អានតួអត្ថបទ
ចិន

សមាជ​បក្ស​កុម្មុយនិស្ត​ចិន​ចាប់បើក​ជា​ផ្លូវការ​ដើម្បី​ផ្លាស់ប្តូរ​មេដឹកនាំ

បន្ទាប់​ពី​អាមេរិក កាល​ពីថ្ងៃអង្គារ នៅថ្ងៃ​ព្រហស្បតិ៍នេះ ដល់​វេន​ចិន​ម្តង ដែល​ត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី។ សមាជ​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចាប់ផ្តើម​បើក​ធ្វើ​ជា​ផ្លូវការ នៅ​ព្រឹកមិញ ហើយ​នៅ​ក្នុង​សមាជ​រយៈពេល​មួយសប្តាហ៍​នេះ បក្ស​កុម្មុយនិស្ត​ចិន​នឹង​​ធ្វើការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី ចាប់តាំង​ពី​សមាជិក​គណៈ​មជ្ឈិម រហូតដល់​អគ្គលេខា​បក្ស។ ផ្ទុយ​ពី​អាមេរិក ដែល​គេ​ត្រូវ​រង់ចាំ​លទ្ធផល​បោះឆ្នោត​​ទើប​ដឹង​ឈ្មោះ​មេដឹកនាំ​ថ្មី នៅ​ចិនវិញ គេ​បាន​ដឹង​ជាមុន​ទៅហើយ​​ថា​អ្នកណា​ដែល​នឹង​ត្រូវ​ឡើង​មក​ស្នងតំណែង​ពីលោក​ហ៊ូ ជីនតាវ។

អតីត​ប្រធានាធិបតី (កណ្តាល) ប្រធានាធិបតីបច្ចុប្បន្ន (ឆ្វេង) និង​អនាគត​ប្រធានាធិបតី​ចិន ក្នុង​សមាជ​បក្ស​កុម្មុយនិស្ត​ចិន ថ្ងៃទី៨ វិច្ឆិកា ២០១២
អតីត​ប្រធានាធិបតី (កណ្តាល) ប្រធានាធិបតីបច្ចុប្បន្ន (ឆ្វេង) និង​អនាគត​ប្រធានាធិបតី​ចិន ក្នុង​សមាជ​បក្ស​កុម្មុយនិស្ត​ចិន ថ្ងៃទី៨ វិច្ឆិកា ២០១២ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចន្លោះ​ពេលគ្នា​តែ​ប៉ុន្មាន​ថ្ងៃ ​ចិន និង​អាមេរិក សុទ្ធតែ​ត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី ហើយ​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​ក្នុង​ប្រទេស​ទាំងពីរ​នេះ សុទ្ធតែ​ទាក់ទាញ​ចំណាប់​អារម្មណ៍យ៉ាងខ្លាំង​ពី​ស្ទើរតែ​គ្រប់ប្រទេស​នៅទូទាំង​ពិភពលោក។ នេះគឺ​ដោយសារ​តែ​ចិន និង​អាមេរិក ​សុទ្ធតែ​ជា​មហាអំណាច​ពិភពលោក ហើយ​នយោបាយ​ក្នុង​ប្រទេស​ទាំងពីរនេះ ​អាច​មាន​ផលប៉ះពាល់​ទៅដល់​ពិភពលោក​ទាំងមូល។

ក៏ប៉ុន្តែ ខុសពី​សហរដ្ឋ​អាមេរិក ដែល​មេដឹកនាំ​ត្រូវ​ជ្រើសរើស​តាមរយៈ​ការ​បោះឆ្នោត​ជាតិ ហើយ​គេ​ត្រូវ​រង់ចាំ​ក្រោយ​ការ​បោះឆ្នោត​ទើបដឹង​អ្នក​ឈ្នះ អ្នកចាញ់ នៅ​ចិន​វិញ ជា​ប្រទេស​ដឹកនាំ​ដោយ​បក្ស​តែមួយ ហើយ​ឈ្មោះ​មេដឹកនាំ​ថ្មី​ត្រូវ​បាន​គេ​ដឹង​ជា​យូរណាស់មកហើយ គឺ​លោក​ស៊ី ជីនពីង (Xi Jinping) នឹង​ត្រូវ​ឡើង​មក​ជំនួស​លោក​ហ៊ូ ជីនតាវ ជា​អគ្គលេខា​បក្ស និង​បន្ទាប់មក​ជា​ប្រធានាធិបតី ចំណែក​តំណែង​នាយករដ្ឋមន្រ្តី​របស់​លោក​វេន ជាប៉ាវ វិញ នឹង​ត្រូវ​ផ្ទេរ​ទៅឲ្យ​លោក​លី ខឺឈាំង (Li Keqiang) បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្រ្តី។

អ្វី​ដែល​គេ​នៅទន្ទឹង​រង់ចាំ​មើល ក្នុង​សមាជ​បក្ស​កុម្មុយនិស្ត​ ដែល​បើក​ធ្វើ​នៅ​ព្រឹកមិញ​នេះ គឺ​សមាសភាព​នៃ​​គណៈអចិន្រ្តៃយ៍ ដែល​​មាន​សមាជិក​ទាំងអស់ ៩រូប ហើយ​ជា​ស្ថាប័ន​ដែល​មាន​អំណាច​កំពូល​​ក្នុង​បក្ស។ គេ​រង់ចាំមើល​ថា តើ​សមាជិក​ថ្មីនៃ​គណៈអចិន្រ្តៃយ៍​នេះ​ភាគច្រើន​ជា​អ្នក​មាន​គំនិត​អភិរក្ស​និយម ឬ​ក៏​ជា​អ្នក​កំណែទម្រង់​និយម?

នៅ​ក្នុង​សុន្ទរកថា​បើក​សមាជបក្ស នៅព្រឹកមិញ​នេះ លោក​ហ៊ូ ជិនតាវ បានលើកឡើង​​ពី​ភាពចាំបាច់ ដែល​ចិន​ត្រូវតែ​ធ្វើ​កំណែទម្រង់​ ទាំង​ខាង​សេដ្ឋកិច្ច និង​ខាង​នយោបាយ ក៏ប៉ុន្តែ លោក​ក៏​បាន​បញ្ជាក់​ផងដែរថា កំណែទម្រង់​ទាំងនេះ​ត្រូវតែ​ធ្វើឡើង​ដោយ​ប្រយ័ត្ន​ប្រយែង។

លោក​ហ៊ូ ជិនតាវ​ ក៏​បាន​​ធ្វើការ​ព្រមាន​ផងដែរ ពី​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​អំពើ​ពុករលួយ​ ដែល​​ចិន​ចាំបាច់​ត្រូវ​តែ​លុបបំបាត់​ឲ្យបាន។ លោក​បាន​សង្កត់ធ្ងន់ថា អ្នកណា​ដែល​រំលោភ​ច្បាប់ ត្រូវតែ​នាំ​ទៅ​ជំនុំជម្រះ​នៅ​តុលាការ បើទោះជា​អ្នកនោះមាន​តំណែង​ធំប៉ុណ្ណា​ក៏ដោយ។

គួររំឭកឡើងវិញ​ថា លោក​ប៉ូ ស៊ីឡៃ ដែល​ជា​អតីត​មន្រ្តី​ជាន់ខ្ពស់ និង​មាន​ឥទ្ធិពល ​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន ទើប​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស និង​ពី​សភា​ ហើយ​កំពុង​ប្រឈមមុខ​នឹង​តុលាការ​ ពីបទ​ពុករលួយ និង​ការ​ប្រើ​អំណាច​ដោយ​ខុសច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ