ចិននៅតែអាចទាក់ទាញអ្នកវិនិយោគទោះបីតម្លៃកម្លាំងពលកម្មកើនឡើង
នាពេលថ្មីៗនេះ មានការសិក្សារបស់ក្រុមអ្នកសេដ្ឋកិច្ចជាច្រើនបង្ហាញថា តម្លៃកម្លាំងពលកម្មនៅចិនកំពុងតែមានកំណើនខ្លាំង ដែលអាចធ្វើឲ្យរោងចក្រសហគ្រាសនាំគ្នារត់ចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ីខាងត្បូងវិញ។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា មានការសិក្សាផ្សេងទៀតបង្ហាញថា សមត្ថភាពផលិតរបស់ចិនក៏កំពុងតែមានកំណើនគួរឲ្យកត់សម្គាល់ដែរ ដែលនេះអាចធ្វើឲ្យចិននៅតែបន្តទាក់ទាញអ្នកវិនិយោគបរទេស ទោះបីតម្លៃកម្លាំងពលកម្មកើនឡើង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤៣
គិតរហូតមកទល់ពេលនេះ កំណើនសេដ្ឋកិច្ចចិនពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ហើយវិស័យនាំចេញនេះ ពឹងផ្អែកលើចំណុចសំខាន់មួយ គឺថ្លៃកម្លាំងពលកម្មទាប ដែលជាកត្តាចម្បងទាក់ទាញក្រុមហ៊ុន សហគ្រាសបរទេស ឲ្យនាំគ្នាចូលមកបង្កើតរោងចក្រ នៅក្នុងប្រទេសចិន ដើម្បីផលិតទំនិញក្នុងតម្លៃថោក ងាយស្រួលនាំចេញទៅលក់នៅក្នុងទីផ្សារអន្តរជាតិ។
ក៏ប៉ុន្តែ យោងតាមការព្យាកររបស់ធនាគារបារាំង ឈ្មោះ Natixis កាលពីខែមុន ថ្លៃកម្លាំងពលកម្មនៅចិនអាចនឹងឡើងស្មើសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៤ឆ្នាំទៀត ស្មើតំបន់ចាយលុយអឺរ៉ូ ក្នុងរយៈពេល ៥ឆ្នាំ ហើយស្មើនឹងជប៉ុន ក្នុងរយៈពេល ៧ឆ្នាំទៀត។ ធនាគារនេះបានធ្វើការសន្និដ្ឋានថា ដោយសារតែថ្លៃកម្លាំងពលកម្មកើនឡើងលឿនបែបនេះ មិនយូរទេ ចិននឹងបាត់បង់ភាពប្រកួតប្រជែងក្នុងការផលិត ហើយលែងអាចទាក់ទាញអ្នកវិនិយោគបរទេសបានទៀតហើយ ក្រុមហ៊ុន សហគ្រាសបរទេសអាចនឹងនាំគ្នាងាកទៅបង្កើតរោងចក្រនៅតាមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ (វៀតណាម កម្ពុជា ឥណ្ឌូណេស៊ី ...) ឬអាស៊ីខាងត្បូងវិញ (បង់ក្លាដែស ប៉ាគីស្ថាន ...)។
ក្រុមអ្នកផ្តល់ប្រឹក្សាខាងផ្នែកជំនួញដ៏ល្បីខ្នាតអន្តរជាតិមួយ គឺ Boston Consulting Group (BCG) ក៏បានធ្វើការសន្និដ្ឋានស្រដៀងគ្នានេះដែរ។ BCG បានធ្វើការកត់សម្គាល់ថា មានក្រុមហ៊ុនបរទេសខ្លះ ដូចជា ក្រុមហ៊ុនរបស់អាមេរិកជាដើម បានសម្រេចបិទរោងចក្រ នៅចិន ហើយត្រឡប់ទៅបង្កើតរោងចក្រផលិត នៅក្នុងសហរដ្ឋអាមេរិកវិញ។
ថ្មីៗនេះ ក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ល្បីរបស់អាល្លឺម៉ង់ ឈ្មោះ Adidas ក៏បានប្រកាសថានឹងបិទរោងចក្រនៅចិនដែរ ដោយលើកឡើងពីបញ្ហាថ្លៃពលកម្មនេះ។ Adidas បានលើកឡើងថា រោងចក្រផលិតស្បែកជើង Adidas នៅចិន ត្រូវចំណាយប្រាក់ឈ្នួល សម្រាប់កម្មករម្នាក់ៗ ប្រមាណជា ២៥៨អឺរ៉ូ ក្នុងមួយខែ ធៀបនឹងរោងចក្រ Adidas នៅក្នុងប្រទេសកម្ពុជា ដែលចំណាយតែ ១០៧អឺរ៉ូ។
ទោះជាយ៉ាងណា មានអ្នកសេដ្ឋកិច្ចមួយចំនួនផ្សេងទៀតយល់ថា ចិននឹងនៅតែអាចបន្តទាក់ទាញអ្នកវិនិយោគបរទេសបាន បើទោះជាថ្លៃកម្លាំងពលកម្មកើនឡើងក៏ដោយ ពីព្រោះគេសង្កេតឃើញថា សមត្ថភាពផលិតរបស់ចិនមានអត្រាកើនឡើងខ្លាំង គឺខ្លាំងជាងកំណើននៃតម្លៃពលកម្មទៅទៀត។ និយាយជារួម គេយល់ថា កម្មករចិនទាមទារប្រាក់ខែកាន់តែខ្ពស់ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ពួកគេក៏មានសមត្ថភាពផលិតទំនិញបានកាន់តែលឿន ហើយកាន់តែមានគុណភាពដែរ។ ដូច្នេះ ទៅថ្ងៃអនាគត ការនាំចេញទំនិញដែលមានតម្លៃថោក និងគុណភាពទាបអាចនឹងត្រូវថយចុះ ដោយប្រភេទទំនិញបែបនេះ អាចនឹងត្រូវគេបង្វែរយកទៅផលិតនៅក្នុងប្រទេសផ្សេង ដែលមានកម្លាំងពលកម្មថោកជាង ក៏ប៉ុន្តែ ចិនអាចនឹងបង្កើនការប្រកួតប្រជែងក្នុងការនាំចេញទំនិញដែលមានគុណភាពល្អ ប៉ុន្តែ នៅតែមានតម្លៃទាបជាងគូប្រជែងនៅអឺរ៉ុប ឬអាមេរិក។
ម្យ៉ាងទៀត បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគ ចិននៅតែមានប្រៀបជាងប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ