អានតួអត្ថបទ
កម្ពុជា

ក្រៅ​ពី​នាំចូល​អង្ករ​១០​ម៉ឺន​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៦​ទៅ ​ចិន​ក៏​ជួយ​នាំ​ចូល​កៅស៊ូ​ពី​កម្ពុជា​ដែរ

ចិន​បាន​សន្យា​ថា​នឹង​ជួយ​ជំរុញ​ការ​នាំចូល​កៅស៊ូ​ពី​ប្រទេស​កម្ពុជា​។ ការ​សន្យា​នេះ​ត្រូវ​បាន​ធ្វើឡើង​តាម​រយៈការ​ចុះ​អនុសារណៈ​យោគ​យល់​គ្នា រវាង​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​កម្ពុជា ​និង​ក្រសួង​កសិកម្ម​​ចិន​។ លោក​កៅ គឹម​ហួន ​រដ្ឋ​មន្ត្រី​ប្រតិ​ភូអម​នាយក​រដ្ឋ​មន្ត្រី​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ​នៅ​វេលា​ម៉ោង​១២ ​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​ ១៧ ​តុលា​នេះ ​នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ​បន្ទាប់​ពី​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​មក​ដល់​កម្ពុជា​វិញ​។ ​

ចម្ការ​កៅស៊ូ​កម្ពុជា
ចម្ការ​កៅស៊ូ​កម្ពុជា ©RFI-សុខលីម
ផ្សាយពាណិជ្ជកម្ម

កម្ពុជានិង​​ចិន​​បាន​ចុះអនុសារណៈ​យោគយល់​គ្នា​លើការ​នាំ​កៅស៊ូ​ពី​កម្ពុជា​ទៅ​ចិន​។ MOU​ នេះត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​រយៈ​ពេល​៥​ថ្ងៃ នៅ​ក្នុង​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី ១២ ​ដល់ ​១៧​តុលា​។ ក្រៅ​ពី​កៅ​ស៊ូ ​ចិន​ក៏​បាន​សន្យា​ថា​នឹង​នាំ​អង្ករ​កម្ពុជា​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​បាន​១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ​ចាប់​ពី​ឆ្នាំ​ ២០១៦​ត​ទៅ​ផង​ដែរ​។

គួរ​ជម្រាបថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​កៅស៊ូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចុះ​ជា​គំហុក​ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ដាំកៅ​ស៊ូ​ជា​លក្ខណៈ​គ្រួសារ​មួយ​ចំនួន​បង្ខំ​ចិត្ត​ កាប់​កៅស៊ូ​ចោល​ និង​ដាំដំណាំ​ផ្សេង​ទៀត ​ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​ចំ​ណាក​ស្រុក​ ដោយ​សារ​តែ​តម្លៃ​កៅ​ស៊ូ​មិន​អាច​ឲ្យ​ពួកគាត់​ដាំ​បាន​ត​ទៅ​ទៀត​ និង​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​គ្មាន​ការងារ​ធ្វើ​។ហើយ​បច្ចុប្បន្ន​នេះ ​កម្ពុជា​ មាន​ផ្ទៃ​ដី​ដាំ​កៅស៊ូ​ប្រមាណ​ ៣៥៨,០០០​ហិកតា ​និង​ការ​ដាំ​ជា​លក្ខណៈ​គ្រួសារ​មាន​តែ​១៥០,០០០​ហិកតា​ ឬ​៤០%​ នៃ​ផ្ទៃ​ដីដាំ​កៅស៊ូ​សរុប​ប៉ុណ្ណោះ​។

កាល​ពី​ខែ​ឧសភា​ក​ន្ល​ង​ទៅ​នេះ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ លោក ​អ៊ុក ​រ៉ា​ប៊ុន ​បាន​ថ្លែង​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​របស់រដ្ឋ​មន្ត្រី​សមាគម​បណ្តា​ប្រទេស​ ផលិត​កៅ​ស៊ូធម្ម​ជាតិ​ ថា​ក្រុម​បណ្តា​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ និង​សម្រេច​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​មួយ ​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​តម្លៃ​ទីផ្សារ​កៅស៊ូ​នៅ​ក្នុង​តំបន់​ ក៏​ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល​ផងដែរ​។ ហើយការ​សម្រេច​នឹងធ្វើ​ឡើង​នៅក្នុង​កិច្ច​ប្រជុំ ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ នៅ​ខែ​តុលា​នេះ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ