អានតួអត្ថបទ
ចិន​

១៥%​នៃ​ប្រទេស​ចិន​មាន​ផ្សែង​ពុល​ហួស​បទដ្ឋាន​សុវត្ថិភាព

កំរិត​ផ្សែង​ពុល​ក្នុង​បរិយាកាស​បាន​គ្រប​ដណ្តប់​ផ្ទៃ​មេឃ​ចិន តាំងពី​ជាង​មួយ​សប្តាហ៍​មក ហើយ បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​ប្រតិកម្ម​យ៉ាង​ផុស​ផុល តាម​ប្រព័ន្ធ​សង្គម។ ពល​រដ្ឋ​ចិន​ម្នាក់​បាន​ថែម​ទាំង​ហ៊ាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង​អាជ្ញាធរ​ក្រុង​ដែល​គ្មាន​​​ចំណាត់​ការ​ល្អ​ទប់​ទល់​នឹង​ការ​បញ្ចេញ​ផ្សែង​ពុល។ ចំណែក​លោក​ ស៊ីជីនពីង ប្រធានាធិបតី​​ល្បី​ថា​ស្និទ្ធ​នឹង​រាស្ត្រ​ ក៏​បាន​ចេញ​ដើរ​តាម​ផ្លូវ​ក្នុង​ក្រុង​ប៉េកាំង ដែល​អួរ​អាប់​ទៅ​ដោយ​ផ្សែង​ពុល​​។

អាជ្ញាធរ​ណែនាំ​ឱ្យ​បណ្តា​ជន​ចិន​ពាក់​ម៉ាស ព្រោះ​ដង់ស៊ីតេនៃ​សារធាតុ​ល្អិតក្នុង​ខ្យល់​ឡើង​ខ្ពស់​ហួស​បទដ្ឋាន​សុវត្ថិភាព​អន្តរជាតិ
អាជ្ញាធរ​ណែនាំ​ឱ្យ​បណ្តា​ជន​ចិន​ពាក់​ម៉ាស ព្រោះ​ដង់ស៊ីតេនៃ​សារធាតុ​ល្អិតក្នុង​ខ្យល់​ឡើង​ខ្ពស់​ហួស​បទដ្ឋាន​សុវត្ថិភាព​អន្តរជាតិ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ចិន​បានចេញ​ក្រិត្យ​​ ​ ហាម​ប្រាម​មិន​ឱ្យ​ប្រជាជន​ប្រើ​ប្រាស់​យានយន្ត​ ក្នុង​ករណី​មិន​ចាំ​បាច់ និង​បាន​ណែ​នាំ​ឱ្យ​បណ្តាជន​គ្រប់​រូប​ពាក់​ម៉ាស ឬ​ផ្អាក​សកម្មភាព​កីឡា ព្រោះ​ដង់ស៊ីតេ​នៃ​ជាតិ​ពុល​ក្នុង​ខ្យល់​ បាន​ឡើង​ដល់​កំរិត​ខ្ពស់​ លើស​បទដ្ឋាន​សុវត្ថិភាព​​អង្គការ​សុខភាព​ពិភពលោក​ដល់​ទៅ ១៦​ដង។ សារធាតុ​ល្អិតឆ្មារ តូច​បំផុត​និង​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​សុខភាព កំពុង​​រសាត់​ពេញ​ខ្យល់ មេឃ​ចុះ​​អ័ព្ទ គ្មាន​ពន្លឺ​ព្រះ​អាទិត្យ​ តាម​ផ្លូវ​អួរអាប់​មើល​ស្ទើរ​លែង​​យល់អ្វី ត្រឹម​ចម្ងាយ​​១០០​ម៉ែត្រ​ពី​គ្នា​សោះ។

កំរិត​ខ្យល់​ពុល​ក្នុង​បរិយាកាស​បាន​ឡើង​ដល់ថ្នាក់​​​អាសន្នខ្លាំង​ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ​បានបង្ក​ជា​ភ័យ​ស្លន់​ស្លោ រោងចក្រ​សហគ្រាស​នៅ​ក្រុង​ប៉េកាំង​ប្រមាណ​ជាង​១៥០​ បាន​ផ្អាក​ដំណើរ​តាំង​ពី​ថ្ងៃ​អង្គារ​ម្សិលមិញមក។ ជាង​នេះ​ទៅ​ទៀត​ ម៉ាស​ដែល​អាជ្ញាធរ​ណែនាំ​ឱ្យ​ពាក់ ម៉ាស៊ីន​កាត់ប​ន្ថយ​ផ្សែង​ពុល បាន​លក់​ដាច់​អស់ ​គ្មាន​សល់​​ពី​ឃ្លាំងទេ។ គេ​ត្រូវ​រង់ចាំ​ដល់​ខែ​មេសា​ ទើប​អាច​រក​ផលិតផល​ម៉ាស​ដង្ហើម​ ប្រកប​ដោយ​ប្រសិទ្ធិភាពបាន។

ដើម្បី​រំងាប់​ការ​ព្រួយ​បារម្ភ​ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ លោក​ប្រធានាធិបតី​ ស៊ីជីនពីង បាន​រៀបចំ​ចុះ​ជួប​សួរ​សុខ​ទុក្ខ​ពលរដ្ឋរស់​នៅ​ក្រុង​ប៉េកាំង ក្នុង​សង្កាត់​​ចំណាស់​មួយ ដោយ​គ្មាន​ពាក់​ម៉ាស​ការពារ​។ ការចុះ​ជួប​ដើម្បី​បង្ហាញ​ពី​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ពលរដ្ឋ ប៉ុន្តែ​មិន​ប្រាកដ​ថានឹង​បាន​ទទួល​ការ​ស្វាគមន៍​​ស្មោះ​ស្ម័គ្រ​ឡើយ។

គេ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ដល់​ថ្ងៃ​ស្អែក​ទើប​បរិយាកាស​អាច​ប្រសើរ​ឡើង​វិញ​បាន។ កំណើន​ខ្យល់​ពុល​ក្នុង​បរិយាកាស​នេះ​ ដែល​បើតាម​អាជ្ញាធរ​ គឺ​បណ្តាល​មក​ពី​​សកម្មភាព​ដ៏​ខ្លាំង​ក្លា​របស់​មជ្ឈមណ្ឌល​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​ក្នុង​អំឡុងពេល​រដូវ​រងា។

ចិន​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ ដែល​មាន​ម៉ាស៊ីន​ឧស្សាហកម្ម​ដំណើរ​ការ​យ៉ាង​ខ្លាំង​នេះ ​ប្រឈម​មុខ​កាន់​ញឹក​ញាប់​ឡើង​នឹង​​បរិយាកាស​ពុល​ខ្លាំង​យ៉ាង​ដូច្នេះ ប៉ុន្តែ​ជា​លើក​ទី​មួយ មាន​ជនជាតិ​ម្នាក់​ រស់​នៅ​ក្នុង​ខេត្ត​ហេបី បាន​សម្តែង​ក្តី​កា្លហាន ដាក់​ពាក្យ​បណ្តឹង​​ទៅ​តុលាការ​ប្រឆាំង​នឹង​អសមត្ថភាព​របស់​អាជ្ញាធរ​ក្នុង​ការ​កាត់​បន្ថយ​ផ្សែង​ពុល។ ពាក្យ​បណ្តឹង​នេះ​មាន​តម្លៃ​ជា​និមិត្ត​រូប​យ៉ាង​ខ្លាំង ព្រោះ​បញ្ហា​បរិស្ថាន​ជា​សំណុំ​រឿង​ដ៏​រសើប​បំផុត​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​ដូច​យ៉ាង​ចិន​នេះ។

រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​​ជា​ច្រើន​ក្នុង​បំណង​កាត់​បន្ថយ​​ការ​បំពុល​បរិយាកាស ប៉ុន្តែច្បាប់​នេះ​ពុំសូវ ឬ​ត្រូវ​បាន​អនុវត្តតាម​ឡើយ។ សូម​បញ្ជាក់​ថា​បើ​តាម​ការ​សិក្សា​ចុងក្រោយ របស់​ក្រុម​អ្នក​ឯកទេស​ចិន ពេល​នេះ​ផ្ទៃដី​ចិន​ចំនួន​​១៥% រងគ្រោះ​មាន​ផ្សែង​ពុល​ ជាពិសេស​ខេត្ត​ឧស្សាហកម្ម​នៅ​ភាគ​ខាង​ជើង​និង​ប៉េកាំង​ ហួស​បទ​ដ្ឋាន​សុវត្ថិភាព​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ