អានតួអត្ថបទ
ចិន

ចិន​បញ្ជូន​យានអវកាស​​គ្មាន​មនុស្ស​បើក​ទៅ​ឋានព្រះចន្ទ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ចិន​បាន​​បាញ់​បង្ហោះ​យានអវកាស​នៃ​បេសកកម្ម​ឆាំង​ហឿ​៣ ដឹក​រ៉ូបូ​ Yu Tu​ អ៊ុយ ធូ ប្រែថា​ ទន្សាយ​ថ្លើមថ្ម​ ​បញ្ជូន​​ទៅ​ឋាន​ព្រះចន្ទ​។ ​​ ដូច​បាន​គ្រោងទុក​ យានអវកាស​នេះ​បាន​​ទៅដល់​​គន្លងតារាវិថី ហើយ​នឹង​ត្រូវ​បន្តដំណើរ​ឆ្ពោះ​ទៅ​កាន់​ឋានព្រះចន្ទ។ ប្រសិន​បើ​អ្វីៗ​ដំណើរការ​ទៅ​បានស្រួល​នោះ យានអវកាស​ឆាំងហឿ៣ នឹង​ចុះចត​នៅ​ឋានព្រះចន្ទ នៅ​ពាក់កណ្តាល​ខែធ្នូ​នេះ​ខាងមុខ​នេះ។

នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ តាំងតែ​ពី​មុន​ថ្ងៃ​​រះ​ម្ល៉េះ យានអវកាសទន្សាយថ្លើមថ្ម​ បង្ហោះ​ចេញ​ពី​ខេត្តស៊ីជ័ន ភាគនិរតី​ចិន។
នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ តាំងតែ​ពី​មុន​ថ្ងៃ​​រះ​ម្ល៉េះ យានអវកាសទន្សាយថ្លើមថ្ម​ បង្ហោះ​ចេញ​ពី​ខេត្តស៊ីជ័ន ភាគនិរតី​ចិន។ Reuters/China Daily
ផ្សាយពាណិជ្ជកម្ម

នៅ​ម៉ោង​​មួយ​សាមសិប​នាទី ព្រឹកថ្ងៃចន្ទនេះ ​​ក្នុង​បេសកកម្ម​ឈ្មោះថា​ ​ឆាំងហឿ ជាលើកទី៣​ ចិន​បាន​បញ្ជូន​យានអវកាសឆាំងហឿ៣ ​​ដឹក​រ៉ូបូ​ឈ្មោះថា​ ទន្សាយ​ថ្លើមថ្ម បង្ហោះ​​​ចេញពី​​​ខេត្តស៊ីជ័ន​ ភាគនិរតី​ប្រទេសចិន​​​ ឆ្ពោះ​ទៅ​កាន់​ឋានព្រះចន្ទ​។ យាន​អវកាសឆាំងហឿ៣​ដែលដឹកយាន​ទន្សាយ​ថ្លើមថ្ម​នេះ ​បាន​​ធ្វើដំណើរ​ទៅដល់​គន្លង​​តារាវិថី​​ ដូចការគ្រោងទុក ធ្វើអោយ​អាជ្ញាធរ​​ចិន​​​ចាត់ទុក​ថា នេះជាបេសកកម្ម​ជោគជ័យ​មួយ។ ប្រសិន​​អ្វីៗ​ដំណើរការ​ទៅបាន​ល្អ យានអវកាសនេះ​ នឹង​ចុះចត​នៅ​ឋានព្រះចន្ទ នៅ​ពាក់កណ្តាល​ខែធ្នូ​នេះ​ហើយ។

បេសកកម្ម​ ឆាំងហឿ៣ គឺ​​​ដើម្បី​​​ដាក់​យានប្រតិបត្តិការ​មួយឈ្មោះថា Yu Tu ​អ៊ុយ ធូ​ ប្រែថា​ ទន្សាយ​​ថ្លើមថ្ម នៅ​ឋានព្រះចន្ទ។ ​Chang’e ក្នុង​រឿងព្រេង គឺជា​ឈ្មោះ​របស់​​ទេពធីតា​​ឋានព្រះចន្ទ ហើយ​ឈ្មោះ​របស់​យានប្រតិបត្តិការ​​​ ទន្សាយ​ថ្លើមថ្ម​​នេះ គឺ​ចិន​ចង់សំដៅ​ទៅលើ​ទន្សាយ​របស់​​ទេពធីតា​ឋានព្រះចន្ទនោះហើយ។

ទូរទស្សន៍​ជាតិចិន​បាន​​ផ្សាយផ្ទាល់​ពី​​ការបាញ់បញ្ជូន​យានអវកាស​នេះ ដែល​ជា​មោទនភាព​របស់​ជាតិ។ ចិន​ប្រហែល​ជាអាច​​បញ្ជូន​មនុស្ស​ទៅកាន់​ឋានព្រះចន្ទ នៅ​ក្រោយ​ឆ្នាំ២០២០។​ ​ចិន​សង្ឃឹម​ថា​ អាច​នឹង​​យក​សារធាតុ​នានា​នៅ​ឋាន​ព្រះចន្ទ​បាន​ នៅ​ឆ្នាំ២០១៧។

គួររំលឹកថា កាលពី​ឆ្នាំ២០០៧ ចិន​បាន​បញ្ជូន​យានអវកាស​លើកដំបូង​របស់ខ្លួន​ ឈ្មោះថា Chang’e ១ ទៅ​តារាវិថី​ជុំវិញ​ឋានព្រះចន្ទ។ យានអវកាស​​នេះ បាន​ថតរូបភាព​ផ្ទៃ​ខាងក្រៅ​​នៃឋានព្រះចន្ទ​​ និង​ពិនិត្យវិភាគ​ពី​ធាតុផ្សំ​នៃ​សារធាតុនៅទីនោះ។

នៅ​ខែ​មិថុនា​កន្លងទៅ ចិន​បាន​ទទួលជោគជ័យ​ក្នុង​បេសកម្ម​អវកាស​​​ចុងក្រោយ​មួយ​​ ដោយសារ​តែ​អ្នកអវកាស​ចិន​៣រូប បាន​ស្ថិត​​​ក្នុង​គន្លង​តារាវិថី​រយៈ​ពេល​១៥ថ្ងៃ នៅ​នឹង​កន្លែង​ពិសោធន៍​អវកាស​មួយ។ តាមរយៈ​ទីពិសោធន៍​នេះ ​ចិន​សង្ឃឹមថា អាច​នឹង​សំរេច​បាន​នូវ​ស្ថានីយ​​អវកា​ស​មួយ នៅ​កំឡុង​ឆ្នាំ២០២០៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ