អានតួអត្ថបទ
ចិន

តុលាការ​កំពូល​ចិន ​ជំរុញ​ឱ្យ​ជំនុំ​ជម្រះ​បណ្តឹង​​ទាក់ទង​​នឹង​ការ​លួច​​កម្មសិទ្ធបញ្ញា​

តុលាការ​កំពូល​ចិន នឹង​សម្រេច​ជំនុំ​ជម្រះ​កាត់​សេចក្តី ទៅលើ​បណ្តឹង​ទាំងឡាយ ពាក់​ព័ន្ធ​​នឹង​ការ​លួច​កម្មសិទ្ធបញ្ញា។ ការ​ជំនុំជម្រះ​ គឺ​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ដើមខែមករា​ឆ្នាំ​២០១៩នេះ។ ការ​ប្រកាស​របស់​អាជ្ញាធរ​ចិនយ៉ាង​​ដូច្នេះ គឺ​ជាលើក​ទី១ នៅក្នុង​ប្រវត្តិ​ទំនាស់​ផ្នែក​ពាណិជ្ជកម្ម​និង​ជំនួញ ​នៅ​ស្រុក​ចិន។

រូប​តំណាង ទេសចរ​ថតរូប​ នៅមុខ​រូប​សញ្ញាទង់​ជាតិ​បក្ស​កុម្មុយនីស្ត​ចិន​
រូប​តំណាង ទេសចរ​ថតរូប​ នៅមុខ​រូប​សញ្ញាទង់​ជាតិ​បក្ស​កុម្មុយនីស្ត​ចិន​ JOHANNES EISELE / AFP
ផ្សាយពាណិជ្ជកម្ម

​បណ្តឹងសារទុក្ខ នឹង​ត្រូវ​តុលាការ​កំពូល​ចិន យក​ចិត្ត​ទុក​ដាក់​ជំនុំ​ជម្រះ​ ចាប់​ពី​ឆ្នាំ​ថ្មី​នេះតទៅ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អនុប្រធាន​តុលាការ​កំពូល Luo Duongchan​ ដែល​បាន​ផ្សាយ​នៅក្នុង​កាសែត​រដ្ឋ​ចិន​។​ សេចក្តី​សម្រេចចិត្ត​​នេះ គឺ​នឹង​ផ្តល់​ប្រយោជន៍ ឲ្យ​ជៀសវាង​ការ​កាត់​​ក្តី​មិន​ប្រក្រតីចំពោះ​ពាក្យ​ប្តឹងជុំវិញ​ការ​លួច​ចម្លង​កម្មសិទ្ធបញ្ញា​ ហើយ​ក៏នឹង​បង្កើត​គុណភាព​នៃ​ដំណើរ​ការស្វែង​រក​យុត្តិធម៌​​ផង​ដែរ។ នេះបើតាម​ការ​បញ្ជាក់​របស់​អនុប្រធាន​តុលាការ​កំពូលដដែល​។

បើ​យោង​តាម​ការ​អះអាង​របស់​សារព័ត៌មាន​ Xinhua នៅក្នុង​​ឆ្នាំ​២០១៧កន្លងទៅ​ តុលាការ​ចិន បានដោះស្រាយ​ពាក្យ​ប្តឹង​ ចំនួន​ជាង​២១ម៉ឺន​ករណី ដែល​ជា​បណ្តឹង​ទាក់ទង​​នឹង​ការ​លួច​ចម្លង​កម្មសិទ្ធបញ្ញា​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ការ​ដោះស្រាយ​បណ្តឹង​នៅឆ្នាំ​២០១៧​នេះ គឺ​ច្រើន​ជាង​៤០ដង ។

ក្រៅ​ពី​ជំរុញការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ រដ្ឋាភិបាល​ចិន​ ក៏​ចាត់​វិធាន​ការណ៍​ទប់​ស្កាត់​ការ​ការ​លួច​ចម្លង​កម្មសិទ្ធបញ្ញា​ដែរ ជា​ពិសេស​គឺ​ការ​ពារ​ផលិតផល ​ដែល​​ចុះបញ្ជី​ពាណិជ្ជកម្ម​ សម្គាល់​​មាក់ទំនិញ ​ឬ​ស្លាក​សញ្ញា​ បា​នត្រឹមត្រូវ​។

បន្ថែមពីនេះ​ សភា​ប្រជាជន​ចិន ក៏​កំពុង​តែ​រៀបចំ​គម្រោង​ស្នើ​ច្បាប់​ថ្មី  អនុញ្ញាត​ឲ្យ​ជន​រងគ្រោះ​នៃ​ការ​លួច​កម្មសិទ្ធបញ្ញា​ អាច​ប្តឹង​ទាមទារ​សំណង​ជំងឺចិត្ត​និង​សំណងការខូច​ខាត​ ឲ្យ​បានសមរម្យ​ស្រប​តាម​ទំហំ​នៃការ​ខូចខាត​។ គម្រោង​ស្នើ​ច្បាប់​ថ្មីនេះ នឹង​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​ករណី​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ផ្ទេរ​ប​ច្ចេកវិជ្ជា​របស់​ខ្លួន បើ​ចង់​រក​ស៊ី​ស្រុក​ចិន។ ករណី​នេះ អាច​នឹង​ត្រូវ​លុប​ចោល ឬ​ត្រូវ​បន្ធូរបន្ថយ​។ ហើយ​ក្រុមហ៊ុន​បរទេស​ ដែល​រង​ការ​ខូច​ខាត​ដោយ​សារតែ​ការ​លួច​ចម្លង​បច្ចេកវិជ្ជា អាច​នឹង​ដាក់​ពាក្យ​ប្តឹង​ទាមទារ​សំណង​វិញបា​នដែរ។ នេះបើ​យោង​តាម​គម្រោង​ស្នើច្បាប់​ថ្មី។​

​អ្នកវិភាគ​សេដ្ឋកិច្ច​ និងអ្នក​តាម​ដាន​ស្ថានការណ៍​ស្រុក​ចិន មើលឃើញថា អាជ្ញាធរ​ចិន​ កំពុងតែ​បន្ទន់​ឥរិយាបថ ឆ្លើយបត​ជាវិជ្ជមាន​ចំពោះ​សង្គ្រាម​ពាណិជ្ជកម្មរវាង​ចិន​និង​អាមេរិក។ នៅក្នុង​សង្គ្រាមនេះ ការ​លួច​ចម្លង​កម្មសិទ្ធបញ្ញា ក៏​ជា​ដើមហេតុ​ចម្បង​មួយ​ នៃការ​ទាមទារ​របស់​អាមេរិក ចង់​ឲ្យ​ចិន​គោរព។ ជុំវិញ​ការ​មិន​គោរព​កម្មសិទ្ធបញ្ញា​នៅ​ស្រុក​ចិន​ ទាំង​អាមេរិក ទាំង​សហភាព​អឺរ៉ុប គឺសុទ្ធ​តែ​ព្រួយ​បារម្ភ​។ បើសិន​បើ​ចិនអនុវត្ត​តាម​សំណើ​ច្បាប់​ថ្មី​និង​វិធានការណ៍​ដែល​ដាក់​ចេញ​នៅពេលនេះ គឺហាក់​ដូច​​កាយ វិការ ល្អមួយ​​ឲ្យ​ប​ស្ចិមលោកកក់ក្តៅ​​ចិត្តបាន​ខ្លះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ