ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
អាស៊ី

ចិន​ព្រមាន​ពី​​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​សាជាថ្មី​ដែល​អាច​កាន់តែ​ធ្ងន់ធ្ងរ​ជាងមុន

media កម្មវិធី​ជំរិតទារប្រាក់​ដែល​ចិន​ទាញសញ្ញា​អាសន្ន​នៅពេលនេះ​មាន​ឈ្មោះ​ថា UIWI REUTERS/Kacper Pempel

ចិន​បាន​ចេញ​សេចក្តីប្រកាស​ជាសាធារណៈមួយ កាលពីថ្ងៃ​ពុធ​ម្សិលមិញ​ ជំរុញ​ឲ្យ​គ្រប់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ប្រព័ន្ធ​ Windows ទាំងអស់​បង្កើន​ការ​ប្រុងប្រយ័ត្ន ដើម្បីទប់ទល់​នឹង​ការ​វាយប្រហារ​ដោយ​កម្មវិធី​ជំរិតទារប្រាក់​​ថ្មីមួយទៀត ដែល​​មាន​​ទ្រង់ទ្រាយ​ស្រដៀងគ្នា​នឹង​ការ​​វាយប្រហារ​កាល​ពី​សប្តាហ៍​មុន​ ក៏ប៉ុន្តែ អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ​ជាង។

សេចក្តីប្រកាស​ទាញសញ្ញា​អាសន្ន​កាលពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​ជាតិ​ចិន​ទទួលបន្ទុក​ខាង​ទប់ស្កាត់​ការ​វាយប្រហារ​ពី​មេរោគ​កុំព្យូទ័រ ដែល​បាន​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ប្រព័ន្ធ Windows ទាំងអស់​ធ្វើការ​បន្ទាន់សម័យ​កុំព្យូទ័រ​របស់​ខ្លួន ដោយ​ប្រើ​ Patch ថ្មី​ចុងក្រោយបំផុត ចេញដោយ​ក្រុម​ហ៊ុន Microsoft។
 
រហូតមកទល់នឹងពេលនេះ គេ​នៅមិនទាន់​ដឹងច្បាស់នៅឡើយទេ​ថា តើ​មាន​តម្រ៉ុយអ្វី ដែលនាំ​ឲ្យ​ចិន​ទាញ​សញ្ញា​អាសន្ន​បែបនេះ។ គេ​គ្រាន់តែ​ដឹង​ថា មេរោគ​កុំព្យូទ័រ​ដែល​ចិន​ទាញ​សញ្ញាអាសន្ន​នេះ គឺ​ជា​ប្រភេទ​កម្មវិធី​ជំរិត​ទារប្រាក់ (Ransomware) ស្រដៀងគ្នា​នឹង​​កម្មវិធី ដែល​គេ​ប្រើ​ក្នុងកា​រវាយប្រហារ​នៅ​ទូទាំង​ពិភពលោក កាល​ពីសប្តាហ៍​មុន។
 
យោងតាម​អ្នក​ជំនាញ​ខាង​​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធ័រនែត​ម្នាក់​មក​ពី​ដាណឺម៉ាក មេរោគ​កុំព្យូទ័រ​ដែល​ចិន​កំពុង​ធ្វើ​ឲ្យ​ចិន​ព្រួយបារម្ភ​នេះ​បាន​លេចមុខឡើង​ខ្លះៗ​ហើយ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ក៏ប៉ុន្តែ មិនទាន់​វាយលុក​ចូល​ទៅ​ក្នុង​ប្រទេស​ចិន​នៅឡើយទេ។ ម្យ៉ាងទៀត មេរោគ​កុំព្យូទ័រ​ថ្មីនេះ​ថ្វីដ្បិត​តែ​​មាន​ការ​រីកសាយភាយ​ក្នុងល្បឿន​យឺតជាង​មេរោគ​កាល​ពីសប្តាហ៍​មុន ក៏ប៉ុន្តែ ពិបាក​ទប់ទល់​ជាង។
 
អ្នក​ជំនាញ​ខាង​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធ័រនែត​ម្នាក់ទៀត​មក​ពី​អូស្រ្តាលី​បាន​ធ្វើការ​កត់សម្គាល់ថា ចំណុចខ្សោយ​របស់​ចិន នៅ​ក្នុងការ​ប្រឈមមុខ​នឹង​កម្មវិធី​ជំរិតទារប្រាក់​នេះ គឺ​នៅត្រង់ថា អ្នក​ប្រើប្រាស់​កុំព្យូទ័រ​នៅ​ចិន​ភាគច្រើន​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​ដែល​លួចចម្លង ដែល​ងាយ​នឹង​រង​ការវាយប្រហារ​ពី​មេរោគ​កុំព្យូទ័រ។ ហើយ​​អាជ្ញាធរ​ចិន​ប្រហែល​ជា​បាន​មើលឃើញ​កាន់តែច្បាស់​ពី​ចំណុចខ្សោយ​នេះ នៅ​ក្នុង​ការ​វាយប្រហារ​កាលពី​សប្តាហ៍មុន ទើប​ចិន​ចេញសេចក្តីប្រកាស​ទាញ​សញ្ញាអាសន្ន​នៅ​ពេលនេះ។
 
គួររំឭកឡើងវិញ​ថា ការវាយប្រហារ​តាមអ៊ីនធ័រនែត ដោយ​ប្រើ​កម្មវិធី​ជំរិត​ទារប្រាក់ កាល​ពីសប្តាហ៍មុន បាន​ប៉ះពាល់​ដល់​ស្ទើរតែ​គ្រប់ប្រទេស​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ហើយ​នៅ​ចិន មាន​ស្ថាប័ន​ប្រមាណ​ជិត ៣ម៉ឺន ត្រូវ​រងផលប៉ះពាល់ ទាំង​ស្ថាប័ន​រដ្ឋ និង​ស្ថាប័ន​ឯកជន៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ