធរ​ចិន​ក៏​បាន​​រឹតបន្តឹង​នយោបាយ​រូបិយវត្ថុ និង​រឹតត្បិត​ចរន្តឥណទាន​មកវិញ ដើម្បី​​ទប់ទល់​នឹង​បញ្ហា​អតិផរណា។ អត្រាអតិផរណា​ក៏​បាន​ធ្លាក់ចុះមកវិញ កាលពី​ខែ​តុលា ក៏ប៉ុន្តែ វិធានការ​ទាំងនេះ​ក៏​បាន​ធ្វើឲ្យ​​​កំណើន​សេដ្ឋកិច្ច​ត្រូវ​​ធ្លាក់ចុះ​មកវិញ​ដែរ។

អាជ្ញាធរ​ចិន​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា “ចុះទឹក​ក្រពើ ឡើងលើ​ខ្លា”។ បើទុក​បណ្តោយ​ឲ្យ​មាន​អត្រា​អតិផរណា​ខ្ពស់ ទំនិញ​ឡើងថ្លៃ ក៏​អាច​បណ្តាល​ឲ្យ​មាន​​វិបត្តិ​សង្គម។ បើ​សិន​ជា​​ទាញ​អត្រា​អតិផរណា​ឲ្យ​ធ្លាក់ចុះ​មកវិញ វា​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ការងារ​ធ្វើ​ ហើយ​វា​ក៏​អាច​នាំ​ទៅ​រក​ចលាចល​សង្គម​ដូចគ្នា។

កាលពី​ថ្ងៃ​ពុធ សប្តាហ៍មុន ធនាគារ​កណ្តាល​ចិន​​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ឥណទាន​ធនាគារ​ឯកជន​មកវិញ​ ចាប់ពីថ្ងៃ​ចន្ទ ៥ ធ្នូ នេះ​តទៅ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ នេះ​បង្ហាញ​ថា នៅពេលនេះ ការធ្លាក់ចុះ​នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​​កំពុងតែ​ធ្វើ​ឲ្យ​ចិន​ព្រួយបារម្ភ​ខ្លាំង​ជាង​បញ្ហា​អតិផរណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ