ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT

សាធារណរដ្ឋ​ចិន ​រវាង​ចលនា​ឧទ្ទាម​កុម្មុយនិស្ត ​និង​ការ​ឈ្លានពាន​របស់​ជប៉ុន

សាធារណរដ្ឋ​ចិន ​រវាង​ចលនា​ឧទ្ទាម​កុម្មុយនិស្ត ​និង​ការ​ឈ្លានពាន​របស់​ជប៉ុន
 
លោក ចាង កាយចៀក (Chiang Kai-Shek) មេដឹកនាំ​គណបក្ស​គួមីនតាង​បន្ត​ពីលោក​ស៊ុន យ៉ាតសេន

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា ស្ថានភាព​វឹកវរ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន ក្រោម​ការ​ដឹកនាំ​របស់ ចាង កាយចៀក ដែល​ត្រូវ​ប្រឈមមុខ​នឹង​ចលនាតស៊ូ​របស់​ពួក​កុម្មុយនិស្ត​ផង និង​ការឈ្លានពានរ​បស់​ជប៉ុន​ផង។

នៅ​ឆ្នាំ​១៩២៨ ក្រុមជាតិនិយម​គួមីនតាង ដឹកនាំ​ដោយ​ ចាង កាយចៀក បាន​វាយបង្រ្កាប​ពួក​មេកន្ទ្រាញ​ចិន បង្រួបបង្រួម​ទឹកដី ហើយ​បង្កើត​រដ្ឋាភិបាល​សាធារណរដ្ឋ​មួយ​ឡើង ដែល​មាន​រដ្ឋធានី នៅ​ទីក្រុង​ណានជីង។ ក្រោមការ​ដឹកនាំ​របស់​ ចាង កាយចៀក សាធារណរដ្ឋ​ចិន​បាន​ស្តារឡើងវិញ​នូវ​អធិបតេយ្យភាព​របស់​ចិន កាត់បន្ថយ​ទឹកដី​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​បរទេស (Concessions) ព្រមទាំង​បាន​អភិវឌ្ឍសេដ្ឋកិច្ច​តាមរយៈ​ការ​បង្កើត​វិស័យ​ឧស្សាហកម្ម​ទំនើប។

ក៏ប៉ុន្តែ ការ​រីកចម្រើន​ទាំងនេះ​កើតមាន​តែ​នៅតាម​ទីក្រុង​ធំៗ​ប៉ុណ្ណោះ។ ចំណែក​នៅ​តាម​ទី​ជនបទវិញ ប្រជាកសិករ ដែល​មាន​ចំនួន​ភាគច្រើន​លើសលុប ​នៅតែ​បន្ត​រស់នៅ​ក្នុង​ភាព​ក្រីក្រដដែល។ គឺ​នៅតាម​ទីជនបទ​ក្រីក្រ​នេះ​ហើយ​ ដែល​ចលនា​កុម្មុយនិស្ត​​បាន​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាកសិករ ដើម្បី​ធ្វើការ​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​​នៅ​ណានជីង។

ពួកកុម្មុយនិស្ត ដែល​បាន​នាំគ្នា​រត់ចេញ​ពី​ទីក្រុង ដើម្បី​គេចចេញ​ពី​ការ​កាប់សម្លាប់​ពី​សំណាក់​ក្រុម​ចាង កាយចៀក កាល​ពី​ឆ្នាំ​១៩២៧ បានបង្កើត​ជា​ចលនា​តស៊ូ​នៅតាម​ទី​ជនបទ ហើយ​បាន​បង្កើតឡើងវិញ​នូវ​រចនាសម្ព័ន្ធ​បក្ស​កុម្មុយនិស្ត និង​កងទ័ព​បដិវត្តន៍ ដោយ​យក​គំរូ​តាម​ចលនាកុម្មុយនិស្ត​លេនីន នៅ​រុស្ស៊ី។

ក៏ប៉ុន្តែ បើនិយាយ​ពី​ទស្សនវិជ្ជា​នយោបាយ និង​យុទ្ធសាស្រ្ត​ទ័ពវិញ​ចលនា​កុម្មុយនិស្ត​ចិន​បាន​ដើរមួយ​ជំហាន​ហួស​ចលនា​កុម្មុយនិស្ត​​លេនីន។ ម៉ៅ សេទុង ដែល​បាន​សិក្សា​​​ពី​ “យុទ្ធសាស្រ្ត​សង្រ្គាម” របស់​​អ្នក​ប្រាជ្ញចិន​​ ស៊ុន ហ្ស៊ូ (ស៊ុនអ៊ូ) និង​ចូលចិត្ត​អាន​រឿង​នគរទាំងបី (សាមកុក)​ ​បាន​រៀបចំ​យុទ្ធសាស្រ្ត​សង្រ្គាម​ដ៏មាន​ប្រសិទ្ធភាព​មួយ គឺ​យុទ្ធសាស្រ្ត​ទ័ព​ព្រៃ​ ដែល​អ្នក​ប្រវត្តិសាស្រ្ត​ខាង​កងទ័ព​ទទួលស្គាល់​ថា​ជា​​យុទ្ធសាស្រ្ត​ទ័ព​ដ៏មាន​ប្រសិទ្ធភាព​ អាច​ឲ្យ​​​កងឧទ្ទាម​ដែល​មាន​កម្លាំង​ខ្សោយ​​យក​ឈ្នះ​លើ​​កងទ័ព​ជាតិ​ដែល​មាន​កម្លាំង​ខ្លាំងជាង។

គោលការណ៍​គ្រឹះ​នៃ​យុទ្ធសាស្រ្ត​ទ័ព​ព្រៃ​នេះ​ត្រូវ​បាន​​ម៉ៅ សេទុង បង្កើត​ជា​ពាក្យស្លោក​ឲ្យ​កងទ័ព​កុម្មុយនិស្ត​ចិន​យក​ទៅ​ទន្ទេញ​យ៉ាង​ចាំ​រត់មាត់ គឺ “សត្រូវ​វាយលុក យើងដកថយ។ សត្រូវ​សម្រាក យើង​រំខាន។ សត្រូវ​នឿយហត់ យើង​វាយបក។ សត្រូវ​ដកថយ យើង​ដេញតាម។”
 

យុទ្ធសាស្រ្ត​ទ័ព​ព្រៃ រួម​ជាមួយ​នឹង​ការបំពាក់បំប៉ន​​មនោគមន៍វិជ្ជា​នយោបាយ និង​វិន័យតឹងរ៉ឹង បាន​​ធ្វើ​ឲ្យ​កងទ័ព​កុម្មុយនិស្ត​អាច​​ទប់ទល់​នឹង​ការ​វាយលុក​ជាច្រើន​លើក​ពី​សំណាក់​​កងទ័ព​របស់​ចាង កាយចៀក​ ដែល​មាន​ចំនួន​យ៉ាង​ច្រើន​លើសលុប និង​មាន​សព្វាវុធ​ទំនើបៗ ហើយ​ភាព​វ័យឆ្លាត​ខាង​យុទ្ធសាស្រ្ត​ទ័ព​នេះបាន​ធ្វើ​ឲ្យ ម៉ៅ សេទុង ត្រូវ​​បាន​គេ​គោរព​កោតខ្លាច និង​បាន​ក្លាយ​ជា​ប្រមុខដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន នៅ​ឆ្នាំ​១៩៣៥។

នៅឆ្នាំ​១៩៣៥​នោះ ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​ម៉ៅ សេទុង បាន​ទៅ​តាំង​មូលដ្ឋាន​ធំ នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស ម្យ៉ាង ដើម្បី​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​ណានជីង ដែល​ជា​មូលដ្ឋាន​របស់​កងទ័ព​ចាង កាយចៀកផង និង​ម្យ៉ាងទៀត ដើម្បី​ចូល​មក​​​នៅ​ក្បែរ​តំបន់​ម៉ាន់ជូរី ដែល​​ទើប​នឹង​ត្រូវ​បាន​ជប៉ុន​ឈ្លានពាន​ចូល​កាន់កាប់ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៣០ ដោយ​ឆ្លៀត​ក្នុង​ពេល​ដែល​ចិន​នៅ​មាន​សង្រ្គាម​ផ្ទៃក្នុង ហើយ​មិន​ទាន់​អាច​បង្រួបបង្រួម​ទឹកដី​បាន​ពេញលេញ ជប៉ុន​បាន​បង្កើន​ការឈ្លានពាន​ដណ្តើម​កាន់កាប់​ទឹកដី ដោយ​ចូល​កាន់កាប់​តំបន់​ម៉ាន់ជូរី នៅចុង​ឆ្នាំ​១៩៣១ និងដើម​ឆ្នាំ​១៩៣២។ តំបន់​ម៉ាន់ជូរី​ ដែលស្ថិត​នៅ​ខាងជើង និង​ខាងកើត​ទីក្រុង​ប៉េកាំង គឺ​​ជា​ទឹកដី​កំណើត​របស់​ពួកម៉ាន់ជូ​នៃ​រាជវង្សឆេង ហើយ​​ជា​ដែនដី​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ ជាពិសេស ព្រៃឈើ ធ្យូងថ្ម និង​ប្រេង។

អំពើ​ឈ្លានពាន​របស់​ជប៉ុន​ទៅលើ​ចិន​នេះ មិនត្រូវ​បាន​សហគមន៍​អន្តរជាតិ​យកចិត្តទុកដាក់​ប៉ុន្មានទេ ដោយសារ​តែ​ពេលនោះ សហរដ្ឋ​អាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប កំពុងតែ​វក់វី​នឹង​បញ្ហាសេដ្ឋកិច្ច​ក្នុង​ប្រទេស​ខ្លួនឯង។ បញ្ហា​សេដ្ឋកិច្ច ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក (The Great Depression) ឆ្នាំ​១៩២៩។

សង្គមប្រជាជាតិ ដែល​ជាស្ថាប័ន​ពិភពលោក​បង្កើត​ឡើង ក្រោយ​សង្រ្គាម​លោក​លើកទី១ បាន​ត្រឹមតែ​​ថ្កោលទោស​អំពើ​ឈ្លានពាន​របស់​​ជប៉ុនទៅលើ​​ចិន ក៏ប៉ុន្តែ ក៏​មិនបាន​ចាត់វិធានការ​អ្វីមួយទៅលើ​ជប៉ុន​នោះដែរ។ ផ្ទុយទៅវិញ គឺ​ជប៉ុន ដែល​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​សមាជិក​របស់​សង្គមប្រជាជាតិ ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ណ៍​ដែល​សង្គមប្រជាជាតិ​ថ្កោលទោស​អំពើឈ្លានពាន​របស់​ជប៉ុន​ទៅលើ​ចិន។

ការមិនសូវ​អើពើ​ពី​សហគមន៍​អន្តរជាតិ គឺ​ជា​រឿងមួយ ក៏ប៉ុន្តែ នៅ​ក្នុង​ប្រទេស​ចិន​ខ្លួនឯង​វិញ រដ្ឋាភិបាល​របស់​ចាង កាយចៀក ក៏​មិនសូវ​ជា​រវីរវល់​នឹង​រឿង​ជប៉ុន​ឈ្លានពាន​នេះ​ប៉ុន្មាន​ដែរ ដោយសារ​តែ​នៅពេលនោះ ចាង កាយចៀក​ ផ្តោត​អាទិភាព​តែ​ទៅលើ​ការ​កម្ចាត់​ពួក​កុម្មុយនិស្ត ហើយ​មិនចង់​ប្រឈមមុខ​ខាង​ផ្នែក​យោធា​ជាមួយ​ជប៉ុន។ ចាង កាយចៀក តែងតែ​ធ្វើការ​ប្រៀបធៀប​ថា ការឈ្លានពាន​របស់​ជប៉ុន​គឺ​ជា​ជំងឺ​សើស្បែក ចំណែក​ចលនា​កុម្មុយនិស្ត គឺ​ជា​ជំងឺ​បេះដូង។ ដូច្នេះ ចិន​ត្រូវ​តែ​កម្ចាត់​ពួក​កុម្មុយនិស្ត​ឲ្យ​អស់​ជាមុន​សិន ចាំ​ងាក​មក​ទប់ទល់​នឹង​ជប៉ុន​ជាក្រោយ។ ក៏ប៉ុន្តែ ការប្រកាន់​នូវ​ឥរិយាបថ​បែបនេះ​បាន​ធ្វើ​ឲ្យ​ចាង កាយចៀក ត្រូវ​ប្រជាជន​ចិន​ចាត់ទុក​ថា​ជា​មេដឹកនាំ​ទន់ជ្រាយ​ ហើយ​សុខចិត្ត​លក់​ទឹកដី​ឲ្យបរទេស ដើម្បី​រក្សា​អំណាច​ផ្ទាល់​ខ្លួន។ ប្រជាប្រិយភាព​របស់​ចាង កាយចៀក​ក៏ត្រូវ​ធ្លាក់ចុះ​ជា​លំដាប់ ចំណែក​ពួក​កុម្មុយនិស្ត​​វិញ ដែល​ប្រកាន់​នយោបាយ​ប្រឆាំង​នឹង​ជប៉ុន​ជាអាទិភាព បាន​ទទួល​នូវ​​ការ​គាំទ្រ​ពី​ប្រជាជន​កាន់តែ​ច្រើន​ឡើងៗ។

នៅ​ខែ​ធ្នូ ឆ្នាំ​១៩៣៦ នៅ​ពេល​ចុះ​ទៅបំពេញ​ទស្សនកិច្ច​នៅ​តាមខេត្ត ចាង កាយចៀក ត្រូវ​បាន​មេទ័ព​ម្នាក់​ចាប់ជំរិត យក​ទៅឃុំឃាំង ហើយ​បង្ខំ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ម៉ៅ សេទុង ដើម្បី​ផ្អាក​ការវាយប្រយុទ្ធគ្នាជា​បណ្តោះអាសន្ន ហើយ​រួមដៃគ្នា​ទប់ទល់​នឹង​ការឈ្លានពាន​របស់​ជប៉ុន។ ក្រោយ​ពី​ជាប់ឃុំ​អស់រយៈពេល ២សប្តាហ៍ ចាង កាយចៀក ត្រូវ​បាន​ដោះលែង​ឲ្យមាន​សេរីភាព​វិញ ហើយ​ក្រោយ​ពី​បាន​វិលត្រឡប់​ទៅដល់​ណានជីង​​លោក​ក៏​បាន​ប្រកាស​បញ្ចប់​សង្រ្គាម​ស៊ីវិល​ជាមួយ​ពួក​កុម្មុយនិស្ត។
 

ម៉ៅ សេទុង (ឆ្វេង) និង ចាង កាយចៀក ក្នុងពេល​ចុះសម្ព័ន្ធភាព​ ដើម្បី​ប្រឆាំង​ជប៉ុន

ឃើញ​បែបនេះ ជប៉ុន​មាន​ការបារម្ភ​ខ្លាច​ចិន​រួបរួមគ្នា​ពិបាក​វាយយក​ ក៏​​​ចាប់​ផ្តើម​ប្រញាប់ប្រញាល់​បើក​ប្រតិបត្តិការ​ពង្រីក​ការ​ឈ្លានពាន​​ចេញ​ពីតំបន់​ម៉ាន់ជូរី ចុះទៅទិស​ខាង​ត្បូង សំដៅ​ទៅ​រដ្ឋធានី​ណានជីង។

ចាង កាយចៀក និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​ក៏​បាន​បង្ខំចិត្ត​បោះបង់​ក្រុង​ណានជីង ហើយ​រត់​ទៅ​បង្កើត​រដ្ឋធានី​បណ្តោះអាសន្ន នៅ​ក្រុង​ឆុងឈីង ក្នុង​ខេត្ត​ស៊ីឈ័ន គឺ​នៅ​តំបន់​ប៉ែក​ខាង​លិច​ប្រទេស​។ ក្នុងពេល​ជាមួយគ្នា កងទ័ព​របស់​ចាង កាយចៀក ជាពិសេស ទ័ព​អាកាស​បាន​ធ្វើការ​វាយឆ្មក់​ទៅលើ​ទាហាន​ជប៉ុន ដើម្បី​ព្យាយាម​រាំង​ដំណើរ​ទាហាន​ជប៉ុន​កុំ​ឲ្យ​វាតទី​ទៅ​ប៉ែក​ខាង​លិច​ប្រទេស​ចិន។

ទាហាន​ជប៉ុន​​ដែល​កាន់កាប់​ប្រទេស​ចិន​បាន​ប្រកាន់​យក​នូវ​នយោបាយមួយ គឺ​ថា នៅទីណា​ដែល​ពួកគេ​ទៅដល់​ អ្នក​ដែល​សុខចិត្ត​ចុះចាញ់​នឹង​ត្រូវ​លើកលែង ឯ​អ្នក​ដែល​រឹងរូស​នឹង​ត្រូវ​សម្លាប់​ចោល​ មិនថា​ជា​ទាហាន ឬ​ក៏​ស៊ីវិល​នោះទេ។

នេះ​គឺ​ជា​អ្វី​ដែល​បាន​កើតឡើង នៅ​ពេល​ដែល​ទាហាន​ជប៉ុន​​ចូល​ដល់​ណានជីង នៅ​ចុងឆ្នាំ​១៩៣៧។ ក្នុងរយៈពេល​ប្រមាណ​ជា​១ខែ​កន្លះ ទាហាន​ជប៉ុន​បាន​ធ្វើការ​រំលោភ និង​កាប់សម្លាប់​ប្រជាជន​ស៊ីវិល​ចិន​​ប្រមាណ​ពី​១០ម៉ឺន ទៅ​៣០ម៉ឺននាក់ នៅ​ក្នុង​ហេតុការណ៍ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា “ការ​សម្លាប់​រង្គាល​នៅ​ណានជីង”។ ការ​សម្លាប់​រង្គាល​ដែល​ចិន​នៅតែ​បន្ត​ធ្វើការ​រំឭកខួប​ជា​រៀងរាល់​ឆ្នាំ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ហើយ​កាល​ពីពេលថ្មីៗ​នេះ រដ្ឋាភិបាល​ចិន​ទើប​នឹង​បាន​ស្នើ​សុំ​ឲ្យ​អង្គការ​យូណេស្កូ​បញ្ចូល​ហេតុការណ៍​នៅ​ណានជីង​នេះ ទៅក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក។

នៅ​ឆ្នាំ​១៩៣៩ នៅពេល​ដែល​សង្រ្គាម​លោកលើកទី២​ចាប់ផ្តើម​ផ្ទុះឡើង ប្រទេស​ចិន​ត្រូវ​បែងចែក​ជា​៣ផ្នែក៖ មួយផ្នែក​ខាង​កើត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន ខាងលិច​និង​ខាង​ត្បូង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កងទ័ព​ចាង កាយចៀក ចំណែក​ពួក​កុម្មុយនិស្ត​គ្រប់គ្រង​តំបន់​តូចមួយ នៅ​ប៉ែក​ពាយ័ព្យ។ ជាផ្លូវការ រដ្ឋាភិបាល​សាធារណរដ្ឋ​របស់​ចាង កាយចៀក និង​កងឧទ្ទាម​កុម្មុយនិស្ត​របស់​ម៉ៅ សេទុង គឺ​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា។ ក៏ប៉ុន្តែ សម្ព័ន្ធភាព​នេះ​មាននៅលើ​តែ​ក្រដាសប៉ុណ្ណោះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    លេនីន៖ ​ស្ថាបនិក​នៃ​បក្ស​កុម្មុយនិស្ត​រុស្ស៊ី

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    បដិវត្តន៍​រុស្ស៊ី​ឆ្នាំ​១៩១៧ ​(បដិវត្តន៍​ខែ​តុលា)

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    ភាពរុងរឿង​និង​ការ​ធ្លាក់ចុះ​នៃ​ចក្រភព​ម៉ុងហ្គោល​ក្រោយ​អធិរាជ​ជិនហ្គីស ខាន់

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    ចក្រភព​ម៉ុងហ្គោល​ក្រោម​អធិរាជ​ជិនហ្គីស ខាន់

    ស្វែងយល់បន្ថែម

  • អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ …

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ