អានតួអត្ថបទ
ចិន-ហ្វីលីពីន

នាវាចិន​ចាកចេញពី​តំបន់សមុទ្រ​ជាប់​ជម្លោះ​ក្រោយ​ទស្សនកិច្ច​របស់​លោក​ឌុយទែរតេ

នាវាល្បាតដែនសមុទ្រ​របស់​ចិន​បាន​ចាកចេញ​ពី​តំបន់​​ប្រជុំកោះ​ជាប់ជម្លោះ​ជាមួយ​ហ្វីលីពីន​ហើយ។ នេះ​គឺ​ជា​ការ​អះអាង​របស់​មន្រ្តី​រដ្ឋាភិបាល​ក្រុង​ម៉ានីល នៅថ្ងៃ​សៅរ៍នេះ។ ការដក​នាវាល្បាត​ចិន​នេះ​បាន​កើតមានឡើង​ តែប្រមាណ​ជា​មួយសប្តាហ៍ប៉ុណ្ណោះ ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ឌុយទែរតេ ទៅកាន់​ប្រទេស​ចិន ដែល​នៅ​ទីនោះ លោក​បាន​ធ្វើការ​វាយប្រហារ​ខ្លាំងៗ​ទៅលើ​សហរដ្ឋ​អាមេរិក។

តំបន់ប្រជុំកូនកោះ Scarborough នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជា​តំបន់​ជាប់ជម្លោះ រវាង​ចិន និង​ហ្វីលីពីន
តំបន់ប្រជុំកូនកោះ Scarborough នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជា​តំបន់​ជាប់ជម្លោះ រវាង​ចិន និង​ហ្វីលីពីន CC / NASA
ផ្សាយពាណិជ្ជកម្ម

តំបន់​ Scarborough ដែល​បណ្តុំ​ទៅដោយ​កូនកោះ​តូចៗ ដោយខ្លះ​ត្រឹមតែ​ជា​ពំនូកខ្សាច់​ចេញផុត់ពីផ្ទៃទឹក​តែ​បន្តិចនោះ គឺ​ជា​តំបន់​ជាប់ជម្លោះ​ដ៏​ក្តៅគគុក​មួយ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង រវាង​ចិន និង​ហ្វីលីពីន។ តំបន់​នេះ ដែល​ស្ថិត​នៅ​ត្រឹមតែ​ចម្ងាយ​ប្រមាណ​ជា​ពីររយ​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ហ្វីលីពីន ត្រូវបាន​នាវាល្បាត​ដែន​សមុទ្រ​ចិន​ចូល​កាន់កាប់ និង​បណ្តេញ​ទូកនេសាទ​ហ្វីលីពីន​ចេញ តាំង​ពី​ឆ្នាំ​២០១២។

ជម្លោះ​នេះ​ហើយ​ដែល​បាន​រាលដាល​ រហូត​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន ក្រោម​ការដឹកនាំ​របស់​លោក​អាគីណូ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្រុងឡាអេ កាលពីឆ្នាំ២០១៣។ តុលាការ​បាន​សម្រេច​ឲ្យ​ចិន​ជា​អ្នក​ចាញ់ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​បាន​បដិសេធ​មិន​គោរព​តាម។ ចំណែក​ឯ​លោក​ឌុយទែរតេ ដែល​ទើប​នឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី ក៏​បាន​​ទុក​សេចក្តីសម្រេច​នេះ​មួយអន្លើ ដោយ​ព្យាយាម​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយចិន ក្នុងពេល​កំពុងមាន​ភាពប្រេះឆា​ខ្លាំង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ។

កាលពីសប្តាហ៍​មុន លោក​ឌុយទែរតេ នៅ​ក្នុង​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ បាន​ប្រកាស​ក្តែងៗ​ ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​អាមេរិក ដោយ​ចង់​ងាក​ទៅ​ចងសម្ព័ន្ធភាព​ជាមួយ​នឹង​ចិន និង​រុស្ស៊ី​វិញ។ លោក​ប្រធានាធិបតី​ហ្វីលីពីន​ក៏​បាន​ថ្លែងផងដែរ​​ពី​ចេតនា​ចង់​ទុក​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មួយ​អន្លើសិន ដោយ​មិន​ចាំបាច់​​លើក​យក​ជជែក​គ្នា​នៅពេលនេះ ហើយ​កាយវិការនេះ​ទំនង​ជា​កំពុងតែ​ហុចផល​ដល់​ហ្វីលីពីន។

នៅ​ក្រោយ​បញ្ចប់​ទស្សនកិច្ច លោក​ឌុយទែរតេ​បាន​បង្ហើប​ឲ្យដឹង​ថា “ទូកនេសាទ​ហ្វីលីពីន​ប្រហែល​ជា​នឹង​អាច​វិលត្រឡប់​ទៅកាន់​តំបន់ Scarborough វិញ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ”។ ហើយ​នៅថ្ងៃ​សៅរ៍​នេះ មន្រ្តី​អ្នក​នាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអែហ្វប៉េ​ថា “គេលែងឃើញ​មាន​វត្តមាន​នាវាល្បាត​របស់​ចិន នៅ​ក្នុង​តំបន់​ជម្លោះ​នេះ​ទៀត​ហើយ” ហើយថា “នេះ​គឺ​ជា​ការវិវឌ្ឍ​ជា​វិជ្ជមាន​មួយ នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ចិន-ហ្វីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ